ភ្នំពេញៈ កញ្ច្រែង​ម្ទេស​ពណ៌​ក្រហម​ឆ្អិនឆ្អៅ​នៅ​ពី​មុខ​អ្នកជំនាញ​បុកល្ហុង​ពី​ប្រទេស​ថៃ​ដែល​កំពុង​ញាប់ដៃ​បន្ថែម​សរសៃ​ល្ហុង និង​ក្តាម​ដោយ​គ្រាន់តែ​មើល​ក៏​ទប់ទឹក​មាត់​មិន​បាន​។

ហាង «​តុង តុង បុកឥតល្ហែ​» មាន​លក់​បុកល្ហុង​រសជាតិ​បែប​ថៃ បុក​មី បុក​ងាវ និង​អាហារ​ជាច្រើន​មុខ​ទៀត​តម្លៃ​ពី ៥០០០៛ ទៅ ២០០០០៛​។

ក្រៅពី​ប្រភេទ​បុកល្ហុង​ក៏​មាន​លក់​ជា​ប្រភេទ​អាហារ​ថ្ងៃត្រង់​ជាច្រើន​មុខ​មាន​តម្លៃ​សមរម្យ​។ សម្រាប់​អ្នក​ចង់​កាត់​ស្ត្រេស​ក៏​អាច​ឆ្លៀត​មក​ក្រេប​ស្រា​ក្រឡុក​ជួបជុំ​មិត្តភក្ដិ​ក្រោយ​សម្រាក​ពី​ការងារ​នៅ​ពេល​ល្ងាច​ទៀតផង​។

អតិថិជន​ហាង តុង តុង បុក​ឥត​ល្ហែ មាន​ទាំងចាស់ និង​ក្មេង​។ ហុង មិនា

លោក តុង មាន​វ័យ ២៥ ឆ្នាំ​ជា​ម្ចាស់​ហាង តុង តុង បុកឥតល្ហែ បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​បើកហាង​បុកល្ហុង​នេះ​ឡើង​ថា​៖ «​ខ្ញុំ​មើល​ឃើញ​ថា​នៅ​ទី​នេះ​ប្រជាជន​ភាគច្រើន​ចូលចិត្ត​ញ៉ាំ​បុកល្ហុង ប៉ុន្តែ​មិន​ទាន់​មាន​ហាង​បុកល្ហុង​ណា​មាន​រសជាតិ​មួយ​ដែល​ដូច​ទៅ​នឹង​បុកល្ហុង​នៅ​ថៃ​ទេ ហើយ​អាជីព​នេះ​វា​ជា​ជំនាញ​របស់​ខ្ញុំ​ស្រាប់​»​។

ម្ចាស់​ហាង​បុកល្ហុង​រសជាតិ​បែប​ថៃ​រូប​នេះ​បាន​ទៅ​រស់នៅ​ប្រទេស​ថៃ​តាំងពី​ខ្លួន​នៅ​តូច និង​ធ្លាប់​បាន​ធ្វើការ​ក្នុង​ហាង​បុកល្ហុង​មួយ​កន្លែង​មុន​នឹង​នាំ​យក​បទពិសោធ​របស់​ខ្លួន​ជាច្រើន​ឆ្នាំ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ហើយ​សម្រេចចិត្ត​បើក​ហាង​នេះ​ឡើង​។

ឈុត​បុក​ក្ដាមសេះ និង​ស្រា​ក្រឡុក​នៅ តុង តុង បុកឥតល្ហែ​។ហុង មិនា

លោក តុង ម្ចាស់​ហាង​បាន​រៀបរាប់​បន្ថែម​ថា​៖ «​ដំបូង​ខ្ញុំ​មិន​បាន​បើក​ហាង​អី​ទេ គឺ​ជួល​កន្លែង​គេ​នៅ​តាម​ផ្លូវ ប៉ុន្តែ​ដោយសារ​តែ​មាន​ភ្ញៀវ​មក​ញ៉ាំ​ច្រើនពេក​រហូត​ដល់​អត់​មាន​កន្លែង​ឲ្យ​គាត់​អង្គុយ ទើប​សម្រេច​ចិត្ត​ជួល​ផ្ទះ​គេ ដើម្បី​បើកហាង​តែ​ម្តង​ទៅ ហើយ​ខ្ញុំ​ក៏​មាន​គម្រោង​បើកហាង​មួយ​ទៀត​ដែរ នៅ​ពេល​ឆាប់ៗ​នេះ​»​។

ចំពោះ​ឈ្មោះ​ហាង​ដ៏ប្លែក «​តុង តុង បុក​ឥត​ល្ហែ​» នេះ​ត្រូវ​បាន​ដាក់​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​កាន់តែ​ច្រើន ជាពិសេស​បុរសៗ​តែ​ម្ដង​។

តុង តុង បុក​ឥត​ល្ហែ ទើប​តែ​បាន​រយៈពេល ៧ ខែ​តែ​ម្ចាស់​ហាង​សង្កេត​ឃើញ​ថា សម្ទុះ​ភ្ញៀវ​គាំទ្រ​អាច​ដោយសារ​តែ​រសជាតិ​ឆ្ងាញ់​ប្លែក និង​ការរចនា​ស្លឹកចេក​ធ្វើ​ជា​ទ្រនាប់​ចាន​។

លោក តុង បាន​បង្ហើប​ថា​៖ «​អាច​ថា​មកពី​បុកល្ហុង​យើង​ឆ្ងាញ់​ហើយ​បាន​ជា​មាន​ភ្ញៀវ​មក​ច្រើន​បែប​នេះ​។ ១ ថ្ងៃ​អាច​ចូល​រយ​នាក់​មាន​អ្នក​ខ្លះ​រក​ផ្លូវ​មិន​ឃើញ​ខល​មក​សួរ​ក៏​មាន​ថែម​ទាំង​មាន​លោកជំទាវ​មក​គាំទ្រ​។ ​កាល​មិន​ទាន់​បាន​បើកហាង​គាត់​បាន​ឲ្យ​គេ​មក​ទិញ តែ​ពេល​បើកហាង​មាន​កន្លែង​អង្គុយ​ត្រឹមត្រូវ គាត់​បាន​អញ្ជើញ​មក​ពិសា​ខ្លួនឯង​ពិត​ជា​កិត្តិយស​របស់​ហាង​ណាស់​»​។

តុង តុង បុក​ឥត​ល្ហែ ស្ថិត​នៅ​ផ្លូវ​លេខ ៤៥៦ ខាង​លិច​ផ្សារ​បឹងត្របែក​ចម្ងាយ​ប្រហែល ២០០ ម៉ែត្រ ទាក់ទង​ទូរស័ព្ទ​លេខ ០៩៨ ៦៧ ៥២៩៦ និង ០៧០ ៧០ ០០ ៥៧៕

វីដេអូ៖