ភ្នំពេញ: បើទោះជា​ក្លិន​របស់​មើម​ខ្ទឹមស អាច​ពិបាក​ទទួល​យក​បន្តិច​សម្រាប់​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​ម្ហូប​នេះ​ទទួល​បាន​ប្រជាប្រិយ​ភាព​ខ្លាំង គួប​ផ្សំ​នឹង​គុណ​ប្រយោជន៍​ដ៏​ច្រើន​ពី​ការ​ទទួល​ទាន​ខ្ទឹមស បួក​រួម​ទាំង សមត្ថភាព​ជួយ​បណ្ដេញ​ជាតិ​ពុល​ពី​រាង​កាយ។

នៅក្នុង​បញ្ជីរាយនាម​មុខម្ហូប តាម​បណ្ដា​ភោជនីយដ្ឋាន​ចិន​នានា នៅ​រាជធានី​ភ្នំពេញ អ្វី​ដែល​អ្នក​ឧស្សាហ៍​ឃើញ​នោះ​គឺ បង្គា​ចំហុយ​ខ្ទឹម​ស ដោយ​ហាង​ខ្លះ​លក់​តម្លៃ​ម្ហូប​ដោយ​ថ្លឹង​បង្គា​គិត​ជា​គីឡូក្រាម និង​ហាង​ខ្លះ​លក់ ១ ចាន​តម្លៃ​ពី ៧ ទៅ ១៥ ដុល្លារ។

ប្រសិនបើ​អ្នក​មិនសូវ​ចង់​ចំណាយ​ប្រាក់​ញ៉ាំ​អាហារ​ខាងក្រៅ​ផ្ទះ អ្នក​ក៏​អាច​រៀន​ធ្វើម្ហូប​បង្គា​ចំហុយ​ខ្ទឹម​ស​ជា​ការ​បញ្ចេញ​ស្នាដៃ​ឲ្យ​អ្នក​ផ្ទះ​ញ៉ាំ​រួច នឹង​លាន់​មាត់​សរសើរ​ផង​ដែរ។ ដំណឹង​ល្អ​គឺ​ថា គ្រឿង​ផ្សំ​ម្ហូប​នេះ​មាន​តិច​មុខ​មែន​ទែន រីឯ​វិធី​ចម្អិន​ទៀត​ក៏​រឹត​តែ​ស្រួល។

អ្នកត្រូវការ​ទឹក​ខ្ទឹមស ទឹក​ស៊ុប​មាន់ ទឹក​ស៊ី​អ៊ីវ ស្រា​ចិន​សម្រាប់​ចម្អិនម្ហូប (បើ​មាន) អំបិល ខ្ញី​ចិញ្ច្រាំ ខ្ទឹម​ស​ចិញ្ច្រាំ ស្លឹក​ខ្ទឹម​ហាន់​ខ្លីកង់។ អ្នក​ត្រូវ​ច្របល់​គ្រឿង​ផ្សំ​ទាំង​នេះ​ចូល​គ្នា ហើយ​ទុក​មួយ​អន្លើ​សិន។

បង្គា​សមុទ្រ​ត្រូវ​លាង​ទឹក​ឲ្យ​ស្អាត រួច​ប្រើ​កាំបិត​ឆូត​ខ្នង​វា​ដើម្បី​ដកយក​សរសៃ​ខ្មៅ​ចេញ ដោយ​រក្សា​សម្បក។ បង្គា​ទាំង​នោះ​ត្រូវ​ដាក់​តម្រៀប​លើ​ថាស ដោយ​បែរ​ខ្នង​វា​ឡើង​លើ។ បន្ទាប់​មក​ស្រូប​ទឹក​គ្រឿង​ផ្សំ ដែល​លាយ​រួច​ហើយ​នោះ​ពី​លើ​បង្គា​ឲ្យ​ជោក​ជាំ។ បង្គា​ត្រូវ​ចំហុយ​ប្រមាណ​ពី ៣ ទៅ ៥ នាទី អាស្រ័យ​លើ​ទំហំ​វា។ ក្រោយ​ពី​ឆ្អិន​រួច​រាល់ អ្នក​អាច​យក​ថាស​បង្គា​ចេញ រួច​រោយ​ស្លឹក​ខ្ទឹម​បន្ថែម​ជាកា​រ​ស្រេច។

រូបមន្ត​តាម​ផ្ទះនីមួយៗអាចមាន​លក្ខណៈ​ខុសគ្នា ដោយ​ខ្លះ​មាន​ទ្រាប់​មីសួ​នៅ​ចាន​ចំហុយ​បង្គា ខ្លះ​បន្ថែម​ស្លឹក​គូឆាយ ឬ​ផ្កា​គូឆាយ ហើយ​ខ្លះ​ទៀត​រោយ​ម្ទេស​ឡើង​ក្រហម​ឆ្អិន​ឆ្អៅ តាម​ចំណង់​ចំណូល​ចិត្ត៕