កំពង់ចាមៈ ស្ថិត​នៅ​ខាងកើត​ផ្សារស្គន់ ទឹកដី​ខេត្ត​កំពង់ចាម ខ្ទីងវល្លិ៍ កាហ្វេ មាន​បម្រើ​នូវ​ភេសជ្ជៈ​ប្លែកៗ ហើយ​អ្វី​ដែល​លេចធ្លោ​ជាង​គេ​គឺ​ហាង​នេះ​បាន​ច្នៃ​ផ្លែឈើ​ខ្មែរ​ធ្វើជា​ភេសជ្ជៈ​ប្លែកៗ​មាន​ដូចជា ខ្វិត​ក្រឡុក (៨០០០៛) ផ្លែ​សេដា ឬ​ផ្លែ​តូម៉ា​ក្រឡុក​ទឹកដោះគោ (៨០០០៛) ផ្លែ​សេដា ឬ ផ្លែ​តូម៉ា​ក្រឡុក​តែ​ទឹកដោះគោ (៩០០០៛) ទឹក​ព្រីង (Jambolan Juice) ព្រីង​សូដា (៧០០០៛) និង​ព្រីង​ក្រឡុក (៨០០០៛)​។

លោក តាំង អៀកឃុន វ័យ ៣៣ ឆ្នាំ​ជា​ម្ចាស់​ហាង ខ្ទីងវល្លិ៍ កាហ្វេ បាន​សង្កេត​ឃើញ​ថា ផ្លែឈើ​ទាំង​នេះ​មិន​សូវ​មាន​នៅលើ​ទីផ្សារ​នោះ​ទេ ខណៈ​ទាំង​រសជាតិ និង​គុណប្រយោជន៍​គឺ​មាន​ដូចគ្នា​នឹង​ផ្លែឈើ​បរទេស​ដែល​មិន​គួរ​មើល​រំលង​។

នៅ​ថ្ងៃ​មួយ​មាន​បុគ្គលិក​យក​ផ្លែ​សេដា​មក​ផ្ញើ​លោក ហើយ​អ្នក​ជំនាញ​ចម្អិន​ម្ហូប​នៅ​សាលាបង្រៀន​ធ្វើ​ម្ហូប ក្លូប៊ល និង​បាន​ទទួល​ការបណ្តុះបណ្តាល​ផ្នែក​ឆុង​កាហ្វេ​ពី​ក្រុមហ៊ុន បុងកាហ្វេ រូបនេះ​បាន​រំឭក​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ក៏​ចាប់ផ្តើម​ធ្វើ​វា (​ទឹក​ផ្លែ​សេដា​) ពេល​ដែល​ក្រឡុក​ហើយ​ខ្ញុំ​ក៏​សាក​ឲ្យ​បុគ្គលិក​ខ្ញុំ និង​មិត្តភក្តិ​របស់​ខ្ញុំ ហើយ​ពួកគាត់​ក៏​អាច​ញ៉ាំ​បាន ទើប​ខ្ញុំ​សម្រេច​ចិត្ត​ដាក់លក់ បន្ទាប់​មក​ខ្ញុំ​បាន​កែច្នៃ​ផ្លែ​ខ្វិត​ជា​ផ្លែឈើ​ទី​ ២ ដែល​ខ្ញុំ​បាន​ច្នៃ និង​ទី​ ៣ គឺ​ផ្លែ​ព្រីង​នេះ​ឯង គ្រាន់តែ​ផ្លែ​ព្រីង​មិន​អាច​ក្រឡុក​ជាមួយ​ទឹកដោះគោ​បាន​ដូច​សេដា និង​ខ្វិត​បាន​ទេ អ៊ីចឹង​ត្រូវ​ប្រើ​ទឹក​ជំនួស​»​។

ភេសជ្ជៈ​រសជាតិ​ព្រីង ទើប​តែ​ចាប់ផ្តើម​ដាក់​លក់​កាលពី​ថ្ងៃទី​ ២១ ខែ​ឧសភា​កន្លង​ទៅ​នេះ​ ប៉ុន្តែ​ដោយ​បើកហាង​ចាប់ពី​ម៉ោង ៦ ព្រឹក​រហូត​ដល់​ ៨ ​យប់ និង​ក្នុង​ ១ ​ថ្ងៃ ភេសជ្ជៈ​ដែល​ផលិត​ពី​ផ្លែ​ព្រីង​នេះ​លក់​បាន​ចាប់ពី ៥ ទៅ ១០​ កំប៉ុង​។

ខ្ទីងវល្លិ៍ កាហ្វេ មាន​បម្រើ​ភេសជ្ជៈ​ច្នៃ​ពី​ផ្លែឈើ​ខ្មែរ​តាម​រដូវកាល​មាន ព្រីង ខ្វិត សេដា ជាដើម​។ រូបថត សហការី

លោក តាំង អៀកឃុន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​រសជាតិ​ឆ្ងាញ់​ប្លែក ភេសជ្ជៈ​ព្រីង ក៏​អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម បន្ថយ​ក្អក កាត់បន្ថយ​ជំងឺរាក និង​ជំនួយ​ដល់​ស្បែក​ទៀតផង​។ ប៉ុន្តែ​ផលិតផល​ព្រីង​នេះ​មិន​តម្រូវ​ឲ្យ​ស្ត្រី ដែល​ទើប​នឹង​សម្រាល​កូន​កំពុង​បំបៅ​ដោះ​កូន អ្នក​មុន និង​ក្រោយ​វះកាត់​ពិសារ​នោះ​ទេ​។

ចំពោះ​ផ្លែ​សេដា ឬ​ផ្លែ​តូម៉ា​ក្រឡុក​មាន​ផ្ទុក​នូវ​អាហារូបត្ថម្ភ វីតាមីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន​ដែល​ផ្តល់​នូវ​កាក​សរសៃ ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្នែក​ឡើង​បាយ ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ប៉ូវ​ឆ្អឹង ជំនួយ​បេះដូង បង្កើន​ប្រព័ន្ធ​ភាពស៊ាំ និង​ទប់ស្កាត់​ជំងឺ​មហារីក​។

ចំណែក​ខ្វិត​ក្រឡុក​វិញ​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ជួយ​ថែរក្សា​សុខភាព​ស្បែក ជួយ​ការពារ​ជំងឺមហារីក បង្កើន​ប្រព័ន្ធ​ភាពស៊ាំ ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​តួនាទី​ថ្លើម និង​ការពារ​មិន​ឲ្យ​ធ្មេញ​ខូច​។

លោក តាំង អៀកឃុន ក៏​បាន​បញ្ជាក់​ពី​រូបមន្ត​ដែល​លោក​បាន​ច្នៃ​បន្ថែម​ទៀត​ថា​៖ «​ចំពោះ​រូបមន្ត​ខ្ញុំ​បាន​មកពី​ស្វែងរក​នៅ​តាម​ប្រព័ន្ធ Internet ដូចជា Youtube, Facebook និង Google និង​ខ្ញុំ​បាន​កែច្នៃ​បន្ថែម​ទៀត​តាម​ចំណេះ​ដែល​ខ្ញុំ​ធ្លាប់​បាន​រៀន​ពី​មុន​មក ប៉ុន្តែ​ចំពោះ​ការកែច្នៃ​ទាំងនេះ​ខ្ញុំ​មិន​បាន​ប្រាកដ​ថា​ខ្ញុំ​គឺជា​អ្នក​រកឃើញ​មុនគេ​នោះ​ទេ​»​។

ខ្ទីងវល្លិ៍ កាហ្វេ ស្ថិត​នៅ​ភូមិ​ស្គន់ ឃុំ​សុទិព្វ ស្រុក​ជើងព្រៃ ខាង​កើត​ផ្សារ​ស្គន់​ចម្ងាយ ៥០០ ​ម៉ែត្រ​ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម​៕