សៀមរាបៈ ធ្លាប់​តែ​ញ៉ាំ​នំ​ខួប​កំណើត​ជា​នំដុត​មាន​គ្រីម​មែន​ទេ​? តោះ​! ទៅ​សាក​ភ្លក្ស​នំ​រសជាតិ​ប្លែក​ធ្វើ​ពី​ចាហួយ និង​រសជាតិ​ទឹកដោះគោ​នៅ​ទឹកដី​អង្គរ ជា​ស្នាដៃ​ស្ត្រី​មេផ្ទះ​ស្ថិត​នៅក្នុង​ភូមិ​តាវៀន ឃុំ​សាលា​កំរើក ក្រុង​សៀមរាប វិញ​ម្ដង​មើល​!

ហាង VT Cake មាន​លក់​នំ​បែប​ខួបកំណើត​ធ្វើ​ពី​ចាហួយ​មាន​ស្នូល​ជា​ប្រភេទ​ទឹកដោះគោ ស្លឹក​តើយ និង​ស្ត្រប៊ើរី ប៉ុន្តែ​បើ​សិន​ជា​ភ្ញៀវ​ចង់​កុម្ម៉ង់​ឲ្យ​មាន​គ្រីម​ក៏​បាន ព្រមទាំង​រចនា​ម៉ូដ​បាន​តាម​តម្រូវការ​របស់​អតិថិជន​ក្នុង​តម្លៃ​ចាប់ពី ១០ ​ដុល្លារ​ឡើង​ទៅ​។

សម្រាប់​នំ​ខ្នាតតូច​មាន​ការរចនា​ជា​រូប​តុក្កតា​គួរ​ឲ្យ​ស្រឡាញ់ ម៉ូដ​ខុសៗ​គ្នា និង​ត្រូវបាន​ខ្ចប់​ក្នុង​ប្រអប់​ប្រកប​ដោយ​​អនាម័យ និង​សោភណភាព​ក្នុង​តម្លៃ​ត្រឹមតែ ១ ​ដុល្លារ​ប៉ុណ្ណោះ​។

អ្នកនាង អ៊ុំ ឡៃស៊ីម មាន​វ័យ ៣១ ឆ្នាំ​ជា​ម្ចាស់​ហាង​បាន​ប្រាប់​ពី​មូលហេតុ ដែល​ធ្វើឲ្យ​ខ្លួន​បើក​ហាង​នំ​ទាំង​ខ្លួន​រវល់​ធ្វើការ​ផ្ទាល់​ខ្លួន​ថា​៖ «​ដំបូង​ខ្ញុំ​ចង់​បើកហាង​លក់​អាហារ​ដែរ ព្រោះ​ខ្ញុំ​ជំនាញ​ក្នុង​ការធ្វើ​ម្ហូប​ស្រាប់ ប៉ុន្តែ​ខ្ញុំ​យល់​ថា​បើ​ធ្វើ​ម្ហូប​លក់​នៅ​សល់​យើង​ត្រូវ​ចាក់ចោល និង​មិនមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ទេ បើ​សិន​ជា​យើង​ធ្វើ​នំ​វិញ យើង​អាច​ឆ្លៀតពេល​បាន ហើយ​អាច​ទុក​ក្នុង​ទូទឹកកក​បាន​យូរ​ជាង​អាហារ​»​។

នំ​ខួប​កំណើត​ ១ ​ត្រូវ​បាន​ចំណាយពេល​រហូត​ដល់ ២ ​ម៉ោង​កន្លះ​ដោយ​ត្រូវ​រង់ចាំ​រហូត​ដល់​ចាហួយ​រឹង​ទើប​ធ្វើការ​រចនា​ម៉ូដ លេង​ពណ៌​បែប​ឃ្យូតៗ និង​ខុសៗ​គ្នា​ទៅ​តាម​ចំណង់ចំណូល​ចិត្ត​អតិថិជន​។

ម្ចាស់​ហាង​នំខេក​រូបនេះ​ក៏​បាន​បញ្ជាក់​ថា ខ្លួន​បាន​រូបមន្ត​មកពី​បងស្រី​ដែល​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ខិតខំ​កែច្នៃ​រហូត​ទទួល​បាន​រសជាតិ​មួយ​ដែល​ប្លែក​ខុសពី​គេ ធ្វើឲ្យ​អតិថិជន​ញ៉ាំ​បាន​ឆ្ងាញ់​មាត់ ហើយ​មិន​ធ្វើឲ្យ​ឈឺពោះ​ទេ​។

ហាង VT Cake ដែល​ជា​ឈ្មោះ​អក្សរ​តំណាង កូនស្រី-ប្រុស​របស់​ម្ចាស់​ហាង (​វិទូ និង វត្តី​) នោះ​ទើប​តែ​បើក​បាន​ប្រមាណ​ ២-៣ ​ខែ ហើយ​អ្នកនាង អ៊ុំ ឡៃស៊ីម នៅ​ពុំ​ទាន់​បើក​ជា​ហាង​ធំ​នៅ​ឡើយ​ទេ​។

នំខេក​ចាហួយ​មាន​តម្លៃ​កុម្ម៉ង់​ចាប់ពី ១០ ​ដុល្លារ​ឡើង​ទៅ​។ រូបថត ហ្វេសប៊ុក

ម្ចាស់​ហាង​ដែល​គ្រាន់តែ​ឆ្លៀតពេល​ទំនេរ​ពី​អាជីព​ចម្បង​មក​ធ្វើ​នំ​នៅ​ក្នុង​ផ្ទះ ដើម្បី​បន្ថែម​ចំណូល​លើកស្ទួយ​​ជីវភាព​នោះ​បាន​បង្ហើប​ថា មាន​ភ្ញៀវ​កុម្ម៉ង់​ជា​ហូរហែ​ទាំង​ភ្ញៀវ​នៅ​សៀមរាប និង​តាម​បណ្ដា​ខេត្ត​នានា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​តែ​ម្តង​។

អ្នកនាង អ៊ុំ ឡៃស៊ីម បាន​បរិយាយ​បន្ត​ទៀត​ថា​៖ «​ក្នុង​ ១ ​ថ្ងៃ​មាន​ភ្ញៀវ​កុម្ម៉ង់​នំ​ខួបកំណើត​យ៉ាង​តិច​ក៏ ២ ​នំ​ដែរ ប៉ុន្តែ​ចំពោះ​នំ​តូចៗ​មាន​តម្លៃ ១ ​ដុល្លារ​វិញ មាន​ការកុម្ម៉ង់​ច្រើន​រហូត​ដល់​ថ្ងៃ​ខ្លះ​គ្មាន​ពេល​ធ្វើឲ្យ​ភ្ញៀវ​ផង​»​។

យ៉ាង​ណា​អ្នកនាង​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​មាន​គម្រោង​បើកហាង​រួច​ហើយ​កំពុងតែ​រក​ទីតាំង​ដែល​សមស្រប​ជាមួយ​ការដាក់​លក់​នំ​»​។

ក្រៅពី​អាជីវកម្ម​លក់​នំ​ខេក​ចាហួយ ហាង​ក៏​មាន​ទទួល​បង្រៀន​សិស្ស​ពី​របៀប​ធ្វើ​នំ ដោយ​នៅ​ពេល​រៀន​ចប់​ក៏​មាន​បន្ថែម​ការបង្រៀន​ធ្វើ​នំ​ខ្មែរ​ផងដែរ​។ ប៉ុន្តែ​បើ​សិស្ស​ចង់​ចេះ​មុខវិជ្ជា​ម្ហូប​ក៏​អាច​ប្តូរ​ពី​ការធ្វើ​នំ​មក​រៀន​ផ្នែក​ចម្អិនម្ហូប​មួយ​មុខ​ទៀត​បាន​។

អ្នកនាង អ៊ុំ ឡៃស៊ីម បាន​បន្ត​ថា​៖ «​ចំពោះ​តម្លៃ​នំ​វិញ ខ្ញុំ​មិន​យក​ថ្លៃ​ទេ បើ​ប្រៀប​ជាមួយ​នំ​នៅ​ក្រុង​ភ្នំពេញ​វិញ​គឺ​តម្លៃ​សមរម្យ​មែនទែន​។ ខ្ញុំ​សុំ​ត្រឹម​តែ​ចំណេញ​តិចតួច​ប៉ុណ្ណោះ ហើយ​ខាង​ខ្ញុំ​មាន​ការដឹកជញ្ជូន​គ្រប់​ខេត្ត​ក្រុង ដែល​បាន​ធ្វើការ​កុម្ម៉ង់​ផង​ដែរ​»​។

ហាង VT Cake នៅ​ក្រុង​សៀមរាប​មាន​លេខ​ទំនាក់ទំនង ០១២ ៤៩៤១ ៦៥ និង ០៦៩ ៤៩ ៤១ ៦៥៕

ការធ្វើ​នំខេក​ចាហួយ​ដ៏​ផ្ចិតផ្ចង់​អាច​ប្រើ​ពេល​រហូត​ដល់ ២ ​ម៉ោង​។ រូបថត ហ្វេសប៊ុក