
នំជើងគោស្នូលដូង ឬសណ្ដែក ១ពុម្ព (៤ នំ) តម្លៃ ៤ពាន់រៀល។ ឈឹម ស្រីនាង
ភ្នំពេញ: នៅបរិវេណផ្សារអូរឬស្សី ម្តុំបិទតែមម៉ូតូ វេលាល្ងាចៗឡើងមានមនុស្សជាច្រើនឈរចោមរោមរទេះលក់នំ ៣ ជ្រុង ឬក៏នំជើងគោ ខណៈអ៊ំចាស់ម្នាក់កំពុងចម្អិនយ៉ាងញាប់ដៃតែម្នាក់ឯង។
ស្ថិតក្នុងវ័យ ៦២ ឆ្នាំ អ៊ំនួន ជាអ្នកលក់នំជើងគោនេះតាំងពីជំនាន់ លន់នល់ មកម្ល៉េះ។ អ្នកលក់នំឆ្លងកាត់សម័យកាលដ៏ច្រើនរូបនេះ បានឲ្យដឹងថា កាលជំនាន់ លន់ នល់ គាត់បានលក់នៅម្តុំស្ទឹងមានជ័យ តែនៅរបបខ្មែរក្រហម គាត់ក៏បានជម្លៀសខ្លួនទៅ លក់នំនៅទឹកដីវៀតណាម។ រហូតដល់របបខ្មៅងងឹតដួលរលំ ទើប អ៊ំនួន វិលត្រឡប់មកមាតុភូមិ និងផ្ដើមរបរលក់នំនេះជាថ្មីនៅម្តុំអូរឫស្សីរហូតមក។
អ៊ំនួន បាននិយាយថា៖ «បើនិយាយទៅខ្ញុំចាប់ផ្តើមលក់នំនេះអស់រយៈពេល ៤៨ ឆ្នាំ ហើយខ្ញុំបានប្រាប់ទៅក្មេងៗម៉ូយរបស់ខ្ញុំថា នឹងលក់រហូតដល់ឆ្នាំ ២០២០ ទើបឈប់លក់ ដោយសារតែឥឡូវកាន់តែចាស់ មិនសូវមានកម្លាំង អ៊ីចឹងគឺខ្ញុំលក់តែពេលល្ងាចទេ ចាប់ពីម៉ោង ៤:៣០ ល្ងាចរហូតដល់ ៨:៣០ យប់»។

អ៊ំនួន កំពុងតែចាក់នំជើងគោ៕ឈឹម ស្រីនាង
នំ ៣ ជ្រុង ឬនំជើងគោ ធ្វើពីម្សៅចាក់ពុម្ព ដោយមានជម្រើសស្នូលសណ្ដែក និងស្នូលដូង។ លោក អ៊ំនួន បានបន្តថា៖ «ចំពោះស្នូលសណ្តែកគឺខ្ញុំធ្វើម្តង ២ គីឡូ សម្រាប់លក់ ២ ថ្ងៃ ចំណែកឯស្នូលដូងវិញគឺធ្វើម្តង ១ គីឡូ លក់ ២ ថ្ងៃ ដោយសាច់ដូងនៅស្រស់ឆ្ងាញ់ដដែល មិនផ្អូមនោះទេ ដោយសារតែខ្ញុំព្យួរសាច់ដូងក្នុងដូង មិនច្របាច់ចោលទឹកទេ គឺកោសវាចេញមកឆាតែម្តង។ រីឯស្ករត្នោតវិញគឺប្រើ សុទ្ធតែស្ករល្អ ១ គីឡូ ៦០០០ រៀលឯណោះ ដើម្បីឲ្យស្នូលមានរសជាតិឆ្ងាញ់»។
ក្នុង ១ ថ្ងៃ អ៊ំនួនលក់នំ ៣ ជ្រុង ឬនំជើងគោនេះបានចំនួន ៧០ ពុម្ព (២៨០ នំ) ដោយមួយពុម្ពតម្លៃ ៤០០០ រៀល។
សម្រាប់អ្នកចង់ញ៉ាំនំ៣ជ្រុងអ៊ំនួន អាចទៅម្តុំបិទតែមម៉ូតូ ផ្លូវសុកហុកកែងផ្លូវ ១៧៤។ ទាក់ទងតាមទូរស័ព្ទលេខ ០១១ ៤១៧ ៨១៥៕