
ភ្នំពេញ : ស្ថិតនៅលើផ្លូវលេខ ៣៥២ សណា្ឋគារLe Blanc មានការតុបតែងដោយបង្អួចកញ្ចក់ថ្លាឆ្វង់ ដែលសង្ហារិមខាងក្នុងពោរពេញទៅដោយពណ៌សក្បុស។
នៅក្នុងសណ្ឋាគារដែលមានការរចនាក្បូរក្បាច់បែបសម័យទំនើបនោះ មានភោជនីយដ្ឋានដ៏សែនមនោរម្យមួយឈ្មោះថា Le Coco។ ទីកន្លែងទទួលទានអាហារនេះមានតុកៅអីម៉ូដប្លែកម៉្យាងដែលត្រូវបានគេត្បាញជាប់គ្នា។ ភ្ញៀវទាំងឡាយក៏អាចជ្រើសរើសយកការអង្គុយជុំវិញអាងហែលទឹកពណ៌ខៀវស្រងាត់ ខណៈទទួលទានអាហារខ្មែរ និងបរទេសជាច្រើនមុខផងដែរ។
ថ្ងៃនេះ ភ្នំពេញប៉ុស្ដិ៍នឹងនាំលោកអ្នកទៅភ្លក្សរសជាតិម្ហូបត្រីចៀនជូរអែមបន្លែគ្រប់មុខនៅភោជនីយដ្ឋាន Le Coco ព្រមទាំងលាតត្រដាងនូវអាថ៌កំបាំងក្នុងការចម្អិនដូចខាងក្រោមនេះ។
គ្រឿងផ្សំ : ត្រីរ៉ស់សាលាដ ការ៉ុត ម្ទេសហាវ៉ៃលឿង ម្នាស់ ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ប៉េងប៉ោះ ត្រសក់ និងខ្ទឹមបារាំង។
គ្រឿងផ្សំរសជាតិ : ម្សៅឆា ទឹកប៉េងប៉ោះ ម្សៅស៊ុប អំបិល និងស្ករ។
ត្រីរ៉ស់ត្រូវយកទៅចៀនខ្លាញ់ឲ្យឆ្អិនល្មមហើយទុកមួយអន្លើសិន។ យកបន្លែដែលចិតរួចហើយយកមកឆាជាមួយនឹងគ្រឿងផ្សំរសជាតិដូចជាស្ករស ម្សៅស៊ុបអំបិលទឹកប៉េងប៉ោះ និងម្សៅឆាដើម្បីឲ្យខាប់ទឹកបន្តិចហើយភ្លក្សសាបប្រៃតាមចំណូលចិត្ត។ លោកអ្នកត្រូវរៀបសាលាដ រួចដួសត្រីចៀនដាក់ចាន មុននឹងស្រូបទឹកបន្លែជូរអែមហើយរោយស្លឹកខ្ទឹម និងជីរវ៉ាន់ស៊ុយនោះជាការស្រេច។
Le Coco មានបម្រើអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ជាមួយនឹងការបញ្ចុះតម្លៃពិសេសពីម៉ោង៥កន្លះដល់ម៉ោង៧យប់។ សណ្ឋាគារ Le Blanc ផ្ទះលេខ ២១អា ផ្លូវលេខ ៣៥២ ទូរស័ព្ទលេខ ០២៣ ៩៧១ ៩៧១ និង ០២៣ ៩៧២ ៩៧២៕