ភ្នំពេញ: បាយមាន់ស្រែ ខ្ចប់ស្លឹកឈូក ដែលផ្ដើមចេញពីការលក់តាមអនឡាញ ពេលនេះមានការរំលេចរូបរាងលក់តាមហាងហើយ។
ដោយសារតែមានការពេញនិយមកុម្ម៉ង់ច្រើនពីអតិថិជន ទើបម្ចាស់បាយមាន់ស្រែ សម្រេចចិត្តបើកជាហាងលក់ បន្ទាប់ពីទទួលបានជោគជ័យអស់រយៈពេលមួយឆ្នាំកន្លងទៅនេះ។
បាយមាន់ស្រែខ្ចប់ស្លឹកឈូកមិនត្រឹមតែល្បីតៗគ្នាថាឆ្ងាញ់នោះទេ សូម្បីតែការវេចខ្ចប់វិញក៏ខុសពីគេដែរ ពីព្រោះម្ចាស់ហាងបាយមាន់ស្រែនេះចូលចិត្តការវេចខ្ចប់បែបខ្មែរ និងធម្មជាតិ។
ភាពច្នៃប្រឌិតខុសប្លែកពីគេនេះបានរួមចំណែកក្នុងការទាក់ទាញភ្ញៀវ។ ការទទួលទានអាហារពីកញ្ច្រែងក្រាលស្លឹកឈូកបានផ្ដល់នូវបរិយាកាសប្លែក ខុសពីការញ៉ាំបាយដាក់ក្នុងចាន។
អ្វីដែលរឹតតែពិសេសនោះគឺសាច់មាន់តែម្តង។ សាច់មាន់ស្រែត្រូវបានយកមកប្រឡាក់គ្រឿងរូបមន្តអាថ៌កំបាំង និងពិសេសប្រចាំហាង។
នៅទីនេះ ភ្ញៀវមានជម្រើសបាយសាច់មាន់ចៀន មាន់ស្ងោរ និងស្លាបមាន់។ ភ្ញៀវក៏អាចកុម្ម៉ង់បានតាមចំណង់ចំណូលចិត្ត ដោយក្នុងមួយកញ្ច្រែងមានតម្លៃ ១២០០០ រៀល អមដោយជ្រក់ ទឹកស៊ុប និងពងទាខ។
តោះ! ចង់ញ៉ាំបាយក្តៅៗដាក់ពីលើស្លឹកឈូកទ្រាប់កញ្ច្រែងទេ?
ចាប់អារម្មណ៍ សូមទៅហាងដែលស្ថិតនៅលើផ្លូវ ២៥៣ សង្កាត់ទឹកល្អក់ ៣ ចូលតាមការ៉ាស់សាំងកាល់តិច ម៉ុងឌីយ៉ាល់ ប្រហែល ១៥០ ម៉ែត្រ បត់ស្ដាំប្រហែល ៣០ ម៉ែត្រ នៅខាងស្ដាំដៃ។ ទូរស័ព្ទលេខ០៦៩ ២៥៧ ៥៥៤៕