ភ្នំពេញ: ប្រជាប្រិយភាព​ក្នុងការ​ទទួលទាន​សាលា​ដ បាន​កើន​ឡើង​ច្រើន ហើយ​ក្នុង​ចំណោម​នោះ ហាង Vego សាលាដ មាន​អាយុកាល​ជិត ១ ទសវត្សរ៍​មក​ហើយ តាំង​ពី​ពេល ដែល​មាន​តែ​ភ្ញៀវ​បរទេស ហើយ​ប្រជាជន​ខ្មែរ​ពុំទាន់​ពេញ​និយម​បរិភោគ​សាលាដ។

អ្នកស្រី ទូច សុភា ម្ចាស់​ហាង Vego Salad បាន​រំឭកថា៖ «កាលពី ៨ ឆ្នាំមុន ហាង​របស់ខ្ញុំ​គឺ​លក់​ដាច់​ខ្លាំង​ទៅ​លើ​ភ្ញៀវ​បរទេស​តែ​ប៉ុណ្ណោះ រហូត​ដល់​ថ្នាក់​តម្រង់​ជួរ​ចាំ​ចូល​ញ៉ាំ សូម្បី​តែ​ការ​ដឹក​ជញ្ចូន​ក៏​យើង​ដឹក​មិន​ទាន់​ជូន​ភ្ញៀវ​ដែរ»។

ម្ចាស់​ហាង​រូបនេះ​បន្តថា៖ «ក៏ប៉ុន្តែ​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ គឺ​យើង​ទទួល​ការ​គាំទ្រ​ច្រើន​ពី​ភ្ញៀវ​ខ្មែរ ដោយ​គាត់​ចាប់ផ្តើម​យល់​ដឹង​ពី​សុខភាព យល់​ដឹង​ច្រើន​ពី​អត្ថប្រយោជន៍​ការ​ញ៉ាំ​បន្លែ ហើយ​អ្នក​ខ្លះ​ទៀត​គាត់​ទៅ​ហាត់​ប្រាណ​ចប់ គាត់​ត្រូវការ​ញ៉ាំ​បន្លែ ដើម្បី​ជួយ​ថែរក្សា​គីឡូ​របស់​គាត់ ហើយ​ពេល​ខ្លះ​គាត់​ទទួល​ការ​ណែនាំ​ពី​គ្រូ​កីឡា​ឲ្យ​ញ៉ាំ​សាលាដ​ជាដើម»។

អ្នកស្រី​បញ្ជាក់ថា៖ «ចំពោះ​បន្លែ​ដែល​ខ្ញុំ​ប្រើប្រាស់​លក់​សព្វថ្ងៃនេះ​គឺ​យើង​ប្រើ​បន្លែ​ធម្មជាតិ​ស្រស់​ពី​ប្រជា​កសិករ​ដែល​គាត់​ដាំ​ដុះ​ខ្លួន​ឯង​ផ្ទាល់ ដែល​គាត់​លក់​មក​ឲ្យ​ខាង​ខ្ញុំ អ៊ីចឹង​ទៅ​បន្លែ​ភាគ​ច្រើន​គឺ​ដាំ​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​យើង។ បន្លែ​ដែល​យើង​លក់ គឺ​ខ្ញុំ​បាន​កុម្ម៉ង់​ថ្មី​ស្រស់ៗ​រាល់​ថ្ងៃ​តែ​ម្តង»។

ភ្ញៀវ​មិនដែល​ញ៉ាំ​សាលាដ​សោះ អ្នកស្រី ទូច សុភា ណែនាំ​ឲ្យ​ញ៉ាំ​សាលាដ​ចាន​ដំបូង​ដែល​ភ្ញៀវ​អាច​រើស​បាន​បន្លែ ៤ មុខ គ្រាប់​ធញ្ញជាតិ ១ មុខ និង​ពង​មាន់ ១ ក្នុង​តម្លៃ ៤,៩៥ ដុល្លារ។

ចង់​ថែ​រាង​មែន​ទេ? Vego Salad ស្ថិតនៅ​ផ្លូវ ៥១ ក្រោយ​វត្ត​លង្កា ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១១៩៨៤ ៥៩៦៕