ភ្នំពេញ: ថ្វីដ្បិតតែសម្លតុមយ៉ាំបង្កងជាម្ហូបអត្តសញ្ញាណជាតិថៃដ៏ពេញនិយមក៏ពិតមែន ប៉ុន្តែនៅភោជនីយដ្ឋាន ប៊ុង្គុត មុខម្ហូបត្រីឆ្ពង់បំពងជ្រលក់ទឹកត្រីបានក្លាយជាអាហារដ៏ពេញនិយមកុម្ម៉ង់ជាងគេបំផុត ដោយសារតែសាច់ត្រីស្រួយខ្ញោក ស្ងួត មិនមានជាប់ខ្លាញ់។ សាច់ត្រីឆ្ពង់បំពងបន្ថែមរសជាតិទឹកត្រី ឬទឹកត្រីស្វាយម្ទេស ញ៉ាំជាមួយបាយ រឹតតែឆ្ងាញ់។
ស្ថិតនៅម្ដុំបឹងកេងកង ១ ភោជនីយដ្ឋានម្ហូបថៃ ប៊ុង្គុត រំលេចរចនាប័ទ្មជាផ្ទះបែបថៃបុរាណជាមួយដំបូលស្រួចកោងម៉ូដឈើ អមដោយរុក្ខជាតិបៃតងដាំតាមរបងហាង។
ទោះជារចនាប័ទ្មខាងក្រៅមានលក្ខណៈហាក់វិលទៅសម័យអតីតកាលក្ដី ប៉ុន្តែឈានជើងចូលខាងក្នុងហាង លោកអ្នកនឹងភ្ញាក់ផ្អើលជាមួយការរចនាបែបទំនើប។ ចង្កៀងរំយោលតាមជញ្ជាំងពណ៌ទឹកក្រូចចាស់ រំលេចវាំងននពណ៌ខៀវ កៅអីពូកពណ៌សដ៏ទាន់សម័យ កែវស្រាបារាំង លើតុអាហារខ្មៅរលោងស្រិល។
ក្រៅពីត្រីឆ្ពង់បំពងនេះ ភោជនីយដ្ឋាន ប៊ុង្គុត ក៏មានជម្រើសម្ហូបថៃ និងថៃកាត់ចិនជាច្រើន ដូចជា ទឹកគ្រឿងកាពិត្រីប្លាធូ គ្រឿងក្លែមត្រជាក់ ឆាម្រះព្រៅទាខ្វៃ ខជើងជ្រូក ពងទាចៀនអយស្ទ័រ សាច់ជ្រូកស្រួយហុងកុង និងឈុតបុកល្ហុងពិសេស។
ហាង ប៊ុង្គុត ស្ថិតនៅផ្ទះលេខ ២៨ ផ្លូវ៣០២ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕