ភ្នំពេញ: ស្ថិតនៅម្ដុំបឹងកេងកង ១ ភោជនីយដ្ឋានម្ហូបថៃ ប៊ុង្គុត រំលេចរចនាប័ទ្មជាផ្ទះបែបថៃបុរាណជាមួយដំបូលស្រួចកោងម៉ូដឈើ អមដោយរុក្ខជាតិបៃតងដាំតាមរបងហាង។
បើទោះជារចនាប័ទ្មខាងក្រៅមានលក្ខណៈហាក់វិលទៅសម័យអតីតកាលក្ដី ប៉ុន្តែឈានជើងចូលខាងក្នុងហាង លោកអ្នកនឹងភ្ញាក់ផ្អើលជាមួយការរចនាបែបទំនើប។
ចង្កៀងរំយោលតាមជញ្ជាំងពណ៌ទឹកក្រូចចាស់ រំលេចវាំងននពណ៌ខៀវ កៅអីពូកពណ៌សដ៏ទាន់សម័យ កែវស្រាបារាំង លើតុអាហារខ្មៅរលោងស្រិល។
សប្តាហ៍នេះភោជនីយដ្ឋានម្ហូបថៃប៊ុង្គុតបង្ហាញពីម្ហូបពិសេសគឺ «តុមយ៉ាំបង្គង» ដែលជាមុខម្ហូបពិសេសប្រចាំហាង និងមានការចូលចិត្តកុម្ម៉ង់ច្រើនទាំងភ្ញៀវជនជាតិខ្មែរនិងបរទេស។
តុមយ៉ាំបង្គងរសជាតិពិសេសជាងហាងដទៃដោយសារចុងភៅជនជាតិថៃចម្អិនផ្ទាល់ដៃជាមួយ និងរសជាតិនិងគ្រឿងផ្សំពិសេសប្រចាំហាង ដែលធ្វើឲ្យទឹកសម្លមានរសជាតិជូរអែមឆ្ងាញ់មិនរងាន់ ឬមួយក៏ធំក្លិនខ្ទិះដូងខ្លាំងពេក ទាំងសាច់បង្កងគឺស្រស់ផ្អែមឆ្ងាញ់តែម្តង។
ភោជនីយដ្ឋានម្ហូបថៃប៊ុង្គុតមានជម្រើសម្ហូបថៃ និងថៃកាត់ចិនជាច្រើន ដូចជាទឹកគ្រឿងកាពិត្រីប្លាធូគ្រឿងក្លែមត្រជាក់ ខជើងជ្រូក ពងទាចៀនអយស្ទ័រ សាច់ជ្រូកស្រួយហុងកុង ត្រីឆ្ពង់បំពង និងបុកល្ហុងពិសេស។
ភោជនីយដ្ឋាន ប៊ុង្គុត ស្ថិតនៅផ្ទះលេខ ២៨ ផ្លូវ៣០២ ចន្លោះផ្លូវលេខ ៥១ និងផ្លូវលេខ ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន៕