The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ញាំ​ខ្យង​កំពឹស​ត្រយូង​ចេក​ឆ្ងាញ់​ពី​ហាង Check in




ញាំ​ខ្យង​កំពឹស​ត្រយូង​ចេក​ឆ្ងាញ់​ពី​ហាង Check in

Content image - Phnom Penh Post
ម្ហូប​ញាំ​ខ្យង​កំពឹស​ត្រយូង​ចេក​នៅ​ហាង Check in។ ឈឹម ស្រីនាង

ញាំ​ខ្យង​កំពឹស​ត្រយូង​ចេក​ឆ្ងាញ់​ពី​ហាង Check in

សៀមរាប: ភោជ​នីយ​ដ្ឋាន​ Check in ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​សាលា​បញ្ញា​សាស្ត្រ​ ខេត្ត​សៀម​រាប ដែលជា​ហាង​លក់​នូវ​ម្ហូបខ្មែរ​រសជាតិ​ដើម ជាមួយ​នឹង​កន្លែង​អង្គុយ​មាន​ផា​សុក​ភាព​លម្អ​ដោយ​ដើម​ផ្កា​ឈូករ័ត្ន និង​រុក្ខជាតិ​ពណ៌​បៃតង​ស្រស់ ជាទី​គួរ​ឲ្យ​សោម​នស្ស​រីករាយ។

សប្តាហ៍​នេះ​ហាង​ឆេក អ៊ីន (Check in) បាន​លើក​យក​នូវម្ហូប​ខ្មែរ​មួយ​មុខ​ទៀត​មក​បង្ហាញ​គឺញាំ​ខ្យង​កំពឹស ត្រយូង​ចេក​ ដែលជា​ម្ហូប​បែប​ជនបទ កម្រ​មាន​អ្នក​ធ្វើ​ញ៉ាំ។

ឥឡូវ​នេះ​ខាង​ភោជ​នីយ​ដ្ឋាន​ឆេក អ៊ីន បង្ហាញ​ពី​របៀប​ងាយៗ​ក្នុងការ​ចម្អិន​មុខ​ម្ហូប​មួយ​នេះ។

សម្រាប់​ម្ហូប​ញាំ​ខ្យងកំពឹ​ស ត្រ​យូង​ចេក គឺ​ត្រូវមាន​គ្រឿង​ផ្សំ​ដូចជា ត្រយូង​ចេក កំ​ពឹស ខ្យង សាច់ជ្រូក​បីជាន់ ជីរ​នាងវង ជីរ​ថ្ពាល់​ត្រី ត្រសក់ និង​សណ្តែក​ដីលីង​បុក។

ចំណែក​គ្រឿង​ផ្សំ​រសជាតិ​មាន​ដូចជា ទឹក​ក្រូច​ឆ្មារ អំបិល ស្ករស និង​ម្សៅ​ស៊ុប។

របៀប​ធ្វើងាយៗ​គឺ​គ្រាន់តែ​យក​ខ្យង​មក​លាង​ទឹកឲ្យ​ស្អាត រួច​ដាក់វា​ស្ងោរ ឬ​ចំហុយ​ ហើយ​ឆ្កឹះ​យក​សាច់​ចេញ។ ​ចំណែក​ឯកំ​ពឹស​ក៏​ស្រុស​វា​ដែរ។

ចំពោះ​ត្រយូង​ចេក និង​ត្រសក់​គឺ​យក​វាមក​ហាន់​ស្តើង​ៗ​។ យក​ត្រយូង​ចេក កំពឹស ខ្យង សាច់​ជ្រូក​បីជាន់ ជីរនាងវង ជី​រថ្ពាល់​ត្រី ត្រសក់ ត្រូវ​រៀបចំ​ដាក់​ក្នុង​ចានធំ​សម្រាប់​ញាំ រួច​ច្របល់​បន្លែ​ទាំង​នេះ​ជាមួយ​ទឹកត្រី ទឹក​ក្រូចឆ្មារ ដោយ​បន្ថែម​គ្រឿងផ្សំ​រសជាតិ​មាន​ស្ករ និង​ម្សៅ​ស៊ុប​បន្តិច។ ចុង​ក្រោយ​ដាក់​សណ្តែក​ដីលីង​បុក និង​ហាន់​ម្ទេស​ច្របល់​ចូល​គ្នា​នោះ​ជា​ការ​ស្រេច។

នៅពេល​ព្រឹក Check in មាន​បម្រើ​បាយ​ស្រូប បាយ​ឆា​ឡុកឡាក់ បាយ​ឆាកា​ពិ​ មីឆា​បន្ទះ​ដែក ប៊ឺហ្គឺរ និង​អាហារ​ជាច្រើន​ទៀត។

រីឯ​ពេល​ថ្ងៃវិញ​ជម្រើស​ម្ហូប​គឺច្បាស់​ជា​ពេញចិត្ត​អ្នក​និយម​អាហារ​ខ្មែរ ដូចជា ស្ងោរ​ងុំា​ង៉ូវ​សាច់​មាន់ តម្លៃ​មួយ​ចាន ១២០០០ រៀល សម្លម្ជូរ​ស្រែ ១២០០០ រៀល ត្រី​សណ្តាយ​ប្រឡាក់​គ្រឿង ចៀន ១៤ ០០០ រៀល ឡុក​ឡាក់​ក្រសាំង​ទាប ១៤ ០០០ រៀល និង​ប្រហុក​លីង ១២ ០០០ រៀល ជាដើម។

ហាង Check in នៅ​ខាងកើត​សាលា​បញ្ញា​សាស្ត្រ ២០០ ម៉ែត្រ​ក្នុង​ភូមិវត្ត​បូព៌ ទូរស័ព្ទ ០៩៨ ៧៧៦ ៧៧៧ និង ០១៥ ៨៨៨ ៨៩៨៕

អត្ថបទគួរចាប់អារម្មណ៍