ភ្នំពេញៈ ជា​យុវវ័យ​ចូលចិត្ត​ភ្លក្ស​រសជាតិ​គ្រឿង​សមុទ្រ និង​ចូលចិត្ត​អង្គុយ​លេង​​តាម​ផាប់ (Pub) លម្ហែ​​អារម្មណ៍​ជាមួយ​មិត្តភក្តិ កញ្ញា យូ​ណា លីតា បាន​បើក​ហាង «ណាង លេង» ដោយ​បូក​បញ្ចូល​ចំណូល​ចិត្ត​របស់​ខ្លួន ដោយ​ច្នៃ​ជា Pub ស្តាប់​ភ្លេង អង្គុយ​លេង និង​ភ្លក្ស​​គ្រឿង​សមុទ្រ​។

ជា​ឈ្មោះ​ភាសា​ថៃ ដែល​មាន​ន័យ​ថា «អង្គុយ​លេង» ហាង​ដែល​មាន​រចនា​​ពិតាន​អំពូល​ភ្លើង​ដូច​ហ្វូង​តារា​​​ពេញ​​មេឃ​នេះ ​បន្ថែម​សម្រស់​ឆើតឆាយ​ដោយ​រូប​គំនូរ​ទេសភាព​ដើម​ឈើ និង​មនុស្ស​រេរាំ​​នៅ​ពាសពេញ​លើ​ជញ្ជាំង ដោយ​មាន​សរសេរ​ជា​អក្សរ​ខ្មែរ ភាសា​ថៃ និង​អង់គ្លេស​ជាដើម​។

ណែមក្រឡុក​ អាហារ​ក្លែម​ស្រាបៀរ​ដ៏ពេញនិយម។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ម្ហូប​ពិសេស​ប្រចាំ​ហាង ណាង លេង មាន​ដូចជា​៖ ក្តាម​ពង​ជ្រក់ តម្លៃ​ ៦ ​ម៉ឺន​រៀល បង្កង​ឆា​កាពិត​ម្លៃ ៤ ​ម៉ឺន​រៀល បង្កង​អាំង​អំបិល​ម្ទេស តម្លៃ​ ៤​ ម៉ឺន​រៀល ងាវ​បុក​ទឹក​ប្រហុក តម្លៃ​ ២​ ម៉ឺន​រៀល និង​មាន​ណែម​ក្រឡុក តម្លៃ ១៦ ០០០ ​រៀល។ នៅ​មាន​អាហារ​​ជា​ច្រើន​មុខ​ទៀត​សម្រាប់​ក្លែម​ជាមួយ​ភេសជ្ជៈ និង​ស្រាបៀរ​ដប​ធំ​ពី​ប្រទេស​ អាល្លឺម៉ង់ ថៃ ឡាវ ជាដើម។

ម្ចាស់​ហាង​សាច់ស​ខ្ចី​ វ័យ ​២៨ ​ឆ្នាំ បន្ត​​ថា​៖ «​បង្កង​ឆា​កាពិ មាន​រសជាតិ​​ប្លែក​ឆ្ងាញ់​ណាស់ គឺ​យើង​ច្នៃ​បង្កើត​​មក​តម្រូវ​ប្រជាជន​យើង ជាពិសេស​​មាន​តែ​នៅ​ហាង​ខ្ញុំ​ទេ ម្ហូប​នេះ​ថ្មី យើង​បង្កើត​ខ្លួន​ឯង​។ បង្កង​នេះ​តម្លៃ​ ១​ គីឡូ​ ២០ ដុល្លារ ភ្ញៀវ​អាច​កុម្មង់​ចាប់ពី ៣ បង្កង​ឡើង​ទៅ តែ​បើ​ភ្ញៀវ​ចង់​ធ្វើ​កុម្មង់​របៀប​ម៉េច យើង​ក៏​អាច​ធ្វើ​ឲ្យ​បាន​ដែរ​»​។

ការ​រចនាជាផាប់​បម្រើគ្រឿង​សមុទ្រទាក់ទាញ​យុវវ័យ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ចំណុច​ពិសេស​នៃ​ម្ហូប​ត្រូវ​បាន​​កញ្ញា​ លីតា លើក​ឡើង​ថា​៖ «យើង​យក​បង្កង​ពី​ខេត្ត​តាកែវ និង​ក្តាម​ពង យើង​យក​មក​ពី​កោះកុង និង​កំពត​គឺ​តំបន់​ល្អ ឆ្ងាញ់ ធានា​ថា ​សុទ្ធ​ល្អ​ធម្មជាតិ ព្រោះ​​បង្កង យើង​ក៏​អត់​មាន​រាល់​ថ្ងៃ​ដែរ ពេល​ខ្លះ​អត់ ពេល​ខ្លះ​មាន ហើយ​យើង​ក៏​លក់​ឲ្យ​ភ្ញៀវ​តែ​គ្រឿង​សមុទ្រ​ល្អ​ដែរ បើ​មើល​ថា ​រាង​អន់​សាច់ យើង​អត់​ចេញ​ឲ្យ​ភ្ញៀវ​ទេ​»​។

ណាង លេង មាន​សេវាកម្ម​ដឹក​ជញ្ជូន​ជិតៗ​ឥត​គិត​ថ្លៃ​ រីឯ​ចម្ងាយ​ឆ្ងាយ​តម្លៃ​ចាប់​ពី​ ៤០០០ ​រៀល​។ ហាង​ស្ថិត​នៅ​ម្ដុំ​ទូត​ចិន និង​បើក​​ពី​ម៉ោង ៥ ​ល្ងាច​ ដល់​ ១២ ​យប់​​។ ទូរស័ព្ទ​ ០៩៥ ៧៧៧៧ ៩៩ និង ០១០ ៦៦៦៦៦០។ ហ្វេសប៊ុក Nang Leng Pub & Seafood Restaurant៕

វីដេអូ៖