ភ្នំពេញ: ហាង​គ្រឿង​សមុទ្រ​ព្រៃកោងកាង ដែល​ល្បី​មាន​ម្ចាស់​ហាង​ជា​តារា​ភាពយន្ត​រូប​សង្ហា​លោក ណាខុន នោះ គឺជា​ហាង​ដែល​ល្បី​លក់​ម្ហូប​ភាគ​ច្រើន​មក​ពី​ខេត្ត​កោះកុង មិន​ថា​គ្រឿង អាំង ចៀន ឬ​បុក​នោះ​ទេ សុទ្ធ​តែ​ជា​រូបមន្ត​មក​ពី​ខេត្ត​កោះកុង។

ម្ហូប​កម្រ​មាន​លក់​នៅ​ទីក្រុង​ភ្នំពេញ តែមាន​នៅ​ហាង​ព្រៃកោងកាង គ្រឿង​សមុទ្រ​នោះ​គឺ​បុក​កាពិ​កោះកុង។

ភាគច្រើន​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​ច្រើនតែ​ញ៉ាំ​បុក​កាពិ​បែប​ថៃ តែ​កម្រ​មាន​អ្នក​បាន​ទទួល​ទាន​បុក​កាពិ​កោះកុង​នេះ​ណាស់ ពីព្រោះ​មិន​សូវ​ជា​មាន​អ្នក​ធ្វើ​ប៉ុន្មាន​ទេ។

សម្រាប់​បុក​កាពិ​កោះកុង​នេះ​មាន​ក្លិន​ឈ្ងុយ ញ៉ាំ​មិន​រងាន់ ព្រោះ​មាន​បន្លែ​អន្លក់​ដូចជា ស្ពៃក្ដោប​ស្វាយ ត្រសក់​ស្រូវ ត្រសក់​ផ្អរ ពោត​បារាំង ត្រប់​ស្រួយ ប្រពាយ ស្នៀត​ពោត និង​ការ៉ុត ជាដើម។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ហឹរ​គឺ​អាច​ដាក់​ម្ទេស​បន្ថែម​ទៀត ពីព្រោះ​ថា បុក​កាពិ​នេះ​គេ​ធ្វើ​រស​ជាតិ​ហិល​ល្មម និង​រឹត​តែ​ឆ្ងាញ់​នៅ​ពេល​ទទួល​ទាន​ជាមួយ​បាយ។

ចំពោះ​អ្នក​ដែល​ចង់​ញ៉ាំម្ហូប​អ្នក​ខេត្តកោះកុង​គឺអាច​ទៅ​សាកល្បង​ញ៉ាំ​នៅ​ហាង គ្រឿង​សមុទ្រ​ព្រៃ​កោង​កាង ដែល​មាន​ម្ហូប​ល្បីៗ​ប្រចាំ​ហាង​ដូចជា ខ្យង​ត្រដឹក​ស្រស់​ ញ៉ាំ​ជាមួយ​ទឹកត្រី​កោះកុង​ផ្ទាប់​ស្លឹកក្ទម្ពទេស ភ្លាមឹក 3D ក្តាម​ផ្គរលាន់ ពិសេស​ប្រចាំ​ហាង​បាយ​ឆា​គ្រឿង​សមុទ្រ និង​ម្ហូប​ជា​ច្រើន​មុខ​ទៀត។

ហាង​ព្រៃកោងកាង គ្រឿង​សមុទ្រ ស្ថិតនៅ​ទល់មុខ​ស្ថានទូត​អូស្ត្រាលី។ ទូរស័ព្ទ​លេខ ០៩៨ ៣៣៣ ៤០៤៕