
ភ្នំពេញ : ត្រីក្រហមគឺជាសាច់ដែលកំពុងពេញនិយមក្នុងពេលបច្ចុប្បន្ន។ នៅតាមបណ្ដាហាងនានា មុខម្ហូបចម្អិនពីត្រីក្រហមតែងឃើញមាននៅក្នុងបញ្ជីរាយនាមមុខម្ហូបជានិច្ច ជាពិសេសគឺត្រីក្រហមដុតអំបិល តែម្ដង។
សម្រាប់ថ្ងៃនេះ ភ្នំពេញប៉ុស្ដិ៍នឹងណែនាំពីអាហារចម្អិនពីសាច់ត្រីក្រហមផងដែរ ប៉ុន្តែវិធីធ្វើ និងរូបមន្តចម្អិនរបស់វាមានលក្ខណពិសេសជាងមុខម្ហូបត្រីក្រហមដទៃ ទៀតដែលអ្នកធ្លាប់ឮ។
«ត្រីដុតជាមួយគ្រឿង» គឺជាឈ្មោះមុខម្ហូបនៅភោជនីយដ្ឋាន Rambutan ដែលអាហារនេះធ្លាប់ជាប់ចំណាត់ថ្នាក់លេខ២ពីកម្មវិធីប្រកួតធ្វើម្ហូប នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
គ្រឿងផ្សំ : ត្រីក្រហម គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម រំដេង រមៀត ម្សៅស៊ុប អំបិល ម្ទេសប្លោកបៃតង ម្ទេសប្លោកក្រហម ម្ទេសដៃនាង ជីរនាងវង ល្ពៅកិន ត្រាវកិន និងស្ពៃជ្រក់។
វិធីចម្អិន : ដំបូងត្រូវយកត្រីក្រហមពន្លះយកឆ្អឹងចេញ រួចចៀរយកតែសាច់។ បន្ទាប់មកត្រូវរៀបចំបុកគ្រឿងរួមមាន គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹមក្រហម និងខ្ទឹមសចូលគ្នាឲ្យម៉ដ្ឋ រួចប្រឡាក់វាជាមួយសាច់ ត្រី ដោយប្រើម្សៅស៊ុបបន្តិច មុននឹងខ្ចប់ក្រដាសអាលុយមីញ៉ូមអាំងឲ្យឆ្អិន។ ត្រាវ និងល្ពៅ ត្រូវយកទៅស្ងោរឲ្យឆ្អិន។ ត្រាវឆ្អិនត្រូវកិនឲ្យម៉ដ្ឋ រីឯល្ពៅត្រូវយកទៅកិនឲ្យម៉ដ្ឋដែរ រួចបំពងជាមួយម្សៅស្រួយ។
ចំណែកឯស្ពៃជ្រក់ ជីរនាងវង និងម្ទេសប្លោកទាំង២ពណ៌ត្រូវចិញ្ច្រាំជាដុំតូចៗរួច ច្របល់លាយជាមួយម្សៅស៊ុប និងអំបិលបន្តិច។ ចំពោះការរចនាចានអាហារ ដំបូងត្រូវយកដុំល្ពៅបំពង២ដុំរៀបធ្វើជាភ្នែក ដោយបន្ថែមចំណិតម្ទេសដៃនាងពីលើ។ ត្រាវម៉ដ្ឋត្រូវរៀបជាច្រមុះ។ រីឯស្ពៃជ្រក់ចិញ្រ្ចាំជាមួយម្ទេសប្លោក និងជីរនាងវងត្រូវរៀបជាមាត់ មុននឹងដាក់សាច់ត្រីគ្របពីលើនោះជាការស្រេច។
«ត្រីដុតជាមួយគ្រឿង» នេះមាន តម្លៃ៦ដុល្លារក្នុង១ចាន។ លោកអ្នកអាចអញ្ជើញទៅភ្លក្សអាហារនេះផ្ទាល់នៅភោជនីយដ្ឋាន Rambutan ស្ថិតនៅផ្ទះលេខ២៩ ផ្លូវលេខ៧១ សង្កាត់បឹងកេងកង១ ទូរស័ព្ទលេខ ០១៧៩៩២២៤០ និង ០១២៩២៩៣២៨៕