The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នៅ​ផ្ទះ​ស្រូប​ចំណេះ​ធ្វើ​ចាហួយ​ខេក​ឃ្យូតៗ​ពី «ផ្ទះ​បង្អែម គិរី​បៃតង» បង្រៀន​ទាល់តែ​សិស្ស​ចេះ​ស្ទាត់




នៅ​ផ្ទះ​ស្រូប​ចំណេះ​ធ្វើ​ចាហួយ​ខេក​ឃ្យូតៗ​ពី «ផ្ទះ​បង្អែម គិរី​បៃតង» បង្រៀន​ទាល់តែ​សិស្ស​ចេះ​ស្ទាត់

Content image - Phnom Penh Post
អ្នកស្រី​មាន​លក់​សម្ភារ​ធ្វើ​បង្អែម និង​ផ្ដល់​វគ្គ​បង្រៀន​ធ្វើ​អនឡាញ​ក្នុងតម្លៃ​សមរម្យ។ សហការី

នៅ​ផ្ទះ​ស្រូប​ចំណេះ​ធ្វើ​ចាហួយ​ខេក​ឃ្យូតៗ​ពី «ផ្ទះ​បង្អែម គិរី​បៃតង» បង្រៀន​ទាល់តែ​សិស្ស​ចេះ​ស្ទាត់

ភ្នំពេញ៖ ស្ថិត​នៅលើ​ទម្រ​ក្រដាស ៤ ជ្រុង​ចាហួយ​ពណ៌​ស្រស់​ឆើត​ត្រូវបាន​តាក់តែង​ជា​នំ​ខួបកំណើត​មាន​តុក្កតា​ឃ្យូតៗ​ជា​រូប​ក្មេងប្រុស ក្មេងស្រី កូន​សត្វ ផ្លែឈើ និង​ផ្កា​គ្រប់​ម៉ូដ​ចម្រុះ​ពណ៌។

ទាំង​ស្អាត ទាំង​គួរឱ្យ​ចង់​ញ៉ាំ ចាហួយ​នំខេក ជា​ជម្រើស​បង្អែម​ពោរពេញ​ដោយ​សោភណភាព និង​រសជាតិ​ប្លែក ដែល​កំពុង​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អតិថិជន​ជា​អ្នក​ទទួលទាន និង​ជា​អ្នក​ប្រាថ្នា​ចង់​រៀន​ធ្វើ​ដោយផ្ទាល់។

អ្នកស្រី កុក សុធីរ៉ា ម្ចាស់​ហាង ផ្ទះ​បង្អែម គិរី​បៃតង ស្វាគមន៍​អតិថិជន​ទាំង ២ ភេទ ដោយ​អ្នកស្រី​មាន​លក់​ទាំង​ចាហួយ​តាម​អនឡាញ​ និង​មាន​បើក​វគ្គ​បង្រៀន​អនឡាញ។

ដំណើរ​ដើមទង​នៃ​ការចាប់ផ្ដើម​ដំណើរការ​នំ​ចាហួយ​ខេក​នេះ​ត្រូវបាន​ស្ត្រី​ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​រូបនេះ​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «កាលពី​ចុងឆ្នាំ ២០១៤ បន្ទាប់ពី​ឈប់​ពី​ការងារ​ខ្ញុំ​បើក​ហាង​បោកអ៊ុត​ទំនើប ខ្ញុំ​មាន​បុគ្គលិក​ច្រើន ខ្ញុំ​ក៏​ទំនេរ​ច្រើន។ ខ្ញុំ​មើល​ទូរស័ព្ទ​ឆែក​មើល​ពីនេះ​ពី​នោះ​ហើយ​ប្រទះ​ភ្នែក​នឹង​ចាហួយ​ហ្នឹង»។

អ្នកស្រី​បាន​រំឭក​ប្រាប់ថា៖ «កាលណោះ​ខ្ញុំ​ឃើញ​ចាហួយ​នៅក្នុង​កូន​កែវ​ និង​មាន​រូប​កូន​ទា គួរឱ្យ​ស្រលាញ់​យ៉ាងខ្លាំង និង​ប្លែក​ពី​គេ។ ខ្ញុំ​ចាប់ផ្ដើម​ស្វែងរក​ព័ត៌មាន​បន្ថែម​ទៅ​រៀន​ហើយ​ឃើញថា​នៅ​ថៃ។ ខ្ញុំ​ក៏​ចុះទៅ​រៀន​ដល់ផ្ទះ​គ្រូ​នៅ​ថៃ​ផ្ទាល់»។

Content image - Phnom Penh Post
ចាហួយ​ខេក​មាន​រូប​តុក្កតា តួអក្សរ ផ្កា និង​ផ្លែឈើ​ចម្រុះ​ពណ៌។ សហការី

ត្រឡប់​មកវិញ​អ្នកស្រី​ក៏​ចាប់​ផ្តើម​ធ្វើ​ចាហួយ​លក់​ឆ្នាំ ២០១៥ ចាប់ផ្តើម​បង្រៀន​ផ្ទាល់​នៅផ្ទះ​ដើម​ឆ្នាំ ២០១៨ ហើយ​ក៏​ចាប់​បង្រៀន​តាម​អនឡាញ​ និង​យក​សម្ភារ​ចូល​មក​លក់​ដាក់​ជា​ហាង​ពាក់កណ្តាល​ឆ្នាំ ២០១៨ ដោយ​លែង​ទទួល​បង្រៀន​ផ្ទាល់​វិញ។

អ្នកស្រី​បើក​លក់​ដំបូង​តែ​ចាហួយ​ប៉ុណ្ណោះ​តែ​ទទួល​បាន​លទ្ធផល​ល្អ​ណាស់។ អ្នកស្រី សុធីរ៉ា បាន​សម្គាល់​ឃើញថា បងប្អូន​ខ្មែរ​ភាគច្រើន​ស៊ាំ​ជាមួយ​នំ​ខេក​មាន​គ្រីម ប៉ុន្តែ​ភាព​ប្លែក​របស់​ចាហួយ​ខេក​គឺ​រសជាតិ​ល្មម​សម្រាប់​អ្នក​មិន​ចូលចិត្ត​ផ្អែម​ដែល​ងាយ​ធ្វើឱ្យ​រងាន់ និង​ទទួលទាន​បាន​ទាំង​ក្មេង​ទាំងចាស់។

អ្នកស្រី​បានឱ្យ​ដឹងថា៖ «មាន​បងប្អូន​ផ្ញើសារ​មក​ប្រាប់ថា យាយ​គាត់​ចូលចិត្ត​ញ៉ាំ​ណាស់ គាត់​ថា​ឆ្ងាញ់ ញ៉ាំ​ទៅ​មិន​រងាន់​មិន​ផ្អែម​ពេក លើក​ក្រោយ​គាត់​នឹង​កុម្ម៉ង់​ទៀត»។

ដោយ​ចង់​ចែករំលែក​ចំណេះ​ធ្វើឱ្យ​ទូលំទូលាយ និង​ផ្ដល់​ភាពងាយស្រួល​ដល់​សិស្ស​នៅ​ឆ្ងាយៗ​ទាំង​តាម​បណ្ដា​ខេត្ត និង​នៅក្រៅ​ប្រទេស អ្នកស្រី​មានគំនិត​បង្រៀន​អនឡាញ។

Content image - Phnom Penh Post
ចាហួយ​ផ្កា​រៀប​ជា​ប្រអប់​អាច​ជូន​ជា​អំណោយ​ដ៏ស្អាត​ប្លែក និង​មាន​រសជាតិ​ឆ្ងាញ់។ សហការី

ដោយ​រូប​អ្នកស្រី​ផ្ទាល់​ក៏​មមាញឹក​នឹង​របរ​លក់​អនឡាញ ការបង្រៀន​អនឡាញ​អំណោយផល​ដល់​ពេលវេលា​សិក្សា​ងាយ​បត់បែន​តាម​ជាក់ស្ដែង ហើយ​វា​ក៏មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ការ​មក​រៀន​ផ្ទាល់។

អ្នកគ្រូ​បង្រៀន​ធ្វើ​បង្អែម​វ័យ ៤១ ឆ្នាំ​រូបនេះ​ក៏បាន​ពន្យល់​ពី​វគ្គ​សិក្សា​ពី​ចម្ងាយ​ផងដែរ​ថា៖ «ការបង្រៀន​អនឡាញ​គឺ​ខ្ញុំ​បង្កើត​ក្រុម​ផ្ទាល់ខ្លួន​មួយ​ក្នុង​ហ្វេសប៊ុក។ ខ្ញុំ​នឹង​បង្ហោះ​វីដេអូ​បង្រៀន​ពី​មេរៀន​លម្អិត​ និង​ផ្ដល់​ការណែនាំ​តាំងពី​គ្រឿងផ្សំ​ និង​សម្ភារ​ដែល​ត្រូវ​ប្រើ ការប្រើប្រាស់​ជញ្ជីង ស្លាបព្រា​វាល់ផ្សេងៗ​ដល់​ពួកគាត់»។

អ្នកស្រី​បន្តថា៖ «បន្ទាប់ពី​ពួកគាត់​សាកល្បង​ធ្វើ ពួកគាត់​នឹង​ផ្ញើ​វីដេអូ​មកហើយ​ខ្ញុំ​នឹង​កែតម្រូវ​ពួកគាត់​រាល់​ការខ្វះខាត គឺ​គាត់​រៀន​មួយ​ចេះ។ អ្នកណា​ចង់​រៀន​វគ្គ​ណា​ខ្ញុំ​នឹង​ទាញ​គាត់​ចូល​ក្រុម​នោះ បន្ទាប់ពី​គាត់​បង់​ថ្លៃ​រួច។ មកដល់​ពេល​នេះ​ខ្ញុំ​មាន​ជាង ១០ វគ្គ​ហើយ»។

អ្នកស្រី​ក៏បាន​ឱ្យដឹង​ដែរ​ថា​អតិថិជន​មួយចំនួន​ដែល​មិន​ធ្លាប់​រៀន​បែបនេះ បាន​ឆាត​មក​ក្នុង​ផេច​ប្រាប់​អ្នកស្រី​ថា​ពួកគាត់​ចង់​រៀន​តែ​មិនសូវ​ជឿជាក់ថា​ការបង្រៀន​នេះ​មាន​ប្រសិទ្ធភាព។

Content image - Phnom Penh Post
ចាហួយ​ផ្កា​រៀប​ជា​ប្រអប់​អាច​ជូន​ជា​អំណោយ​ដ៏ស្អាត​ប្លែក និង​មាន​រសជាតិ​ឆ្ងាញ់។ សហការី

ជាមួយ​នឹង​ភ័ស្តុតាង​ស្ដែងចេញ​តាមរយៈ​ស្នាដៃ​ស្អាតៗ​របស់​កូនសិស្ស ដែល​បាន​ចុះឈ្មោះ​រៀន​អនឡាញ អ្នកស្រី​ សុធីរ៉ា បាន​អះអាងថា វា​មិន​ដូច​ការមើល​ក្នុង YouTube ដែល​គេ​បង្រៀន​មិនបាន​ឃើញ​បច្ចេកទេស​ទាំងអស់​ទេ។ សម្រាប់​អ្នកស្រី​កូនសិស្ស​ឆ្ងល់​ត្រង់ណា​គាត់​អាច​ឆាត​សួរ​អ្នកស្រី​បាន​គ្រប់ពេល។

ការសិក្សា​ពី​បង្អែម​នំ​ចាហួយ​មាន ៣ វគ្គ ដោយ​ក្នុង ១ វគ្គ ១០ ០ដុល្លារ បើ​សិស្ស​ចូល​ទាំង ៣ វគ្គ​តម្លៃ​តែ ១៥០ ដុល្លារ​ទេ។ វគ្គ​ផ្សេងៗ​គឺ​តម្លៃ ៥០ ដុល្លា​ដូចជា​វគ្គ​នំ​ច័ក្កច័ន នំ​ស្នូល​សណ្ដែក បាណាណាខាប់ខេក និង​បង្អែម​ច្រើន​ទៀត។

ការចុះឈ្មោះ​ឥឡូវនេះ​រហូត​ដល់​ថ្ងៃទី ៣០ ខែមេសា​គ្រប់​វគ្គ​ទាំងអស់​មាន​ការបញ្ចុះ​តម្លៃ ៥០ ភាគរយ។

ក្នុង​ចំណោម ១០ វគ្គ​អ្នកស្រី​មាន ៣ វគ្គ​សម្រាប់​ការប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ជារួម​មាន​សង់ខ្យាដុត ទឹក​សូសស្ត្រប៊ើរី​ និង​សូកូឡា និង​បង្អែម​ដង្កូវ​ដោយ​មាន​ប្រម៉ូសិន ១ វគ្គ ១០ ដុល្លារ ឬ​តាម​សទ្ធា។

Content image - Phnom Penh Post
ម្ចាស់​ហាង ផ្ទះ​បង្អែម គិរី​បៃតង មាន​លក់​ទាំង​ចាហួយ​ខេក​ និង​វគ្គ​បង្រៀន​ធ្វើ​បង្អែម​អនឡាញ។ សហការី

ក្រៅពី ១០ វគ្គ​ខាងលើ​អ្នកស្រី​ក៏បាន​ឱ្យដឹង​ដែរ​ថា​អ្នកស្រី​បាននិង​កំពុង​ព្យាយាម​បង្កើត​វគ្គថ្មីៗ និង​ប្លែកៗ​ច្រើន​បន្ថែមទៀត ដូចជា​ថ្ងៃ ២៥ មេសា​កន្លងទៅ អ្នកស្រី​បាន​បើក​វគ្គ​ថ្មី​សង់ខ្យា ៩ រសជាតិ និង​វគ្គ​ជា​បន្តបន្ទាប់​ទៀត​គឺ​វគ្គ​បាយដំណើប​ចម្រុះ​ និង​បង្អែម​សៀម។

អ្នក​ដែល​ចង់​កុម្ម៉ង់​ហូប​វិញ​គឺ​តម្លៃ​ចាហួយ​ចាប់ពី ២០ ដុល្លារ ឯ​នំផ្សេងៗ​មាន​ពី ១ ទៅ ៥ ដុល្លារ​តាម​ប្រភេទ​នំ​ និង​ការវេចខ្ចប់។

អ្នកស្រី​បាន​ប្រាប់​ពី​គោលបំណង​ធំ​ដែល​អ្នកស្រី​បង្រៀន​ថា៖ «ខ្ញុំ​បើក​បង្រៀន​ ព្រោះ​ចង់ឱ្យ​ខ្មែរ​យើង​មាន​របស់​ញ៉ាំ​ឆ្ងាញ់​ដែល​មាន​តម្លៃ​សមរម្យ​ហើយក៏​ចង់​ចែករំលែក​ជំនាញ​ទាំងនេះ​ដល់​ស្ត្រីៗ​ឱ្យ​យក​ទៅ​ប្រកបមុខរបរ។ ពួកគាត់​មិនបាច់​មាន​ហាង​ក៏​បាន​ឱ្យតែ​ធ្វើ​ឆ្ងាញ់​ និង​មាន​អនាម័យ»។

អ្នកស្រី​បន្តថា៖ «ខ្ញុំ​ចង់​ផ្តាំ​ទៅ​អ្នកអាន​ ជាពិសេស​ស្ត្រី​មេផ្ទះ កុំ​គិតថា​យើង​មិនអាច​ធ្វើបាន​ ព្រោះ​សមត្ថភាព​មនុស្ស​ម្នាក់ៗ​គ្មាន​ដែន​កំណត់​ទេ​ឱ្យតែ​យើង​ចង់​ធ្វើ​ចង់​រកលុយ​ចិញ្ចឹម​គ្រួសារ ហើយ​យើង​ត្រូវ​ព្យាយាម​ជាមួយ​វា​ព្រោះ​មុខរបរ​លក់​របស់​ញ៉ាំ​គឺជា​មុខរបរ​សន្សំ​ភ្ញៀវ​បើ​ចង់​ធ្វើ​តែ ១ ឆាវ​គឺ​អត់​ជោគជ័យ​ទេ​បើ​យើង​ចេះ​ ១០ មុខ​មិនដែល​រកលុយ​មិនបាន ១ មុខ​ទេ»។

ព័ត៌មាន​បន្ថែម​ពី​ការជាវ​ចាហួយ​ដ៏ច្នៃប្រឌិត និង​ការរៀន​ធ្វើ​បង្អែម​នាន ផ្ទះ​បង្អែម គិរី​បៃតង Bakery Supply អាច​ទំនាក់ទំនង​បាន​តាម​ទំព័រ​ហ្វេសប៊ុក @kbshbakery៕

Content image - Phnom Penh Post
អ្នកស្រី កុក សុធីរ៉ា​ និង​បង្អែម​រចនា​ឡើង​ដូច​ផ្លែឈើ​ស្រស់ពិត។ សហការី

Content image - Phnom Penh Post
ចាហួយ​ត្រូវ​បាន​រចនា​ជា​ទម្រង់​ផ្កា​ដ៏រស់​រវើក​ចម្រុះ​ពណ៌។ សហការី

អត្ថបទគួរចាប់អារម្មណ៍