ក្រុង​សៀមរាប: មុខម្ហូប​ខ្មែរ ដែល​ល្បី​ដល់​សហរដ្ឋអាមេរិក​តាមរយៈ​ការ​ចុះ​ផ្សាយ​ក្នុង​សារ​ព័ត៌មាន The New York Times ញាំ​ក្រអៅ​ឈូក ជា​មុខម្ហូប​អត្ដ​សញ្ញាណ​ប្រចាំ​ភោជនីយដ្ឋាន ខ្មែរ​ថាច់ (Khmer Touch) ដោយ​គ្រឿង​ផ្សំ​ចម្បង​ត្រូវ​បាន​សម្រិត​សម្រាំង​ពី​ផលិតផល​គ្រួសារ​ឈូក។

ចាប់ពី​មើម​ឈូក ក្រអៅឈូក​រហូតដល់​ស្រទាប់ផ្កា លម្អង-ឈូក និង​គ្រាប់​ឈូក បាន​ប្រែក្លាយ​ជា​គ្រឿង​ផ្សំ​គ្រួសារ​ឈូក​នៅ​ក្នុង​ចាន​ម្ហូប​ញាំ​ក្រអៅ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​ដល់​អ្នកទ​ទួល​ទាន។

លោក កែវ វុទ្ធី ជា​មេ​ចុងភៅ​មាន​បទពិសោធ​ជាង ២០ ឆ្នាំ បាន​ប្រាប់ថា៖ «គ្រឿងផ្សំ​ចម្បង​ក្នុង​ចាន​អាហារ​ញាំ​នេះ អាច​ជំនួយ​ដល់​សុខភាព​អ្នក​ទទួល​ទាន ដូចជា ការ​កាត់​បន្ថយ​ជាតិ​ខ្លាញ់ និង​ជាតិ​ពុល​ចេញ​ពី​រាងកាយ»។

ញាំ​ក្រអៅឈូក ជា​ឈ្មោះ​ម្ហូប​ត្រជាក់​ដ៏​សាមញ្ញ​បំផុត តែបើ​ក្រឡេកមើល​ការ​រចនា​លើ​ចាន​វិញ វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​យក​ចិត្ដ​ទុក​ដាក់ និង​ផ្ចិតផ្ចង់​បំផុត​របស់​មេ​ចុងភៅ។

មើម​ឈូក ក្រអៅឈូក ស្រទាប់​ផ្កា លម្អង​ឈូក និង​គ្រាប់ឈូក ស្ថិត​​ក្នុង​ចានម្ហូប​​តែមួយ​។ហុង មិនា

មើម​ឈូក​បំពង​ក្រៀម អម​ផ្កាឈូក​មួយ​ស្រទាប់​ទ្រ​បង្គា និង​បន្ថែមល្បោយ​កម្ទេច​លម្អងផ្កា​ឈូក​ឈរ​ជ្រែង​ជា ៤ ទិស អម​កំពូល​ប្រាសាទ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ចំណិត​ត្រសក់ ក្រអៅ​ឈូក គ្រាប់​ឈូក ជីរ លម្អង​ឈូក បង្គា និង​គ្រឿង​ផ្សំ​រស​ជាតិ​ជាច្រើន​ទៀត។

ញាំ​ក្រអៅឈូក​មាន​គ្រឿងផ្សំ​ចម្បង​ពី​សែស្រឡាយ​ឈូក ដូចជា ក្រអៅឈូក មើម​ឈូក ស្រទាប់​ផ្កាឈូក លម្អង​ឈូក និង​គ្រាប់​ឈូក ជាមួយ​សណ្ដែក​ដី និង​គ្រឿង​សមុទ្រ។ គ្រឿង​ផ្សំ​រស​ជាតិ​ទឹក​ជ្រលក់ រួម​មាន អំបិល ទឹកត្រី ម្ទេស​ប្លោក ក្រូច​ឆ្មារ ខ្ទឹមស ខ្ទឹមក្រហម ម្ទេស​ដៃ​នាង និង​ស្ករស ខណៈ​ភោជនីយដ្ឋាន​ខ្មែរ​មួយ​នេះ​មិន​ប្រើ​ប៊ីចេង និង​ម្សៅ​ស៊ុប​ឡើយ។

លោក កែវ វុទ្ធី រៀបរាប់​អំពី​វិធី​ញាំ​ក្រអៅឈូក ជា​ម្ហូប​ប្រចាំ​ហាង​នេះ​ថា៖ «កិន ឬ​បុក​ខ្ទឹមស ខ្ទឹមក្រហម ជាមួយ​គ្រឿង​ផ្សំ​រស​ជាតិ​ទាំង​អស់ បន្ថែម​ទឹក​ក្ដៅ​ឧណ្ហៗ និង​កូរ​ឲ្យ​រលាយ ដោយ​រោយ​ស្ករ​ស​តិច។ បើ​រស​ជាតិ​ល្មម​ហើយ រួច​យក​មក​ញាំ​ជាមួយ​គ្រឿង​ផ្សំ​សែ​ស្រឡាយ​ឈូក និង​គ្រឿង​សមុទ្រ»។

មុខម្ហូប​ញាំ​ក្រអៅឈូក​បែប​ខ្មែរ តែ​ការ​រចនា​បែប​មុខម្ហូប​បស្ចិមប្រទេស​ដ៏​ល្អ​ប្រណីត​នេះ មាន​តម្លៃ ២៤ ០០០ រៀល ឬ ៦ ដុល្លារ​ក្នុង ១ ចាន។

ភោជនីយដ្ឋាន ខ្មែរ​ថាច់ ស្ថិតនៅលើ​វិថី​ស៊ី​វុត្ថា តំបន់​បរិវេណ​ផ្សារ​ចាស់ ក្នុង​ទឹកដី​សៀមរាប​ឬ ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០៦៣ ៧៦ ៥៦ ៨៩៕