ភ្នំពេញ: ជា​ហាង​ដែល​សម្បូរ​តារា​សិល្បៈ​ល្បីៗ​ជា​ម៉ូយ​ប្រចាំ​នោះ ភូមិគ្រឹះ​លៀស ពោរ​ពេញ​ទៅ​ដោយ​ម្ហូបម្ហា ខ្យង ខ្ចៅ គ្រំ លៀស និង ក្តាម​ស្រែ មុន​ដំបូង​គេ​នៅ​ទីក្រុង​ភ្នំពេញ។

ម្ចាស់​ហាង​វ័យក្មេង ឌី សុចិត្រា បាន​និយាយ​ថា៖ «ហាង​របស់​ខ្ញុំ​បើក​លក់​ជិត ៣ ឆ្នាំ មក​ហើយ គឺ​យើង​នៅ​រក្សា​រសជាតិ​ដើម​ប្រចាំ​ហាង​ដដែល»។

ម្ចាស់​ហាង​ដែល​កំពុង​តែ​ដុត​លៀស​ក្នុង​ចាន​ដែក​បាន​បន្តថា៖ «នៅ​ភូមិគ្រឹះ​លៀស នៅ​តែ​ផ្តោត​សំខាន់​ទៅ​លើ​ម្ហូប​ប្រចាំ​ហាង​គឺ លៀស​សមុទ្រ លៀស​ទន្លេ ខ្យង កង្កែប និង​ក្តាមស្រែ​ជាដើម ព្រោះ​ថា គ្រប់​ភ្ញៀវ​ដែល​មក​ទីនេះ​កម្រ​រំលង​កុម្ម៉ង់​ម្ហូប​ហ្នឹង​ណាស់»។

ក្រៅពី​ម្ហូប​ចម្អិន​ពី​សត្វ​មាន​សម្បក ភូមិគ្រឹះ​លៀស​ក៏មាន​បម្រើ​នូវ​អាហារ​ផ្សេង​ទៀត​ដូចជា តៅហ៊ូ​ទឹក​កាពិ នំ​បញ្ចុក​ផ្ទាប់​បន្លែ​សាច់ ស៊ុប​ខួរ តុមយ៉ាំ​លៀស​សមុទ្រ បង្កង​អាំង និង​ម្ហូប​បែប​ខ្មែរ​ជាច្រើន​មុខ​ទៀត សម្រាប់​អាហារ​ថ្ងៃត្រង់ ដូចជា​ឆា ស្ងោរ ប្រហុក ផ្អក ដោយ​រសជាតិ​ឆ្ងាញ់​ជាប់​មាត់។

ដូចជា​នៅក្នុង​រូបភាព​នេះ​គឺជា​សម្ល​តុម​យ៉ាំ​លៀស​សមុទ្រ ដែល​មាន​បន្លែ និង​ម្ទេស​ក្រហម​ឆ្អិន​ឆ្អៅ។ សម្ល​តុម​យ៉ាំ​នេះ​មាន​រសជាតិ និង​ក្លិន​ប្លែក​ពី​តុម​យ៉ាំ​ទូទៅ។ ក្នុង​មួយ​កូន​ឆ្នាំង​នេះ​មាន​តម្លៃ ប្រមាណ ៤ ដុល្លារ ដែល​ភ្ញៀវ​អាច​កុម្ម៉ង់​ទទួល​ទាន​ជាមួយ​បាយ ស នៅ​ពេល​ថ្ងៃត្រង់ ឬក៏​ពេល​ល្ងាច ដើម្បី​ជួយ​កាត់​បន្ថយ​ចំហាយ​ហឹរ​នៃ​សម្ល។

ម្ហូប​នៅ​ភូមិគ្រឹះ​លៀស​មានតម្លៃ​ពី ២ ទៅ ៦,៥ ដុល្លារ។ ភូមិគ្រឹះ​លៀស​អាច​ទាក់​ទង​តាម​ទូរស័ព្ទ​លេខ ០១៦ ២០៩ ០០០៕