ភ្នំពេញ : ស្ថិតនៅខាងក្រោយវិទ្យាល័យបឹងកេងកង ភោជនីយដ្ឋានមួយជ្រកក្រោមស្លាកយីហោរូបក្ដាមដ៏ធំមួយ ដោយសរសេរថា «ក្ដាមប្រៃ»។ ហាងនេះមានមុខម្ហូបច្នៃប្រឌិតជាច្រើនដូចជា «ញាំត្រីខ» ដែលគ្រាន់តែឮឈ្មោះភ្លាម លោកអ្នកច្បាស់ជាចង់ដឹងថា តើនោះជាអាហារបែបណាដែរ?

គ្រឿងផ្សំ : ត្រីខ២កំប៉ុង ពពាយ ខ្ទឹមក្រហម ម្ទេស គល់ស្លឹកគ្រៃ ជីរណារ ក្រូចឆ្មារ អំបិល ស្ករស និងម្សៅស៊ុប។
វិធីចម្អិន : ដំបូងត្រូវហាន់ពពាយ ខ្ទឹមក្រហម គល់ស្លឹកគ្រៃ ម្ទេស និងជីរណារជាបន្ទះស្ដើងៗល្មម។ ត្រីខ១កំប៉ុងត្រូវយកមកគាស់ ហើយចាក់ដាក់ចាន ហើយដាក់បន្លែខាងលើចូលញាំឲ្យចូលជាតិគ្នាមុននឹងបន្ថែមក្រូចឆ្មារ អំបិល ស្ករស និងម្សៅស៊ុបចូល រួចភ្លក្សរសជាតិថាតើកម្រិតនៃភាពហឹរ ជូរ ផ្អែមនោះត្រូវតាមចិត្តរបស់អ្នកហើយឬនៅ។
ចុងក្រោយត្រូវដួសញាំនោះដាក់ចាន ហើយគាស់ត្រីខ១កំប៉ុងទៀតតម្រៀបសាច់ត្រីដាក់ពីលើជាការស្រេច។
ចង់ ដឹងថា «ញាំត្រីខ» មានរសជាតិបែបណា លោកអ្នកអាចទៅភ្លក្សផ្ទាល់នៅហាងក្ដាមប្រៃ ដែលស្ថិតនៅផ្លូវ៧១។
ក្រៅពីមុខម្ហូបនេះ ហាងក្ដាមប្រៃក៏មានអាហារប្លែកៗប្រចាំហាងផ្សេងទៀតដូចជា សាច់ជ្រូកខ្វៃម្រះព្រៅ បុកទឹកគ្រឿង សាច់ជ្រូកជូរអែម បុកល្ហុងបំពង និងម្ហូបបែបថៃជាច្រើនមុខទៀត ដែលអាហារមួយមុខៗមានតម្លៃចាប់ពី២ដុល្លារឡើងទៅ។ ទំនាក់ទំនងទូរស័ព្ទលេខ ០១៧៣០៧០៦០ និង០៦៧៨៨៨៨២០។
ការទទួលទានអាហារចាប់ពី១០ដុល្លារឡើងទៅ ភ្ញៀវនឹងទទួលបានការបញ្ចុះតម្លៃ១៥ភាគរយ៕