ភ្នំពេញ៖ រសជាតិ​កាហ្វេ​ជា​ច្រើន​ប្រភេទ មុខ​ម្ហូប​​កុម្ម៉ង់​ បូក​បន្ថែម​ដោយ​បរិយាកាស​ស្រស់ស្រាយ​នៃ​ហាង​ដ៏​ធំ​ទូលាយ​ ទាំង​នេះ​ហាក់​មិន​មាន​អ្វី​ខុស​ប្លែក​ពី​ហាង​កាហ្វេ​ដទៃ​ឡើយ​។

ប៉ុន្ដែ​អ្វី​ដែល​ទាក់ទាញ​ និង​អន្ទង​ចិត្ដ​អតិថិជន​មក​អង្គុយ​ក្រេប​កាហ្វេ និង​សំកុក​សញ្ជឹង​គិត​រិះ​រក​ដំណោះស្រាយ​នោះ គឺ​ល្បែង​ផ្គុំ​រូប​​​មនុស្ស​យន្ដ​ជ័រ​ ដែល​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ទូ​កញ្ចក់​គ្រប់​សណ្ឋាន​ទម្រង់​ នៅ​ហាង​កាហ្វេ UrHobby House។

អ្នកស្រី ម៉ឺន ស្រីណែត ​​ឲ្យ​ដឹង​ថា​៖ «​UrHobby House ដែល​អតិថិជន​ច្រើន​ហៅ​ថា​ ហាង​កាហ្វេ​មនុស្សយន្ត​​​មិន​មាន​អ្វី​​ប្លែក​ពី​ហាង​​​​ដទៃ​ទៀត​​ទេ ​បើ​គ្មាន​ការ​ដាក់​បង្ហាញ​ និង​លក់​បណ្ដុំ​នៃ​មនុស្ស​យន្ត​ទាំង​នេះ»។

អ្នកស្រី​និយាយ​ពេល​អង្គុយ​ពី​មុខ​តុក្កតា​មនុស្ស​យន្ដ​ជា​ច្រើន​នៅ​លើ​តុ​​ថា​៖ «​ផ្ដើម​ចេញ​ពី​ចំណូល​ចិត្ដ​របស់​គ្រួសារ​ខ្ញុំ​ ដែល​ចូលចិត្ដ​ប្រមូល​ផ្គុំ​រូប​មនុស្ស​យន្ដ​រយៈពេល​​​ច្រើន​ឆ្នាំ ហើយ​ពេល​ខ្ញុំ​បើក​ហាង​កាហ្វេ ខ្ញុំ​​មាន​គំនិត​យក​វា​មក​ដាក់​តាំង​បង្ហាញ ពី​ព្រោះ​វា​ជា​ភាព​វិសេស​របស់​ហាង​»។

មនុស្ស​​ជា​ច្រើន​យល់​ថា មនុស្ស​យន្ដ​ដែល​ជា​តួអង្គ​ក្នុង​ភាពយន្ដ​ល្បីៗ​របស់​អាមេរិក និង​ជប៉ុន ​ទាំង​នេះ​​គ្រាន់​តែ​ជា​តុក្កតា​​ក្មេង​លេង​ប៉ុណ្ណោះ​ តែ​ម្ចាស់​​ហាង​រូប​នេះ បាន​អះអាង​ថា នៅ​ជប៉ុន​ល្បែង​ផ្គុំ​មនុស្ស​យន្ដ​ជា​ការ​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​វ័យ​។

បរិយាកាស​ស្រស់ស្រាយ​អមដោយ​រុក្ខជាតិ​បៃតង​ស្រស់​នៅ​ហាងកាហ្វេ Ur Hobby House។ហ៊ាន រង្សី

អ្នកស្រី ម៉ឺន​ ស្រីណែត បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ ​ថា​៖ «​អ្នក​ចូលចិត្ដ​មក​ហាង​យើង ពេល​​ឃើញ​មនុស្ស​យន្ដ​ពេញ​រូបរាង​ គាត់​គិត​ថា​វា​ជា​ល្បែង​ដ៏​ងាយ​ស្រួល​។ ប៉ុន្ដែ​វា​មិន​ដូច​ការ​គិត​ឡើយ​ ពេល​យក​មក​ផ្គុំ វា​គ្រាន់​តែ​ជា​បំណែក​តូចៗ​​ដែល​បោះ​ពុម្ព​ភ្ជាប់​លើ​បន្ទះ​។ ដំបូង យើង​ត្រូវ​យក​បន្ទះ​រូប​នោះ​មក​ទៅ​តាម​បំណែក​នីមួយៗ​ តែ​មិន​ភ្លឺ​រលោង​​ទេ ដោយ​យើង​ត្រូវ​ដុស​ខាត់​​ឲ្យ​ស្អាត ដើម្បី​ងាយ​ស្រួល​បិទ​ និង​បាញ់​ថ្នាំ​ពណ៌​ ក៏​ដូច​បន្ថែម​ស្ទិកឃ័រ​»។

មើល​ឃើញ​ពី​ភាព​ស្មុគស្មាញ​នៃ​ល្បែង​ផ្គុំ​រូប អ្នក​ដែល​ខ្វះ​ការ​អត់​ធ្មត់​មិន​ងាយ​ឆ្លង​ផុត​ពី​មួយ​ដំណាក់​កាល​​ទៅ​មួយ​ដំណាក់​កាល​ទៀត​ ពី​ព្រោះ​សូម្បី​តែ​រូប​ផ្គុំ​តូច​មួយ​ក៏​ត្រូវ​ចំណាយ​ពេល​រាប់​ម៉ោង​ដល់​ថ្ងៃ ឬ​ខែ​ ខណៈ​មនុស្ស​យន្ដ​ធំ​អាច​ប្រើ​ពេល​​ដល់​ឆ្នាំ​។

ផ្គួប​​​តម្លៃ​មុខ​ម្ហូប​ និង​ភេសជ្ជៈ​ចន្លោះ​ពី ២ ទៅ ៣ ​ដុល្លារ មនុស្ស​យន្ដ​មាន​តម្លៃ​​តាម​ទំហំ​​​តូច​បំផុត​​ពី ១០ ដុល្លារ​ និង​រហូត​ដល់​រាប់​ពាន់​ដុល្លារ​។

ម្ចាស់​ហាង​វ័យ ២៩ ​ឆ្នាំ បាន​រៀប​រាប់​ថា​៖ «​​ល្បែង​នេះ​ទាំង​នេះ​ជួយ​កាត់​បន្ថយ​​ស្ដ្រេស​ និង​បង្កើត​​​គំនិត​ថ្មីៗ​​។​ ស្វាមី​ខ្ញុំ​ផ្ទាល់​ពេល​រៀប​មនុស្ស​យន្ត​ទាំង​​នេះរួច​ហើយ​ ​​គាត់​ចេះ​រៀបចំ​របស់​របរ​ ​និង​អីវ៉ាន់​ក្នុង​ផ្ទះ​ ​ហើយ​ការ​អត់​ធ្មត់​គាត់​ក៏​ប្រសើរ​ឡើង​ដែរ»​។

ហាង​​​ទើប​តែ​បើក​កាល​ពី​ខែ​កក្កដា ​ថ្មីៗ​នេះ​ទទួល​អតិថិជន​​​​ប្រហែល ​៣០០ ​​នាក់ ​ក្នុង ​១ ថ្ងៃ​ ខណៈ​​​​ចុង​សប្ដាហ៍​គ្មាន​សល់​កៅអី​សម្រាប់​ភ្ញៀវ​​ឡើយ​​។

ក្រៅ​ពី​​សេវាកម្ម​ល្អ អតិថិជន​ក៏​ជាប់​ចិត្ដ​នឹង​ការ​តុបតែង​ ដែល​រចនា​រុក្ខជាតិ​បៃតង​ស្រស់​ទាំង​ក្នុង​ និង​ក្រៅ​បរិវេណ​ហាង​ ក៏​ដូច​ជាជួយ​​ស្ទួយ​ប្រាជ្ញា​ដោះស្រាយ​ចំណោទ​ល្បែង​ផ្គុំ​រូប​។

អ្នកស្រី​​​បន្ត​​​ថា៖​ «យើង​មាន​កម្មវិធី​​ប្រកួត​ប្រជែង​ផ្គុំ​រូប​ Dioroma competition។ អ្នក​ប្រកួត​ត្រូវ​យក ​Gundam កែច្នៃ​ជា​អី​ផ្សេង ​ដូចជា​រៀប​ជា​សង្គ្រាម​ ដោយ​កំណត់​ពេល​​ពាក់​កណ្ដាល​​ខែ​ក្រោយ​ជា​​ថ្ងៃ​បញ្ចប់​»។​

អតិថិជន​ហាង​កាហ្វេ UrHobby House មមាញឹក​កាត់​រូប​ និង​ផ្គុំ​មនុស្សយន្ដ​រៀងៗ​ខ្លួន​។ ហ៊ាន រង្សី

ម្ចាស់​ស្រី​ដែល​បើក​ហាង​រចនាប័ទ្ម​មនុស្ស​យន្ដ​តាម​ចំណូល​ចិត្ដ​របស់​ស្វាមី​​នេះ បាន​បន្ដ​ថា​៖ «​​ពេល​នោះ​មនុស្ស​យន្ត​ទាំង​អស់​នឹង​ត្រូវ​យក​មក​បង្ហាញ​ក្នុង​ហាង​ ហើយ​ការ​វាយ​តម្លៃ​​​​​ពី​ក្រុម​ ​Builder​ ដ៏​​មាន​ជំនាញ​ ហើយ​ភាគ​ច្រើន​យើង​យក​មតិ​យោបល់​ពី​​ភ្ញៀវ​ផ្ទាល់​។ ​បើគាត់​ពេញ​ចិត្ត​មួយ​ណា​គាត់​អាច​បោះឆ្នោត​ ដែល​អាច​ទទួល​ជា​កាដូ​សម្រាប់​អ្នក​​ឈ្នះ​​»។​

អ្នកស្រី​​​បង្ហើប​​​ថា ​អ្នកស្រី​កំពុង​តែ​សាងសង់​ UrHobby Station​ នៅ​ខាង​ក្រោយ​ហាង​ ​ដែល​មាន​​ Gundam base ដូច​បណ្ដា​ប្រទេស​ដទៃ ​​ប្រមូល​ផ្ដុំ​ទៅ​ដោយ​មនុស្ស​យន្ដ​ផ្គុំ​រួច និង​អីវ៉ាន់​​ថ្មី​បំផុត​នៅ​លើ​ពិភព​លោក​ក៏​ដូចជា​សម្ភារ​ផ្សេងៗ​ទៀត​​។

អ្នកស្រី ​ស្រីណែត អះអាង​ថា ​នៅ​ឆ្នាំ​​ក្រោយ​អ្នកស្រី​​ត្រៀម​បើក​សាខា​ និង​លក់​ឈ្មោះ​យីហោ​​ ៣ ​ទៀត ​ពី​ព្រោះ​មាន​​​អតិថិជន​​​សួរ​រក​ជា​ច្រើន​។

អ្នកស្រី​​បញ្ជាក់​​​ថា​៖ «ហាង​របស់​ខ្ញុំ​មាន​ការ​បញ្ចុះ​តម្លៃ​ ១០ ​ភាគរយ ​ជូន​អ្នក​ដែល​យក​កែវ​មក​ផ្ទាល់​ខ្លួន​»។​

UrHobby House ចាប់​បើក​ពី​ម៉ោង​ ៧​ព្រឹក​ដល់​ម៉ោង​ ៩ ​យប់​ ​មាន​ទីតាំង​នៅលើ​ផ្លូវ​ ២០០២ កែងផ្លូវ ៣៧១ ភូមិ​អូរបែកក្អម​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​​សែនសុខ​ រាជធានី​ភ្នំពេញ​៕

វីដេអូ៖