ភ្នំពេញ៖ ជា​អាហារ​ដ៏​ពេញ​និយម​នៅ បិនដូវ មាន​លក់​នៅ​តាម​គ្រប់​ច្រក​ល្ហក​តាំង​ពី​តាម​ដង​វិថី​ក្រុង​ហាណូយ ដល់​ភោជនីយដ្ឋាន​​ប្រណីត​នៅ​ឯ​នាយ​ក្រុង​ហូជីមិញ។

បិនដូវ ​ត្រូវ​បាន​គេហទំព័រ​ល្បី​ស៊ីអិនអិន ត្រាវែល ​ចាត់​ទុក​ជា​​អាហារ​ដ៏​ឆ្ងាញ់​បំផុត​ក្នុង​ចំណោម​បញ្ជី​មុខ​ម្ហូប ៤០ មុខ​របស់​វៀតណាម។

ម្ហូប​ល្បាយ​សាច់ បន្លែ​ស្រស់ និង​ទឹក​ជ្រលក់​​​រសជាតិ​ឆ្ងាញ់​មុត​ ត្រូវ​បាន​នាំ​មក​រាជធានី​ភ្នំពេញ ដោយ​​ម្ចាស់​ហាង​វ័យ​ក្មេង​ នេត សិរីរ័ត្ន ដោយ​ដាក់​ឈ្មោះ​​ហាង​​ថា​ បិនដូវ ​​តាម​ឈ្មោះ​អាហារ​នេះ​​តែ​ម្ដង​។

បិនដូវ បាន​ដំណើរការ​​​នៅ​ខេត្ត​សៀមរាប​ ​១ ​ឆ្នាំ​ជាង​ហើយ​ ប៉ុន្តែ​សាខា​រាជធានី​ភ្នំពេញ​ទើប​តែ​​បើក​បាន​ប្រមាណ​ជា ៣ ខែ​ប៉ុណ្ណោះ។​

សោភណភាព​នៃ​ការ​រៀបចំ​ដាក់​លើ​ចង្អេរ​មាន​សាច់​ច្រើន​ប្រភេទ ​ទាំង​សាច់​ជ្រូក​ស្ងោរ​​ហាន់​ជា​បន្ទះ​ ឆាគើម​ ចាយ៉​ ណែម​ជួរ​សាន​ ផាក់ឡូវ​ តៅហ៊ូ​ចៀន​ នំ​បញ្ចុក​ ​បន្លែ​ផ្ទាប់​ទាំង​ត្រសក់ ​សាលាដ ជីរ​ និង​​ទឹក​ជ្រលក់​កាពិ។

កញ្ញា​ម្ចាស់​ហាង ​ដែល​ធ្លាប់​ជា​បុគ្គលិក​​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​នេះ​បាន​រៀបរាប់​ពី​ការ​ចាប់​ផ្ដើម​នៃ​ការ​បើក​ហាង​នេះ​​មក​កាន់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា​៖ «ប្អូន​ស្រី​របស់​ខ្ញុំ​ជា​អតិថិជន​ បិន​ដូវ នៅ​ឯ​សៀមរាប​ពេល​ដែល​បាន​ពិសា​ហើយ​គាត់​ចូលចិត្ត​ តាម​ពិត​ទៅ​មាន​អ្នក​ធ្វើ​ច្រើន​ដែរ​តែ​រសជាតិ​មិន​ដូច​ដើម​ អ៊ីចឹង​ពួក​យើង​ក៏​សម្រេច​ចិត្ត​ទិញ​ឈ្មោះ​ពី​ម្ចាស់​ហាង​ទីនោះ»។

កញ្ញា រ័ត្ន បាន​បន្ត​ប្រាប់​ទៀត​ថា៖ «ពួក​គាត់​បាន​ចុះ​មក​បង្រៀន​យើង​ផ្ទាល់​​តែ​ម្ដង​ តាំង​ពី​រូបមន្ត​ទឹក​កាពិ​ រហូត​ដល់​​ តែ​ស្លឹក​​របស់​​វៀតណាម ​ដែល​ជា​ភេសជ្ជៈ​​ពិសេស​មាន​​ដាក់​បម្រើ​នៅ​ទីនេះ​ផង​ដែរ​»។

សាច់​ និង​គ្រឿង​ផ្សំ​យក​ពី​វៀតណាម​ មាន​ដូចជា ទឹក​កាពិ​ ឆាគើម​ សម្បក​ចាយ៉​ និង​ណែម​ជួរសាន​។ រី​ឯ​បន្លែ​ និង​គ្រឿង​ផ្សំ​មួយ​ចំនួន​ទៀត​គឺ​ជា​ផលិតផល​ក្នុង​ស្រុក​។​

បុគ្គលិកប្រកាន់ខ្ជាប់នូវអនាម័យ ដោយ​​ពាក់ម៉ាស់ និង​ស្រោមដៃ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

មុខ​ម្ហូប​​នេះ​ក្លិន​របស់​វា​ហាក់​ដូច​ជា​​​ខ្លាំង​បន្តិច​សម្រាប់​អ្នក​ដែល​មិន​ចេះ​ហូប​កាពិ​ តែ​គ្មាន​អ្វី​គួរ​ឱ្យ​បារម្ភ​ទេ​ ព្រោះ​​ហាង​ក៏​មាន​រៀបចំ​ទឹក​ត្រី​ផ្អែម​សម្រាប់​អតិថិជន​ទាំង​អស់​ជា​ស្រេច​ ដែល​ធានា​បាន​ថា​ រសជាតិ​នៅ​តែ​ឆ្ងាញ់​ជក់​ចិត្ត​បំផុត​។​

កញ្ញា​វ័យ​ ២៨​ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ថា​៖ «យើង​ដាក់​បម្រើ​ភ្ញៀវ​ទឹក​ជ្រលក់​ទាំង ​២ ​ប្រភេទ​ គឺ​ទឹក​កាពិ ​និង​ទឹកត្រី​ផ្អែម​ ប៉ុន្តែ​ខ្ញុំ​ចង់​ឱ្យ​អតិថិជន​ដែល​មក​លើក​ដំបូង​បាន​សាក​ជាមួយ​ទឹក​កាពិ​សិន​ ព្រោះ​វា​មាន​ការ​ពេញ​និយម​បំផុត​ហើយ​ក៏​ទាញ​យក​រសជាតិ​ បិន​ដូវ​មក​បរិភោគ​បាន​យ៉ាង​ស្កប់​ចិត្ត​»។

សម្រាប់​តែ​ស្លឹក​ ឬ​​​តែ​ក្រូច​ឆ្មារ​​ វា​ក៏​មាន​រសជាតិ​ម៉្យាង ​ដែល​ភ្ញៀវ​ដែល​មក​កាន់​ហាង​ បិនដូវ ​មិន​គួរ​រំលង។

បន្ទាប់​ពី​ទទួល​ទាន​ បិនដូវ បើ​បាន​ក្រេប​តែ​ស្លឹក​នេះ​បន្ថែម​ទៀត​នោះ​អតិថិជន​ពិត​ជា​ត្រជាក់​ចិត្ត​ និង​នាំ​មក​នូវ​អារម្មណ៍​ស្រស់​ថ្លា​មួយ​បែប​ទៀត។ តែ​ស្លឹក​មាន​រសជាតិ​ប្លែក​ពី​គេ​ និង​មាន​តម្លៃ​ត្រឹមតែ​ ១ ដុល្លារ។​

បិន​ដូវ ​ត្រូវ​បាន​រៀប​នៅ​ក្នុង​ចង្អេរ​ជាមួយ​នឹង​ទំហំ​ និង​តម្លៃ​ខុសៗ​គ្នា​ ដោយ​ឈុត​តូច​ ៥ ដុល្លារ អាច​បរិភោគ​បាន​ ១ ​ទៅ ​២ ​នាក់​ ឈុត​កណ្ដាល​​តម្លៃ​ ១០ ដុល្លារ សម្រាប់​​ ២ ​ទៅ​ ៣ ​នាក់​ និង​ឈុត​ធំ​ ១៥ ដុល្លារ អាច​ញ៉ាំ​​បាន​ពី​ ៣​ ទៅ ៤ ​នាក់​។

លើស​ពី​នេះ​បើ​សិន​ជា​អតិថិជន​ចង់​ថែម​សាច់​ក្រៅ​ក៏​អាច​ថែម​បាន​ ដោយ​មាន​តម្លៃ​សមរម្យ។​

កញ្ញា រ័ត្ន បាន​អះអាង​ពី​មោទនភាព​នៃ​ហាង​អាហារ​នេះ​ថា៖ ​«ហាង​នេះ​ជា​រសជាតិ​ដើម​របស់​ប្រទេស​វៀតណាម​ ហើយ​គ្រឿង​ផ្សំ​ និង​ទឹក​កាពិ​សុទ្ធ​តែ​នាំចូល​មក​ពី​វៀតណាម​ផ្ទាល់​ ដែល​ធ្វើ​ឱ្យ​រសជាតិ​របស់​ បិនដូវ មិន​ងាយ​នឹង​ឱ្យ​​គេ​ចម្លង​បាន​ងាយៗ»​។

ក្រៅ​ពី​រសជាតិ​អាហារ បិន​ដូវ ក៏​ជា​ហាង​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ និង​សុវត្ថិភាព​ម្ហូប​អាហារ ដោយ​បុគ្គលិក​មាន​ពាក់​ម៉ាស់ និង​ស្រោម​ដៃ។

ហាង​ទាក់ទាញយុវវ័យ ដោយ​ការ​តុបតែង​ពណ៌​ចម្រុះ​ស្រស់ស្រាយ​​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

បរិយាកាស​ហាង​ស្រស់ស្រាយ ជាមួយ​ការ​រចនា​បែប​យុវវ័យ មាន​ជញ្ជាំង​ចម្រុះ​ពណ៌ ស លឿង ផ្ទៃ​មេឃ និង​ផ្កាឈូក បែប​ឃ្យូត​។​

ហាង បិនដូវ​​ក៏​មាន​បន្ទប់​វីអាយភី​ សម្រាប់​ការ​ជួបជុំ​បែប​ជា​លក្ខណៈ​គ្រួសារ​តូច ​ឬ​ការ​ធ្វើ​កម្មវីធី​ផ្សេងៗ​​លក្ខណៈ​ឯកជន​ផង​ដែរ។​

ដោយ​ហាង​កាន់តែ​មាន​ដំណើការ​ល្អ​ កញ្ញា ​រ័ត្ន​ បាន​បង្ហើប​ពី​គម្រោង​ពង្រីក​ហាង​ឱ្យ​ធំទូលាយ​ថែម​ទៀត។

ម្ចាស់​ហាង​វ័យ​ក្មេង​រូប​នេះ​បាន​និយាយ​​ថា៖ «ព្រោះ​ខ្ញុំ​ចង់​ឱ្យ​​អតិថិជន​មាន​ភាព​ងាយ​ស្រួល»។

ហាង បិនដូវ ចាប់​បើក​ពី​ម៉ោង​ ៩ ​ព្រឹក​ដល់​ម៉ោង​ ៩ ​យប់​ និង​មាន​ទីតាំង ​#365E0, St.128, សង្កាត់​មិត្តភាព ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ​។

ទូរស័ព្ទ​ទាក់ទង​តាម​​លេខ​ ០៧០​ ៦៦៦ ១២០, ០៧០ ៦៦៦ ១៣០ និង​ ០៩៦​ ៦៦៦ ០១៣៣៕

វីដេអូ៖