សៀមរាប: សប្តាហ៍​មុន ភ្នំពេញ ប៉ុស្ដិ៍ បាន​បង្ហាញ​ពី​ផ្សារ​រាត្រី​អេ ហ្វែល ថាម​ខនធេនន័រ សៀមរាប ដែល​ជា​ផ្សារ​សម្បូរ​ទៅ​ដោយ​បណ្តុំ​ម្ហូប​ឆ្ងាញ់ៗ ជាពិសេស​ម្ហូប​ប្រចាំ​តំបន់​តែម្តង។

ក្រៅពី​មាន​ម្ហូប​ឆ្ងាញ់ៗ ទីនោះ​នៅ​មាន​កន្លែង​លក់​ស្រា​ក្រឡុក និង​ស្រា​បៀរ ជាមួយ​ការ​ច្នៃប្រឌិត​ប្លែក។

នៅ​ហាង​តាខេ​កែវរ៉យ ដែលមាន​ការតុបតែង​ស្អាត​នោះ ម្ចាស់​ហាង​បាន​ច្នៃ​យក​ឪទឹន​ស្រា​បិត​របស់​ជនជាតិ​ភាគតិច យក​មក​ដាក់​ស្រា​បៀរ និង​ស្រា​ក្រឡុក​ជំនួស​វិញ។ ការច្នៃ​ប្រឌិត​នេះ​បាន​ទាក់ទាញ​ភ្ញៀវ​ជាច្រើន​ចូល​មក​កុម្ម៉ង់ ថតរូប​សែលហ្វ៊ី ហើយ​រីករាយ​នឹង​ការ​បឺត​ស្រា​ក្រឡុក និង​ស្រា​បៀរ ពី​ឪទឹន​ដ៏​ប្លែក​អារម្មណ៍។

អ្នកនាង សែន ផារី ម្ចាស់​ហាង តាខេ​កែវរ៉យ បាន​និយាយ​ថា៖ «មុន​នឹង​បើក​ហាង​នេះ​ឡើង​គឺ​ប៉ា​របស់​ខ្ញុំ​គាត់​ចង់​ឲ្យ​ដាក់​ឈ្មោះ តាខេ​កែវរ៉យ ជា​ឈ្មោះ​ភូមិ​ចាស់​បុរាណ ដែល​គាត់​ធ្លាប់​រស់នៅ​ជំនាន់​ប៉ុល ពត និង​បាន​ជួយ​ជីវិត​គាត់​ឲ្យ​រស់​មក​ដល់​សព្វថ្ងៃ​នេះ»។

ម្ចាស់​ហាង​រូបនេះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «សម្រាប់​ភេសជ្ជៈ​មួយ​ឪទឹន​នេះ​គឺអាច​ញ៉ាំ​ស្រា ឬ​ស្រា​បៀរ​បាន ៤ នាក់ ទៅ​តាម​អ្នក​ពូកែ​ផឹក ក្នុង​មួយ​ឪទឹន​មាន​តម្លៃ ៤ ដុល្លារ យើង​គិត​តាម​ប្រភេទ​ស្រា ដែល​ភ្ញៀវ​កុម្ម៉ង់»។

ចង់​ប្លែក​អារម្មណ៍​ផឹកស្រា​បៀរ ក្នុង​ឪទឹន​ទេ? ពិសេស​តម្លៃ​ក៏​ថោក​សមរម្យ ដោយ​ត្រឹម​តែ ៤ ដុល្លារ​ល្មម​ស្រវឹង។ តោះ! ទៅ​សាក​នៅ​ហាង តាខេ​កែវរ៉យ ដែល​ស្ថិត​នៅ​ក្នុង ផ្សារ​រាត្រី​អេ ហ្វែល ថាម​ខនធេនន័រ សៀមរាប ទាក់ទង​ទូរស័ព្ទ​លេខ ០៩២ ៩២៥៥៥១៕