សៀមរាប: ក្រោយពី​ដាក់​បម្រើ​មុខម្ហូប​ខ្មែរ​ប្រណីត​អស់​រយៈពេល​ជាង ៤ ឆ្នាំ ខ្មែរ​ថាច់ ជា​ភោជនីយដ្ឋាន​ស្ថិត​នៅ​កណ្ដាល​ក្រុង​សៀមរាប បាន​បន្ថែម​មុខម្ហូប​បរទេស​ប្លែកៗ​ជាច្រើន​ដើម្បី​ផ្គាប់​ចិត្ដ​ភ្ញៀវ​គ្រប់​ប្រភេទ​តាម​ចំណង់​ចំណូល​ចិត្ដ។

ថ្ងៃនេះ មេ​ចុងភៅ​មាន​បទពិសោធ​ជាង ២០ ឆ្នាំ ពី​ភោជនីយដ្ឋាន ខ្មែរ​ថាច់ បាន​ណែនាំ​មុខម្ហូប​ត្រី​ឆ្ពង់​ស៊ុប​ក្រែម ឬ Sea bass Cream Soup មក​បង្ហាញ​ជូន​មិត្ដ​អ្នក​អាន​ភ្នំពេញ​ប៉ុស្ដិ៍ សប្ដាហ៍​នេះ។

លោក កែវ វុទ្ធី មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន ខ្មែរ​ថាច់ បាន​ប្រាប់​ពី​គ្រឿងផ្សំ​ត្រី​ឆ្ពង់​បណ្ដែត​ខ្លួន​លើ​ស៊ុប​បន្លែ​បៃតង​ថា ត្រី​ឆ្ពង់ ផ្កា​ខាត់ណា​ពណ៌​ស ផ្កា​ខាត់ណា​ខៀវ ឬ​ប្រូខូលី សណ្ដែក​ខៀវ និង​ការ៉ុត។

លោក វុទ្ធី បាន​និយាយត្រួសៗពី​វិធី​ចម្អិន​ថា៖ «យើង​យក​បន្លែ​ទាំងនេះ​កិន​វា​ឲ្យ​ហ្មត់​ល្អ រួច​សម្រិត​យក​ទឹក​កាក​មក​ធ្វើ​ជា​ទឹក​ស៊ុប រោយ​អំបិល និង​ម្រេច​បន្ដិច​ចូល​ក្នុង​ស៊ុប រួច​យក​ទៅ​រម្ងាស់​ឲ្យ​ពុះ។ បន្ទាប់​មក​ដាក់​សាច់​ត្រី​ឆ្ពង់​ចូល​រហូត​ដល់​ឆ្អិន​ល្អ»។

មេ​ចុងភៅ ដែល​បង្កើត​សោ​ភណភាព​ម្ហូប​បែប​ប្រណីត​រូបនេះ​បន្ដថា៖ «ពេល​លើក​ជូន​ភ្ញៀវ​យើង​ត្រូវ​ដាក់​ស៊ុប ចំណិត​ត្រី ដាក់​ផ្កា​ខាត់ណា និង​ប្រូខូលី​ចិញ្ច្រាំ​ល្អិត ដើម្បី​លម្អ​ក្នុង​ទឹក​ស៊ុប រួច​បន្ថែម​ក្រែម​បន្ដិច​បន្ដួច​ជា​គ្រឿង​លម្អ»។

ត្រី​ឆ្ពង់​បណ្ដែត​ខ្លួន លើ​ស៊ុប​បន្លែ​បៃតង​មុខម្ហូប​បស្ចិមប្រទេស​ដ៏​ល្អ​ប្រណីត​នេះ មាន​តម្លៃ ៣២ ០០០ រៀល (៨ ដុល្លារ) ក្នុង ១ ចាន។

ភ្ញៀវ​ដែល​ចង់​ភ្លក្ស​ត្រី​ឆ្ពង់​ស៊ុប​ក្រែ​ម​ភោជនីយដ្ឋាន ខ្មែរ​ថាច់ ស្ថិតនៅលើ​វិថី​ស៊ី​វុត្ថា តំបន់​បរិវេណ​ផ្សារ​ចាស់ ក្នុង​ទឹកដី​សៀមរាប​ឬ ទាក់​ទង​តាម​ទូរស័ព្ទ​លេខ ០៦៣ ៧៦ ៥៦ ៨៩៕