ភ្នំពេញ : ជាទូទៅបង្គាគឺជាគ្រឿងសមុទ្រដែលគេនិយមយកទៅធ្វើញាំមីបំពងជាមួយបន្លែគ្រប់មុខ។ ប៉ុន្តែប្រសិនបើលោកអ្នកមិនចង់ចំណាយពេលទិញបន្លែបន្លុកកំប៉ិកកំប៉ុកច្រើនមុខទេនោះ សូមសាកល្បងប្រើតែបន្លែចម្បងពីរមុខបានហើយ ដើម្បីយកទៅញាំជាមួយបង្គាស្រុសនោះ។
ខុសប្លែកពីញាំបន្លែទូទៅ ញាំបង្គាស្រុសជាមួយប៉េងប៉ោះ និងត្រសក់ គឺតម្រូវឲ្យមានរសជាតិស្រាល ដោយមិនមានក្លិនទឹកត្រី និងខ្ទឹមសសាយភាយនោះទេ។ គ្រឿងផ្សំដែលលោកអ្នកត្រូវការរួមមាន បង្គាស្រុសបកសម្បក ជីរនាងវង ជីរអង្កាម ម្ទេសដៃនាង ប៉េងប៉ោះខ្ចី ប៉េងប៉ោះទុំ ត្រសក់ផ្អរ សណ្ដែកដី ខ្ទឹមក្រហម និងបង្គាក្រៀម។
ប៉េងប៉ោះ ត្រូវហាន់ជាចំណិតស្ដើងៗ និងវែងៗ រីឯត្រសក់ផ្អរត្រូវកាត់ជាកង់រង្វង់មូល។ បង្គាក្រៀម និងសណ្ដែកដីត្រូវបុកឲ្យម៉ដ្ឋចូលគ្នា។ ចំណែកឯខ្ទឹមក្រហម និងម្ទេសដៃនាងត្រូវហាន់ស្ដើងៗ។ សម្រាប់ទឹកជ្រលក់វិញ អ្នកអាចប្រើទឹកអំបិល លាយជាមួយក្រូចឆ្មារ ស្ករស និងម្ទេសហឹរបន្តិច។
នៅពេលដែលរៀបចំបន្លែរួចហើយ លោកអ្នកអាចស្រូបទឹកជ្រលក់តាមចំណូលចិត្តនៅពេលទទួលទាន។
រសជាតិអាហារមួយចាននេះមិនសូវមុត ប្រៃ ឬហឹរខ្លាំងទេ។ រសជាតិវាមានលក្ខណៈអាស៊ីកាត់អឺរ៉ុប ហើយស្រាលស្រទន់ និងស័ក្ដិសមសម្រាប់ទទួលភ្ញៀវបរទេសផងដែរ។
ទន្ទឹមនឹងនោះ វាមានតុល្យភាពល្អចំពោះរាងកាយ ដោយសារតែប៉េងប៉ោះគឺជាបន្លែមានផ្ទុកនូវជាតិបេតាការ៉ូទីន និងជាពិសេសសារធាតុលីកូពីនដែលជួយការពារជំងឺមហារីក។ ក្រៅពីនេះញាំបន្លែប៉េងប៉ោះ ក៏សម្បូរទៅដោយជាតិប៉ូតាស្យូម វីតាមីនសេ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានគុណប្រយោជន៍ដល់សុខភាពផងដែរ៕