
កន្លងមក ការរៀនធ្វើម្ហូបបែបកម្សាន្ត សម្បូរតែភ្ញៀវទេសចរបរទេសមកស្វែងយល់។ សហការី
សៀមរាប: ទៅលេងខេត្ត សៀមរាប មិនដឹងជាត្រូវធ្វើអ្វីផ្សេងទៀតបន្ទាប់ពីដើរទស្សនាប្រាង្គប្រាសាទអង្គរ និងការកម្សាន្តរាត្រីនៅផាប់ស្ទ្រីតមែនទេ? តោះសាកល្បងរៀនធ្វើម្ហូបនៅក្នុងចម្ការផ្ទាល់តែម្តងគឺចម្ការម្ហូបសរីរាង្គ (Mahob Organic Farm) ដែលជាផ្នែកមួយរបស់ភោជនីយដ្ឋាន «ម្ហូប» នៅខេត្តសៀមរាប។
អ្នកនាង ជូ សូនីតា (Chou sonita) ប្រធានផ្នែកលក់ប្រចាំភោជនីយដ្ឋានម្ហូបបាននិយាយថា៖ «ភ្ញៀវភាគច្រើនដែលគាត់មកញ៉ាំម្ហូបខ្មែរនៅហាងរបស់យើង គឺយើងតែងតែផ្តល់យោបល់ដល់គាត់ថា តើពួកគាត់ចង់រៀនធ្វើម្ហូបខ្មែរដែរឬទេ? ពីព្រោះយើងបានរៀបចំកន្លែងធ្វើម្ហូបនៅចម្ការផ្ទាល់តែម្តង អ៊ីចឹងភ្ញៀវគាត់អាចមកសាកល្បងធ្វើម្ហូបផ្ទាល់នៅក្នុងចម្ការ ដែលមានដាំដុះបន្លែជាច្រើនប្រភេទ ស្រូបយកខ្យល់អាកាសបែបធម្មជាតិ បណ្ដើរនៅពេលដែលកំពុងតែរៀនធ្វើម្ហូប»។
អ្នកនាងបានឲ្យដឹងទៀតថា៖ «ភ្ញៀវភាគច្រើនដែលគាត់មករៀនធ្វើម្ហូបនៅចម្ការរបស់យើងច្រើនតែជនជាតិបរទេស មិនសូវជាមានជនជាតិខ្មែរយើងប៉ុន្មានទេ ក៏ប៉ុន្តែមានខ្លះដែរគឺខ្មែរអាណិកជនគាត់មកលេងនៅខេត្តសៀមរាបនេះ»។

ចម្ការបន្លែសរីរាង្គ ផ្ដល់បរិយាកាសស្ងប់ស្ងាត់ និងខ្យល់បរិសុទ្ធសម្រាប់សិស្សរៀនចម្អិនម្ហូប។ សហការី
ការរៀនធ្វើម្ហូបនៅក្នុងចម្ការនេះ មានតម្លៃម្នាក់ ៤០ ដុល្លារ ហើយភ្ញៀវទេសចរអាចត្រឡប់ទៅផ្ទះវិញជាមួយចំណេះដឹងចម្អិនម្ហូបដែលបង្រៀនដោយចុងភៅជំនាញ។
អ្នកនាងបានបន្តទៀតថា៖ «ចំពោះភ្ញៀវជនជាតិខ្មែរដែលចង់រៀនធ្វើម្ហូបដើម្បីកម្សាន្តលេងបន្ទាប់ពីដើរទស្សនាតំបន់ប្រាសាទហើយនោះ គឺអាចមករៀនធ្វើម្ហូបនៅចម្ការសរីរាង្គផ្ទាល់ បានឃើញនៅការដាំដុះបន្លែ ស្រូបយកខ្យល់បរិសុទ្ធក៏ដូចជាភ្លក្សរសជាតិម្ហូបខ្លួនឯងធ្វើដោយផ្ទាល់ដៃ»។
ក្រៅពីការធ្វើម្ហូបនៅក្នុងចម្ការម្ហូបសរីរាង្គ ភ្ញៀវក៏អាចនាំគ្នាទៅញ៉ាំអាហារពេលរសៀល ឬក៏ពេលល្ងាចបាន នៅភោជនីយដ្ឋាន «ម្ហូប» ដែលជាហាងមានការតុបតែងបែបខ្មែរ លាយសម័យទំនើប មានផាសុកភាពងាយស្រួលសម្រាប់ភ្ញៀវលក្ខណៈគ្រួសារមិត្តភក្តិ និងជាគូស្នេហ៍បែបរ៉ូមេនទិកផងដែរ។
ចង់រៀនធ្វើម្ហូបនៅចម្ការសរីរាង្គ ឬក៏ញ៉ាំម្ហូបខ្មែរ អាចទាក់ទងតាមទូរស័ព្ទលេខ០១២ ៨៩១ ៩៦២៕