ភ្នំពេញ: បើនិយាយពីត្រីដុតបំពង់ឫស្សីគឺម្នាក់ៗតែងតែនឹកឃើញដល់ភោជនីយដ្ឋាន «កាហ្វេដី» ម្ដុំទួលគោក ដែលសម្បូរដោយម្ហូបប្លែកៗស្នាដៃចុងភៅប្រចាំហាងតែម្តង។
លោក អ៊ឹម វីរៈ អ្នកគ្រប់គ្រងភោជនីយដ្ឋានកាហ្វេដី ឲ្យដឹងថា៖ «កាហ្វេដី ទើបតែបើកលក់បានរយៈពេល ៣ ខែ តែមានការគាំទ្រជាច្រើនពីអតិថិជន ដោយសារតែម្ហូបនៅទីនេះខុសប្លែកពីហាងដទៃច្រើន ដូចជា ត្រីដុតបំពង់ឫស្សី»។
លោកបន្តថា៖ «ទាំងរសជាតិ និងរបៀបធ្វើគឺពិសេសតែម្តង ដោយចុងភៅយកត្រីមកប្រឡាក់ជាមួយគ្រឿងផ្សំរសជាតិ រួចដាក់ចូលក្នុងបំពងឫស្សីដុតវារយៈពេល ២០ ទៅ ២៥ នាទីទើបឆ្អិន ត្រីដុតបំពង់ឫស្សីនេះគឺញុំាជាមួយនឹងបន្លែស្រស់ សាលាដ ត្រសក់ សណ្តែកបណ្តុះ ជីរ និងការ៉ុដ រុំផ្ទាប់ជាមួយនំបញ្ចុក ជ្រលក់ទឹកត្រីអម្ពិលទុំតែម្តង ធ្វើឲ្យរសជាតិវារឹតតែឆ្ងាញ់»។

លោក វីរៈ បានបន្តទៀតថា៖ «មុខម្ហូបត្រីដុតបំពង់ឫស្សី និងមាន់ដុតក្នុងពាង អម្ពិលខ្ចី បាយចំហុយ គឺដាច់ពេក អ៊ីចឹងហើយភ្ញៀវភាគច្រើនដែលគាត់ចង់មកញ៉ាំគឺត្រូវតែចាំយ៉ាងហោចណាស់ ២០ ទៅ ២៥ នាទី ដោយសារតែត្រី និងមាន់ចំណាយពេលធ្វើយូរ»។
សម្រាប់ត្រីដុតបំពង់ឫស្សីមួយឈុតមានតម្លៃ ៣ ម៉ឺនរៀលអាចញុំាបានគ្នា ៣ នាក់។ ចំណែកឯមាន់ដុតក្នុងពាង អម្ពិលខ្ចី បាយចំហុយ ក្នុងមួយឈុតគឺ ៦ ម៉ឺនរៀល ញ៉ាំបាន ៣ នាក់ (សម្រាប់អ្នកញ៉ាំតិច»។
បច្ចុប្បន្ននេះ នៅវេលាអាហារពេលព្រឹក កាហ្វេដីបានលក់នូវគុយទាវដីពិសេសអាហារថ្មីដល់ភ្ញៀវបន្ថែមទៀត។
កាហ្វេដី ស្ថិតនៅផ្ទះលេខ ២០ ផ្លូវ៥៩០ ទំនាក់ទំនងទូរស័ព្ទ លេខ ០៧៧ ៨៥ ៩៩ ៥៩ និង ០១៥ ៨៥ ៩៩ ៥៩៕