ភ្នំពេញ: នៅអគារខ្ពស់ជាងគេបំផុតក្នុងរាជធានីភ្នំពេញ អ្នកប្រាថ្នាញ៉ាំអាហារលំដាប់ប្រណីតអាចសាកល្បងរសជាតិបង្អែម Mango Creme Brulee នៅភោជនីយដ្ឋាន Iza នៃសណ្ឋាគារ Rosewood ជាន់ទី ៣៥ នៃអគារវឌ្ឍនៈ កាប់ពីតាល់។
បង្អែមនេះ ធ្វើឡើងពីផ្លែស្វាយ កិនយ៉ាងទន់ល្មើយ រសជាតិផ្អែមល្មមឆ្ងាញ់ អមដោយនំសូកូឡាស្រួយ។ មិនត្រឹមតែរសជាតិបង្អែមឆ្ងាញ់ទេ ភ្ញៀវក៏អាចក្លែមបរិយាកាសដោយការគយគន់ទេសភាពរាជធានីភ្នំពេញទាំងមូល ពីអគារដ៏ខ្ពស់នេះផងដែរ។
អ្នកនាង Hanny Wahyuni Gunawan នាយកផ្នែកទំនាក់ទំនង នៃ សណ្ឋាគារ Rosewood បានឲ្យដឹងថា៖ «ពីមុនយើងបើកភោជនីយដ្ឋាន Iza ម្ហូបជប៉ុននេះតែពេលល្ងាចប៉ុណ្ណោះ តែដោយសារតែភ្ញៀវភាគច្រើនគាត់ក៏ចង់ញ៉ាំអាហារជប៉ុននេះនៅពេលថ្ងៃដែរ អ៊ីចឹងបានជាយើងសម្រេចបើកពេលថ្ងៃបន្ថែម ដើម្បីឲ្យ ភ្ញៀវគាត់មានជម្រើសច្រើន»។
អ្នកនាងបន្តថា៖ «នៅក្នុងហាងភោជនីយដ្ឋាន Iza ម្ហូបជប៉ុននេះ យើងតុបតែងរចនាប័ទ្មបែបជប៉ុនទាន់សម័យ ដោយភ្ញៀវអាចជ្រើសរើសតុអង្គុយ អាចមើលទេសភាពទីក្រុងភ្នំពេញ ឬមួយក៏អាចអង្គុយទល់មុខចុងភៅ ដែលមានសិល្បៈចម្អិនម្ហូបផ្ទាល់តែម្ដង»។
ឈុតអាហារជប៉ុន ថ្ងៃត្រង់មានតម្លៃ ១៦ ដុល្លារ។ អ្នកចូលចិត្តអាហារជប៉ុន និងក្លែមទេសភាពរាជធានីភ្នំពេញ ដ៏ប្លែកភ្នែកពីអគារ ៣៥ ជាន់បានគឺនៅ ភោជនីយដ្ឋាន Iza ស្ថិតនៅក្នុងសណ្ឋាគារ Rosewood អាចទាក់ទងកក់កន្លែងតាមទូរស័ព្ទលេខ ០២៣ ៩៣៦ ៨៨៨៕