ភ្នំពេញ: នៅម្ដុំសាកលវិទ្យាល័យអាស៊ីអឺរ៉ុបថ្មី ដែលសម្បូរទៅដោយអាហារបែបចិញ្ចើមថ្នល់ថោកៗ រាប់តាំងពីប្រហិតភ្នំភ្លើង ប្រហិតក្រឡុក អាំង គ្រឿងសមុទ្រអាំង បុកល្ហុង ស្លាបមាន់អាំង និងស៊ុបពងទាកូន ជាដើមនោះ អាហារងាយស្រួលវេចខ្ចប់ យកតាមខ្លួនញ៉ាំ និងតម្លៃថោកនោះអាចថា ជានំបុ័ងសាច់គោអាំង។
ស្ថិតនៅផ្លូវលេខ ១៤៦ សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រទេះអាំងសាច់គោចង្កាក់ បានបំភាយក្លិន និងផ្សែងយ៉ាងឈ្ងុយ ប៉ះច្រមុះអ្នកដំណើរ ដែលបានស្រង់ក្លិនរួច ចង់បញ្ឈប់យានជំនិះចុះទិញទទួលទាន។
រទេះលក់សាច់គោអាំងនេះ មានកន្លែងអង្គុយតែប្រមាណពីរតុ និងកៅអីបីបួនប៉ុណ្ណោះ ដោយសារអតិថិជនភាគច្រើននិយមកុម្ម៉ង់ខ្ចប់យកទៅទទួលទានតែម្ដង ចំពោះអ្នកដែលពុំមានពេលវេលាច្រើនក្នុងការអង្គុយញ៉ាំអាហារនោះ។
អតិថិជនរទេះសាច់គោអាំងចង្កាក់នេះ ភាគច្រើនជាសិស្សសាលា ព្រោះពួកគេចំណាយមិនដល់ ១ ដុល្លារផងក៏អាចញ៉ាំបានឆ្អែតមួយពេល។ សាច់គោអាំង ឬថ្លើមគោប្រឡាក់គ្រឿងក្រហមឆ្អិនឆ្អៅ អាំងមួយចង្កាក់តម្លៃ ១៥០០ រៀល។
ភ្ញៀវក៏អាចទិញនំបុ័ងញាត់សាច់គោអាំង ដោយមួយកំណាត់មានសាច់គោពីរចង្កាក់ ក្នុងតម្លៃប្រមាណ ៣៥០០ រៀល។
សាច់គោអាំងក្ដៅៗ ជាមួយសរសៃជ្រក់ល្ហុង ស្រូបម្ទេសឆា ញាត់ក្នុងនំបុ័ងអាំងប៊័រ ពិតជាមានរសជាតិឆ្ងាញ់ត្រូវមាត់តែម្ដង៕