The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជ្រក់​ធាង​ត្រាវ​ខេត្ត​ស្វាយរៀង​មាន​វត្តមាន​ក្នុង​ពិធី​បង្ហាញ​ម្ហូប​ខ្មែរ

ជ្រក់​ធាង​ត្រាវ​ខេត្ត​ស្វាយរៀង​មាន​វត្តមាន​ក្នុង​ពិធី​បង្ហាញ​ម្ហូប​ខ្មែរ

ជ្រក់​ធាង​ត្រាវ​ខេត្ត​ស្វាយរៀង​មាន​វត្តមាន​ក្នុង​ពិធី​បង្ហាញ​ម្ហូប​ខ្មែរ

130402_22c
130402_22c

ភ្នំពេញ : នៅ​ពេល​ដែល​យើង​បរិភោគ​អាហារ​ប្រចាំ​ថ្ងៃ ជ្រក់​បន្លែ​គឺ​ជា​ម្ហូប​ដ៏​ចាំ​បាច់​ដែល​ជួយ​បង្កើន​រសជាតិ​ឲ្យ​មុខ​ម្ហូប​ដទៃ ក៏​ដូច​ជា​ជួយ​ឲ្យ​យើង​មិន​រងាន់​នឹង​អាហារ​ដដែល​ផង​ដែរ។

យ៉ាង​ណា​មិញ នៅ​តាម​បណ្ដា​ទីផ្សារ​នានា យើង​ឃើញ​មាន​លក់​តែ​ប្រភេទ​ជ្រក់​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ​ដូច​ជា​ជ្រក់​ត្រសក់ ស្ពៃ សណ្ដែក​បណ្ដុះ មមាញ និង​ជ្រក់​ល្ហុង​ជាដើម...។ ប្រសិន​បើ​យើង​ចង់​ប្លែក​មាត់​បន្តិច​នោះ មាន​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ដទៃ​ទៀត ទើប​បាន​ភ្លក្ស​រសជាតិ​ប្រភេទ​ជ្រក់​ថ្មីៗ។ នៅ​ទឹកដី​ខេត្ត​ស្វាយរៀង​ឯណោះ​វិញ​ក៏​ល្បី​ខាង​ជ្រក់​ធាង​ត្រាវ ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ផង​ដែរ។ ក្រឡេក​មួយ​ភ្លែត ជ្រក់​ធាង​ត្រាវ​សឹង​តែ​ច្រឡំ​នឹង​ជ្រក់​ត្រកួន ប៉ុន្តែ​រសជាតិ​របស់​វា​ពិត​ជា​មិន​ដូច​គ្នា​នោះ​ទេ​។

យោង​តាម​មេ​ចុងភៅ អូម សុគន្ធ​មារតី មក​ពី​ខេត្ត​ស្វាយរៀង ដើម្បី​ធ្វើ​ជ្រក់​ធាង​ត្រាវ យើង​ត្រូវ​ការ​គ្រឿង​ចម្បង​គឺ ធាង​ត្រាវ អំបិល និង​កូន​ពាង ឬ​ក្រឡ។

វិធី​ធ្វើ​ជ្រក់​នេះ​គឺ​ងាយ​បំផុត ដោយ​ដំបូង​យើង​ត្រូវ​យក​ធាង​ត្រាវ​ទៅ​លាង​សម្អាត​ឲ្យ​អស់​ដី រួច​សឹម​យក​មក​កាត់​ជា​កង់ៗ មុន​នឹង​យក​កំណាត់​ឬ​ស្បៃ​ទៅ​រុំ​វា ហើយ​ប្រើ​កម្លាំង​ដៃ​សង្កត់ ច្របាច់​វា​ឲ្យ​ចេញ​ទឹក​អស់។ បន្ទាប់​មក យក​ធាង​ត្រាវ​ដែល​ស្ងួត​ទឹក​ទៅ​ច្របល់​ជាមួយ​អំបិល​ឲ្យ​ចូល​ជាតិ​គ្នា មុន​នឹង​ដាក់​វា​ក្នុង​កូន​ពាង​ផ្អាប់​ទុក​រយៈ​ពេល​ប្រមាណ​ជា​២​ថ្ងៃ។

នៅ​ពេល​បរិភោគ យើង​អាច​ដួស​ជ្រក់​ធាង​ត្រាវ​មក​បរិភោគ​ដោយ​លាយ​ម្ទេស គល់​ស្លឹក​គ្រៃ ផ្កា​ស្នោ ឬ​សណ្ដែក​បណ្ដុះ​តាម​ចំណង់​ចំណូល​ចិត្ត។

មេ​ចុងភៅ អូម សុគន្ធ​មារតី អាច​ទាក់ទង​តាម​លេខ ០៩២ ៩៥ ៩៩ ២៧៕

អត្ថបទគួរចាប់អារម្មណ៍