
ទាអាំងអំបិលម្ទេស និងទឹកជ្រលក់ ៣ មុខផ្ទាប់បន្លែស្រស់។ ផា លីណា
សៀមរាប: ភូមិស្លាជាឈ្មោះរីសតបែបធម្មជាតិដោយរំលេចនូវទេសភាពបែបស្រុកស្រែ ក្យូសប្របប្រឡាយទឹក ស្រះត្រី សួនបន្លែ សួនផ្កា វាលស្រែ ឆ្លុះភ្នំក្រោម អន្ទងចិត្ដភ្ញៀវមកសម្រាកលម្ហែ ស្រូបខ្យល់អាកាសជំនោរត្រជាក់ត្រសៀក ជាពិសេសការភ្លក្សរសជាតិម្ហូបបែបស្រុកស្រែដែលស្ទួយផលិតផលសហគមន៍ខ្មែរ។
ទាអាំង ផ្ទាប់បន្លែអន្លក់ចុចទឹកជ្រលក់ ៣ មុខជាមុខម្ហូបដ៏ពេញនិយមប្រចាំរីសត គន់ឆ្លុះដល់ភ្នំក្រោមចម្ងាយប្រមាណ ៧ គីឡូម៉ែត្រពីក្រុងសៀមរាបប៉ុណ្ណោះ។
អ្នកនាង ឌី ចាន់ណា អាយុ ៣៦ ឆ្នាំ មេចុងភៅប្រចាំរីសតធម្មជាតិភូមិស្លា ប្រាប់ពីគ្រឿងផ្សំទាអាំង មានដូចជា ទា អំបិល ម្ទេស ស្ករ ប៊ីចេង អង្ក្រង ប្រហុក ទឹកត្រី និងម្ទេសបៃតង។
អ្នកនាង ចាន់ណា បានប្រាប់ថា៖ «ដំបូង ច្របល់អំបិល ម្ទេស ស្ករ ប៊ីចេង និងគ្រឿងផ្សំរសជាតិមួយចំនួនទៀត [រូបមន្ដវិសេសផ្ទាល់ខ្លួន] ប្រឡាក់ជាមួយនឹងសាច់ទារួចដាក់អាំងលើរងើកធ្យូងរយៈពេលពី ២៥ ទៅ ៣០ នាទីដើម្បីឲ្យឆ្អិនល្អ»។
មេចុងភៅដែលពូកែច្នៃមុខម្ហូបខ្មែរបែបចង់ឲ្យភ្ញៀវស្រក់ទឹកមាត់រូបនេះបានបន្ដប្រាប់ពីបន្លែអន្លក់ថា វាមានត្រសក់ ការ៉ុត ជី សាលាដ សណ្ដែកកួរ ប៉េងប៉ោះ និងចេកខ្ចីដែលងាយរកទិញពីប្រជាសហគមន៍។

ទិដ្ឋភាពក្យូសក្បែរវាលស្រែជាផ្នែកមួយជ្រុងនៃរីសតធម្មជាតិភូមិស្លាចម្ងាយ ៧ គីឡូម៉ែត្រពីក្រុងសៀមរាប។ផា លីណា
ចំពោះទឹកជ្រលក់ចំនួន ៣ មុខ ដែលផ្គាប់ចិត្ដភ្ញៀវតាមតម្រូវការ អ្នកនាង ចាន់ណា បាននិយាយថាទឹកជ្រលក់ ៣ មុខរួមមាន ប្រហុកអង្ក្រង ទឹកត្រីភូមិស្លា និងទឹកត្រីកោះកុង។ ទឹកជ្រលក់ប្រហុកអង្ក្រងមានគ្រឿងផ្សំចម្បង ដូចជា ប្រហុក អង្ក្រង រំដេងលីង ស្លឹកគ្រៃ ខ្ទឹម ម្ទេស ស្ករ និងអំបិល។ លីងម្ទេសបៃតង (ម្ទេសហឹរអត់ទាន់ទុំ) ជាមួយខ្ទឹមក្រហម ខ្ទឹមស រួចបុក យកអំពិលទុំទាំងគ្រាប់ដើម្បីលាយធ្វើទឹកត្រី។
អ្នកនាង ឌី ចាន់ណា បានអះអាងពីភាពវិសេសរបស់អាហារនៅរីសតភូមិស្លាថា៖ «ទឹកត្រីភូមិស្លា ខុសទាំងពណ៌សម្បុរ និងរសជាតិដោយប្លែកមាត់ពីទឹកត្រីបុកទូទៅ»។
ថ្លែងពីការគាំទ្រដល់កសិផលរបស់ប្រជាសហគមន៍ លោក ខាំ សេរីចន្ថា ជំនួយការប្រឹក្សាយោបល់ទូទៅប្រចាំរមណីយដ្ឋានធម្មជាតិភូមិស្លាបាននិយាយថា៖ «យើងចូលរួមចំណែកបង្កើនទីផ្សារសហគមន៍តាមរយៈការប្រើប្រាស់បន្លែ និងសាច់គ្មានជាតិគីមីដែលអាចជួយទ្រទ្រង់ដល់កសិផលសហគមន៍ និងគិតគូរទៅដល់សុខភាពភ្ញៀវមកកម្សាន្ដនៅភូមិស្លា»។
ទាអាំងអំពិលម្ទេសផ្ទាប់បន្លែស្រស់ចុចទឹកជ្រលក់ ៣ មុខប្រចាំរមណីយដ្ឋានភូមិស្លាមានតម្លៃ ៦ ម៉ឺនរៀល បូកបន្ថែមឆាគ្រឿងក្នុងជាមួយត្រកួនកំដរមាត់។
រមណីយដ្ឋានធម្មជាតិភូមិស្លាស្ថិតក្នុងភូមិកន្ត្រក ឃុំស្វាយដង្គំ មិនឆ្ងាយប៉ុន្មានពីភ្នំក្រោម។
សម្រាប់ព័ត៌មានលម្អិត និងការកក់ក្យូសនៅរីសតបែបធម្មជាតិបៃតងដែលទើបបានបើកសម្ពោធក្ដៅៗនេះអាចទាក់ទងតាមលេខទូរស័ព្ទ ០៧៧ ៩៣០ ០០០៕