ភ្នំពេញ: ជើងមាន់ គឺជាអាហារចិញ្ចើមថ្នល់ដ៏ពេញនិយមមួយមិនថាផាក់ឡូវ ចំហុយ អាំង ឬបំពងឡើយ។
កាន់តែប្លែកមួយកម្រិតទៀត នៅហាង The Street ដែលជំនាញបម្រើអាហារចិញ្ចើមផ្លូវប្រកបដោយអនាម័យ និងទីតាំងស្អាតមានផាសុកភាពនោះ ជើងមាន់ត្រូវបានច្នៃប្រឌិតជាអាហារមួយបែបផ្សេងដែលមានឈ្មោះថា «ជើងមាន់ក្រឡុក» រសជាតិឆ្ងាញ់ប្លែក។
នៅក្នុងកែវមានគម្របនោះមានជើងមាន់ចំហុយក្ដៅ អមជាមួយចានគ្រឿងផ្សំដូចជាទឹកត្រីកោះកុងហឹរ ខ្ទឹមក្រហមបំពង និងជីរពងទាកូន។
នៅពេលទទួលទានទើបភ្ញៀវបើកគម្របកែវ ចាក់ទឹកត្រីម្ទេស ខ្ទឹមក្រហមបំពង និងជីរពងទាកូន រួចច្របាច់ក្រូចឆ្មារ សឹមបិទគម្របក្រឡុកឲ្យចូលជាតិសឹមបើកគម្របញ៉ាំ។
ជើងមាន់ក្រឡុកក្នុងកែវតម្លៃត្រឹមតែ ៦ ពាន់រៀល។ The Street ដែលការតុបតែងហាងនេះមានលក្ខណៈសាមញ្ញបែបយុវវ័យ ហើយជម្រើសអាហារត្រូវបានច្នៃប្រឌិតថ្មីៗជារៀងរាល់ខែ។
ហាងស្ថិតនៅផ្ទះលេខ ២០២ ផ្លូវ ១៤៣ សង្កាត់បឹងកេងកង ២ ខណ្ឌចំការមន ទូរស័ព្ទលេខ ០១៦ ៩៣៣ ៣៨២៕