សាមុយ: ក្តាម​ឆាកា​រី គឺជា​ម្ហូប​ពិសេស​មួយ​មុខ ចំណោម​ម្ហូប​ដទៃៗ​ទៀត​ដែល​ល្បី​ឆ្ងាញ់​ប្រចាំ​កោះ​សាមុយ។ សម្រាប់់​មុខ​ម្ហូប​នេះ​ជនជាតិ​ថៃ​ហៅថា Pu Pad Phong Ka Ree។ មុខ​ម្ហូប​នេះ​គឺ​អាច​រក​ញ៉ាំ​បាន​នៅ​ហាង Sabieng lae ដែល​ជា​ហាង​លក់​ម្ហូប​សមុទ្រ​នៅ​តំបន់ Fisherman Village Koh Samui តែម្តង។

ភ្ញៀវទេសចរ​ទាំងអស់​ដែល​មកលេង​នៅទីនេះ​កម្រ​រំលង​ភ្លក្ស ក្តាម​ឆាការី​ក្នុង​ហាង Sabienglae នេះ​ណាស់​ដោយសារ វា​មាន​រស​ជាតិ​ឆ្ងាញ់​ជាប់​មាត់។

តែ​ប្រសិនជា​យើង​មិន​មានឱកាស​ទៅលេង​កោះ​សាមុយ​ញ៉ាំ​នោះទេ​គឺអាច​សាកល្បង​រៀន​ធ្វើ​នៅ​ផ្ទះ​បាន​ដោយសារ តែ​គ្រឿង​ផ្សំ​របស់​វា​ងាយ​ស្រួល រក​ទិញ​នៅ​ស្រុក​ខ្មែរ​យើង ដូចជា ក្តាមថ្ម ពងមាន់ ស្លឹក​ខ្ទឹម ម្ទេស ខ្ទឹមស ម្រេច ប្រេងឆា ប្រេង​ខ្ចង ទឹក​ស៊ីអ៊ីវ ទឹក​ស៊ុប​មាន់ ម្សៅ​ការី និង​ស្លឹក​ឃិន​ឆាយ។

របៀប​ធ្វើ​ដំបូង​គឺ​យើង​យក ម្សៅ​ការី​លាយ​ជាមួយ​ម្រេច ទឹក​ស៊ីអ៊ីវ ប្រេង​ខ្ចង ពងមាន់ និង​ទឹក​ស៊ុប​មាន់ ហើយ​កូរ​វា​ឲ្យ​ចូល​គ្នា​រួច​ទុក​មួយ​ឡែក។

បន្ទាប់​មកចាក់​ប្រេងឆា​ឲ្យ​ក្តៅ​ល្មម ទើប​ដាក់​ខ្ទឹមស​បំពង​ឲ្យ​ឡើង​ប្រែ​ពណ៌​បន្តិច សឹម​ចាក់​គ្រឿង​ផ្សំ​ដែល​យើង​ទើប​តែ​លាយ​រួច ហើយ​កូរ​វា​បន្តិច​មុន​នឹង​ចាក់​សាច់​ក្តាម​ចូល ឆា​ច្របល់​គ្នា ឲ្យ​ឆ្អិន​សាច់​ក្តាម។ ពេល​ឆា​ឆ្អិន សឹម​ដាក់​ស្លឹក​ឃិន​ឆាយ ស្លឹក​ខ្ទឹម និង​ម្ទេស​ហាន់​ចូល​ជាការ​ស្រេច។

សម្រាប់​អ្នក​ដែល​មិនបាន​ចម្អិនម្ហូប​នេះ ក៏​អា​ចរក​ញ៉ាំ​នៅតាម​ភោជនីយដ្ឋាន​ថៃ​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​ផង​ដែរ៕