សៀមរាប: រមណីយដ្ឋាន​រំលេច​ទេសភាព​បែប​ស្រុក​ស្រែ ក្យូស​ប្រប​ប្រឡាយ​ទឹក ស្រះ​ត្រី សួន​បន្លែ សួន ផ្កា វាល​ស្រែ ឆ្លុះ​ភ្នំ​ក្រោម អន្ទង​ចិត្ដ​ភ្ញៀវ​ដែល​ប្រាថ្នា​ការ​សម្រាក​លម្ហែ និង​ស្រូប​ខ្យល់​អាកាស​ក្រោម​ជំនោរ​ត្រជាក់​ត្រសៀក ជា​ពិសេស ការ​ភ្លក្ស​រស​ជាតិ​មុខម្ហូប​បែប​ស្រុក​ស្រែ​ចម្ការ។

ភូមិ​ស្លា ដែល​ជ្រើសរើស និង​គាំទ្រ​បន្លែ សាច់​ពី​ប្រជាកសិករ​សហគមន៍​ក្នុង​ស្រុក ព្រម​ទាំង​ផ្ដល់​សុវត្ថិភាព​ចំណី​អាហារ​ចំពោះ​អតិថិជន​មក​កម្សាន្ដ​នៅ​រមណីយ​ដ្ឋាន​មួយ​នេះ បាន​ណែនាំ​មុខម្ហូប​ត្រី​ដុត​ពិសេស​ផ្ទាប់​ទឹក​ជ្រលក់​អម្ពិល​ទុំ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​យ៉ាង​ច្រើន ជាពិសេស​ថ្ងៃ​ចុង​សប្ដាហ៍ និង​បុណ្យ​ទាន​ផ្សេងៗ។

អ្នកនាង ឌី ចាន់ណា អាយុ ៣៦ ឆ្នាំ មេ​ចុងភៅ​ប្រចាំ​រមណីយដ្ឋាន​ធម្មជាតិ​ភូមិ​ស្លា បាន​រៀបរាប់​អំពី​ភាព​វិសេស​ត្រី​ដុត​អម្ពិល​ទុំ​ថា៖ «យើង​ធ្វើ​ទឹក​ត្រី​អម្ពិល​ទុំ ក៏មាន​លក្ខណៈ​ប្លែក​ពី​គេ។ ឥឡូវ​នេះ វា​មាន​រស​ជាតិ​កាន់​តែ​ឆ្ងាញ់ ដែល​ភ្ញៀវ​ចូល​ចិត្ដ​កាន់​តែ​ច្រើន។ យើង​មាន​ទាំង​នំ​បញ្ចុក យើង​មាន​ទាំង​សម្បក​ណែម ដែល​អាច​ឲ្យ​គាត់​ញ៉ាំ​ធម្មតា​ក៏បាន និង​មូរ​ជាមួយ​ណែម​ញ៉ាំ​ក៏បាន​ដែរ»។

មេ​ចុងភៅ​រូបនោះ បាន​បន្ដ​ប្រាប់​គ្រឿងផ្សំ​ថា មាន​ត្រី​រ៉ស់ ទម្ងន់​ពី ៥ ទៅ ៧ ខាំ នំ​បញ្ចុក សម្បក​ណែម ត្រសក់ ជី សាលាដ សណ្ដែក​បណ្ដុះ ការ៉ុត គល់​ស្លឹកគ្រៃ ទឹកត្រី​អម្ពិល​ទុំ ខ្ទឹម​ក្រហម និង​ខ្ទឹមស។

​ក្យូស​លម្ហែ​សង់​ប្រប​តាម​ប្រឡាយ​ទឹក​ដែល​ផ្ដល់​ជំនោរ​ត្រជាក់​ត្រសៀក​នៅ​រមណីយដ្ឋាន​ធម្មជាតិ​ភូមិ​ស្លា​​​។ ផា លីណា

អ្នកនាង ចាន់ណា បាន​រៀបរាប់​អំពី​វិធី​ធ្វើត្រួសៗថា មុនដំបូង ហាន់​ខ្ទឹមក្រហម និង​បំពង ច្របាច់​ទឹក​អម្ពិល ឆឹង​ស្ករ​ឆា​ជាមួយ​ខ្ទឹម​បំពង និង​ចាក់​ទឹក​អម្ពិល​ទុំ​ចូល។

អ្នកជំនាញ​ទឹកជ្រលក់​ប្រចាំ​នៅ​រី​សត​រមណីយដ្ឋាន​ធម្មជាតិ​ភូមិ​ស្លា បាន​បន្ថែម​ថា៖ «អ៊ីចឹង ទឹក​អម្ពិល​ទុំ​នេះ វា​ខាប់​អន្ដាយៗ ក្នុង​ទឹក​ជ្រលក់ ហើយ​ពេល​យើង​ញ៉ាំ​ទៅ វា​កាន់​តែ​ឈ្ងុយ។ ញាត់​គល់​ស្លឹកគ្រៃ​ក្នុង​ពោះ​ត្រី រួច​ដាក់​ដុត»។

មេ​ចុងភៅ ដែលមាន​ទេពកោសល្យ​បង្កើត​គ្រឿង​ទឹកជ្រលក់​ប្លែក រូបមន្ដ​ប្រចាំ​គ្រួសារ​រូប​នេះ បាន​បន្ដ​ថា៖ «នៅ​ទីនេះ យើង​ប្រើ​សត្វ​សាច់​នៅ​រស់ៗ​ទាំង​អស់ ហើយ​របស់​សល់ ទាំង​ត្រី ទាំង​មាន់​អី យើង​អត់​ប្រើ​នោះ​ទេ»។

ត្រី​ដុត​ទឹកត្រី​អម្ពិល​ទុំ​គួប​អន្លក់​នំ​បញ្ចុក និង​ទឹកត្រី​ពិសេស​ប្រចាំ​នៅ​រមណីយដ្ឋាន​ភូមិ​ស្លា មាន​តម្លៃ ៣ ម៉ឺន​រៀល។

រមណីយដ្ឋាន​ធម្មជាតិ​ភូមិ​ស្លា ស្ថិត​ក្នុងភូមិ​កន្ត្រក ឃុំ​ស្វាយដង្គំ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំ​ក្រោម។ សម្រាប់​ព័ត៌មាន​លម្អិត និង​ការ​កក់​ក្យូស ព្រមទាំង​ទីតាំង​រមណីយ​ដ្ឋាន ដែល​ទើប​បាន​បើក​សម្ពោធ​ក្ដៅៗ​នេះ​អាច​ទាក់​ទង​តាម​លេខ​ទូរស័ព្ទ ០៧៧ ៩៣០ ០០០៕