ភ្នំពេញ: តាម​បណ្តោយ​ផ្លូវ​ ១៤៤ ភោជនីយដ្ឋាន​រចនា​ឡូហ្គោ​រូប​ឆ្នាំង​ញាត់​សំណេរ Gulai (​ការី​) ផ្ដល់​សេវា​អាហារ​ចម្រុះ​ជាតិ​សាសន៍​ដែល​បែងចែក​យ៉ាង​ច្បាស់​តាម​ប្រភេទ​នីមួយៗ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ចំពោះ​អ្នក​កាន់សាសនា​មូស្លីម​។

ចាន​រាង​មូល​ពណ៌​ស​ទ្រាប់​ស្លឹកចេក​កាត់​ជា​ក្បាច់​ផ្កាភ្ញី​ទ្រាប់បាយ​ស​ផ្កាប់​ចាន និង​បន្ដុប​ស៊ុត​ចៀន​ជ័រ​ព្នៅ​រាង​បេះដូង អែប​ជាប់​ជាមួយ​ភ្លៅ​មាន់​ចៀន​ឡើង​ក្រហម​ឆ្អៅ​គួរ​ឲ្យ​ចង់​ពិសា​ដែល​មាន​ទឹកជ្រលក់​ហែហម រួមទាំង​កូន​ត្រី​បំពង​ជាមួយ​សណ្តែកដី​លីង​ផ្ទាប់​នឹង​ចំណិត​ត្រសក់​តម្រៀប​គ្នា​ក្នុង​ចាន​តែមួយ​យ៉ាង​ស្រស់​ស្អាត​គួរ​ឲ្យ​ចង់​ទទួលទាន​មួយ​នេះ​ជា​មុខម្ហូប​ម៉ាឡេស៊ី​ឈ្មោះ​ថា ណាស៊ី លីម៉ាក​។

ភោជនីយដ្ឋាន​ហាឡា ឌឹះ ហ្គូលៃ (The Gulai Halal Restaurant) បើក​ដំណើរការ​រយៈពេល ១ ឆ្នាំ​បម្រើ​មុខម្ហូប​ជាច្រើន​ជាតិសាសន៍​រួមទាំង អឺរ៉ុប ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ស្ដ្រីលង្កា ប្រ៊ុយណេ ជប៉ុន ចិន កម្ពុជា និង​ម្ហូប​ហាឡាល់​សម្រាប់​ពលរដ្ឋ​មូស្លីម​ពី​ម៉ោង ៧ ​ព្រឹក​ដល់​ម៉ោង ៩ យប់​។

អ្នកស្រី អាត់ សុវណ្ណារ៉ា ជា​ម្ចាស់​ហាង​វ័យ ៤០ ​ឆ្នាំ​មកពី​ខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ម្ហូប​ហាឡាល់​កំពុង​ពេញនិយម​នៅក្នុង​ស្រុក​យើង និង​អាច​ថា​មកពី​គ្រួសារ​ខ្ញុំ​ (​ប្តី​) ជា​ជនជាតិ​អ៊ិស្លាម​។ អ៊ីចឹង​គាត់​ក៏​ផ្តល់​ជា​យោបល់​ឲ្យ​ខ្ញុំ​បើក​ហាង​អាហារ​ម៉ាឡេស៊ី​។ ខ្ញុំ​ស្ទាក់ស្ទើរ​ក្នុង​ការបើក​ហាង​នេះ ដោយសារ​ខ្ញុំ​ជា​ខ្មែរ​ដែល​មិន​សូវ​យល់​ពី​ប្រពៃណី​នេះ ហើយ​វា​មិនមែន​ជា​ម្ហូប​ខ្មែរ​ទៀត​។ ប៉ុន្តែ​ក៏​បាន​ទទួល​ការជ្រោមជ្រែង​ពី​គាត់ ទើប​ខ្ញុំ​សម្រេច​ចិត្ត​បើក​តែ​ម្តង​ទៅ​»​។

ភ្ញៀវ​រីករាយ​អាហារ​ក្នុង​បរិស្ថាន​ភោជនីយដ្ឋាន​ដ៏ផាសុកភាព​។ រូប យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ម្ចាស់​ហាង​អាហារ​ម៉ាឡេស៊ី​រូប​នេះ​បញ្ជាក់​ថា ឌឹះហ្គូលៃ ទទួល​ភ្ញៀវ​ពី ៥០ ​ទៅ ៦០ នាក់​ក្នុង​ ១ ​ថ្ងៃ​។ បើ​មាន​ភ្ញៀវ​កក់​ជា​ក្រុម​អាច​ទទួល​បាន​ភ្ញៀវ​ចាប់ពី ២០០ ទៅ ៣០០ ​នាក់ និង​មាន​ម្ហូប​ពិសេស​និយម​កុម្ម៉ង់​ជាង​គេ​ដូចជា Nasi Lemak (៥,២៥ ដុល្លារ​) Kampong Fried Rice (៥,២៥ ដុល្លារ​) Roti Chanai (១,៦០ ​ដុល្លារ​) Roti Tetur (២,៦០ ដុល្លារ​) Roti Sardin (៣,១០ ដុល្លារ​) Satay (៥ ដុល្លារ​) Fried Mee Malay Style (៥,៧៥ ដុល្លារ​) Fried Mamak Style (៥,៧៥ ដុល្លារ​), Fried Mee Hoon (៥,៧៥ ដុល្លារ​)​។

ក្នុង​ឱកាស​នៃ​រដូវ​បុណ្យ​រ៉ាម៉ាដន​នេះ The Gulai Halal Restaurant ក៏​មាន​ទទួល​ធ្វើ​អាហារ​បួស និង​ស្រាយ​បួស​ដែល​ក្នុង​ឆ្នាំ​នេះ រ៉ាម៉ាដន​បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី​ ៤ ខែ​មិថុនា​។

អ្នកស្រី អាត់ សុវណ្ណារ៉ា ជា​ជនជាតិ​ខ្មែរ​ដែល​បើក​ភោជនីយដ្ឋាន​អាហារ​ម៉ាឡេស៊ី​តាម​បំណង​របស់​ស្វាមី​កាន់​សាសនា​មូស្លីម​លោក អូស្មាន់ អូម៉ា វ័យ ៤៦ ​ឆ្នាំ​បន្ដ​ថា​៖ «​យើង​ធានា ១០០ ភាគរយ​ថា​ជា​ប្រភេទ​ហាឡាល់​សូម្បីតែ​គ្រឿងទេស​ក៏​យើង​នាំ​យក​មកពី​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី​ព្រោះ​ថា​ភ្ញៀវ​មូស្លីម​ខ្លាច​ថា ម្ហូប​មិន​សុទ្ធ​តាម​ដែល​គាត់​ចង់​បាន​។ បើ​មិន​មាន​ទំនុកចិត្ត​ទេ ពួកគាត់​គឺ​ពិតជា​មិន​ទទួលទាន​ដាច់​ខាត​»​។

អ្នកស្រី សុវណ្ណារ៉ា ប្រាប់​ថា​សម្រាប់​ភ្ញៀវ​ខ្មែរ​ក៏​អាច​មក​ទទួលទាន​ម្ហូប​បែប​ម៉ាឡេស៊ី​ដែរ​។ ចុងភៅ​នឹង​ព្យាយាម​កែ​រសជាតិ​បន្តិចបន្តួច​ដើម្បី​អាច​ទទួល​យក​នូវ​រសជាតិ​យ៉ាង​ឆ្ងាញ់​ពិសា​។

ឌឹះហ្គូលៃ ​នៅ​ផ្លូវ ១៤៤ សង្កាត់​ផ្សារកណ្តាល ២ ខណ្ឌ​ដូនពេញ ឬ​ទាក់ទង​ទូរស័ព្ទ​លេខ ០៨១ ២៦១ ៦០៦៕

វីដេអូ៖