ភ្នំពេញ: ហាង​ដែល​ផ្ដើមចេញ​ពី​តូប​រទេះ រហូត​វិវឌ្ឍ​ខ្លួន​ជា​សំណង់​កញ្ចក់ ក្នុង​បរិវេណ​វត្ត​ស្វាយ​ពពែ​គឺ​អាហារដ្ឋាន​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហមុនី​រាជា ជាទី​បម្រើ​អាហារ​ភេសជ្ជៈ​ដល់​សិស្សា​នុសិស្ស និង​ភ្ញៀវ​ទូទៅ​ផង​ដែរ។

ក្នុង​ទូ​កុងតឺន័រ​ពណ៌​លឿង​លាយ​ខៀវ លោក បឿន ចំរើន ជា​ម្ចាស់​អាហារដ្ឋាន បាន​រៀបរាប់​ថា៖ «កាល​ពី​មុន​ខ្ញុំ​ធ្លាប់​លក់​ភេសជ្ជៈ​ក្នុង​រទេះ​នៅ​ជិត​របង​ទូរទស្សន៍​អប្សរា មាន​អតិថិជន​ច្រើន​គាំទ្រ​ភេសជ្ជៈ​របស់​ខ្ញុំ ដោយសារ​តែ​យើង​ធ្វើ​ខុស​ប្លែក​ពី​គេ ដូចជា​កាហ្វេ​លាយ​ជាមួយ​គ្រាប់​ជីរ តែ​ទឹក​ដោះគោ​លាយ​គ្រាប់​ជីរ និង​ភេសជ្ជៈ​ក្រឡុក​លាយ​គ្នា​ចម្រុះ​រសជាតិ​ប្លែក​មាត់ ដែល​ខ្ញុំ​ច្នៃ​ដោយ​ខ្លួន​ឯង ទើប​ធ្វើ​ឲ្យ​យើង​មាន​ភ្ញៀវ​មក​ទិញ​ញ៉ាំ​ច្រើន»។

ដោយសារ​រង​បម្រាម​លក់​តាម​ដងផ្លូវ តែ​ក៏​មិន​ចង់​បាត់បង់​ជំនាញ​ដែល​ខ្លួន​មាន​ស្រាប់ លោក​ក៏បាន​បើក​អាហារ​ដ្ឋាន Frank Coffee ដោយ​ទទួល​បាន​រាជា​នុញ្ញាត​ពី​សម្តេច​សង្ឃរាជ ប៊ួ គ្រី បើក​លក់​ភេសជ្ជៈ​នៅ​ក្នុង​ពុទ្ធិក​សាកល​វិទ្យាល័យ ព្រះ​សីហមុនី​រាជា។

នៅទីនេះ​ល្បី​បាយ​ស្លឹក​ឈូក​សាច់​ជ្រូក (៥០០០៛) ឆ្អឹងជំនីរ អាំង​អំបិល​ម្ទេស (៦០០០៛) និង​បាយ​សាច់​គោ​ងៀត​អាំង (៨០០០៛) នំ​បញ្ចុក​កំពត​សាច់​ជ្រូក​អាំង (៨០០០៛) និង គុយទាវ​ហ្វឺរ (១០០០០៛) រីឯ​ភេសជ្ជៈ​វិញ​តម្លៃ​ចាប់​ពី ៣០០០។

ចង់​ប្តូរ​បរិយាកាស​ញ៉ាំ​បាយ​វត្ត? តោះ​ទៅ Frank Coffee ក្នុង​បរិវេណ​វត្ត​ស្វាយ​ពពែ ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១២ ៤៤៩ ៨៨៩៕