ភ្នំពេញៈ មិនបាច់​ស្កាត់​ទៅដល់​ប្រទេស​ថៃ មក​ញ៉ាំ​នំ​ក្រែប​មាន ២ រស​ជាតិ​ផ្អែម និង​ប្រៃ នៅ​ខាង​មុខ​ហាង​កាហ្វេ​ធូដេ (Coffee Today) ក្បែរ​វិទ្យាល័យ​បាក់​ទូក ទីធ្លា​តូច​ល្មម​តែមាន​អនាម័យ​នឹង​ផាសុកភាព ហើយ​អ្នក​លក់​ក៏មាន​ភាព​រួស​រាយ​រាក់​ទាក់​ផង​ដែរ។

កញ្ញា គុន ណា​រី វ័យ ២៨ឆ្នាំ ជា​ម្ចាស់​ហាង​បានផ្តល់​បទសម្ភាស​មកកាន់ ភ្នំពេញ ប៉ុស្តិ៍​ផ្ទាល់​ថា៖ «មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បើក​ហាង​នំ​ក្រែប​នេះ​ឡើង​គឺ​ដោយសារ ខ្ញុំ​ចូលចិត្ត​ញ៉ាំ​នំ​នេះ (នំ​ក្រែប) ហើយ​មាន​តែ​នៅ​ប្រទេស​ថៃ ដែល​គេ​ពេញ​និយម នៅ​ខ្មែរ​យើង​មិន​សូវ​មាន​ទេ»។

ម្សៅ​នំ​ត្រូវបាន​ចាក់ទៅលើ​ម៉ាស៊ីន​មាន​សីតុណ្ហភាព​ក្តៅ ដើម្បី​ធ្វើ​ឲ្យ​នំ​ស្រួយ។ ជម្រើស​សម្បក ២ ផ្សេង​គ្នា មាន​សម្បក​ឥន្ទធនូ និង​ឆាខូល​អាច​ផ្សំ​ជា​ស្នូល​ផ្អែម (ទឹកឃ្មុំ តំណាប់ ទំពាំង​បាយជូរ ស្ករ ឥណ្ឌូនេស៊ី គ្រាប់​ស្វាយ​ចន្ទី សូកូឡា នំ​សរសៃ​មាស ពោត Nutella ស្ករ Marshmallow ជា​ប្រភេទ​ដែល​អតិថិជន​ចង់​បន្ថែម)។

កញ្ញា​បន្តថា៖ «ស្នូល​ប្រៃ​វិញ យើង​អាច​បន្ថែម​ជា​សាច់​ហេម សាច់​ក្តាម ឈី​ស សាច់ក្រក ពងមាន់ បាក់​យ៉ុង និង​មាន​បន្ថែម​ដោយ​មិន​គិត​ប្រាក់​មាន ទឹក​ម្ទេស ទឹក​ប៉េង​បោះ និង ម៉ា​យូណេស។ កាន់​តែ​ពិសេស​ទៀត​នោះ​យើង​អាច​លាយ​ស្នូល​ប្រៃ និង​ស្នូល​ផ្អែម​ជាមួយ​គ្នា​បាន​ធ្វើ​ឲ្យ​រស​ជាតិ​កាន់​តែ​ឆ្ងាញ់​ថែម​មួយក​ម្រិត​ទៀត»។

តូប​ដ៏​តូច​ច្រឡឹង​លក់​នំ​ក្រែប​​​​ទល់មុខ​សាលា​បាក់ទូក​។ សហការី

ម៉ា​ដាម នំ​ក្រែប ទើប​តែមាន​ទីតាំង ១ កន្លែង ក្រោយពី​ចាប់ផ្តើម​បើក​នៅ​ខែ​សីហា ឆ្នាំ ២០១៨ តែ​ធ្វើ​ឲ្យ​មាន​ការ​ពេញ​និយម​ច្រើន​ពី​សំណាក់​មនុស្ស​គ្រប់​វ័យ ជាពិសេស​សិស្ស​សាលា ដែល​មាន​តម្លៃ​ចាប់​ពី ២ ដុល្លារ ឡើង​ទៅ​ដល់ ៣ ដុល្លារ និង​ទៅ​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន ដែល​ចូលចិត្ត​បន្ថែម​រស​ជាតិ​ថែម​ទៀត។

ក្រៅពី​រសជាតិ​ឆ្ងាញ់ ម្ចាស់ហាង​ក៏បាន​រៀបរាប់​ពី​គុណ​ប្រយោជន៍​សុខភាព​នៃ​នំ​ក្រែប​យ៉ាង​ដូច្នេះ​ថា៖ «ចំពោះ​សម្បក​ឆាកូ ជំនួយ​ដល់​សុខភាព និង​សម្បក​ឥន្ធធនូ​ផ្សំ​ពី​ទឹក​ដោះ​គោ​ជំនួយ​ដល់​ស្បែក»។

ម៉ា​ដាម​នំ​ក្រែប​ដែល​ភ្ញៀវ​ពេញនិយម​ញ៉ាំ​ជាងគេ គឺ​ស្នូល​ប្រៃ​ដែលមាន​លាយ​ជាមួយ​ពង​មាន់ ហតដក បាក់​យ៉ុង និង​សាច់​ក្តាម ហើយ​នៅ​ក្នុង​ថ្ងៃ​ដែល​ស្ងាត់​បំផុត​យ៉ាង​ហោច​ណាស់​ក៏​លក់​បាន​ចាប់​ពី ៣០ ទៅ ៥០ នំ​ដែរ ក្នុង ១ ថ្ងៃ។

ម្ចាស់​ហាង​នំ​ក្រែប កញ្ញា ណា​រី ដែល​បាន​ទៅ​រៀន​ធ្វើ​នំ​ផ្ទាល់​នៅ​ប្រទេស​ថៃ​បាន​បង្ហើប​ថា ហាង​នេះ​បាន​ចំណាយ​ទុន​អស់​ចំនួន ៧ ពាន់​ដុល្លារ។

នៅ​ដើមឆ្នាំ ២០១៩ កញ្ញា នឹងមាន​ការពង្រីក​សាខា​មួយទៀត​នៅ​ទួលគោក ដោយ​ហាង​មាន​ទំហំ​ធំ​ជាង​មុន ហើយ​នំ​ក៏មាន​ជម្រើស​កាន់​តែ​ច្រើន​ប្រភេទ៕