ភ្នំពេញ : បច្ចុប្បន្ន នំបុ័ងដាក់សាច់នៅរាជធានីភ្នំពេញ ជាទូទៅគឺមានតម្លៃពី៥ពាន់ រហូតទៅដល់៧ពាន់រៀលក្នុងមួយដើម។ យើងកម្រនឹងប្រទះកន្លែងណាដែលមានលក់អាហារនេះក្នុងតម្លៃក្រោម៤ពាន់រៀលឡើយ។
ប៉ុន្តែប្រសិនបើអ្នកចូលចិត្តភ្លក្សអាហារតាមរទេះរុញលក់នៅតាមចិញ្ចើមផ្លូវនោះ សូមសាកល្បងទៅម្ដុំផ្សារអូឡាំពិកវិញ នោះអ្នកប្រាកដជាអាចចំណាយត្រឹមតែ២៥០០ទៅ៣០០០រៀលប៉ុណ្ណោះសម្រាប់នំប៉័ងដាក់សាច់មួយដើម។
ស្ថិតនៅជិតកាច់ជ្រុងផ្លូវលេខ៣១០ និងផ្លូវ១៩៣ ខាងត្បូងផ្សារអូឡាំពិក(នៅខាងស្ដាំដៃបើធ្វើដំណើរពីសាលារៀនចិនទួនហ្វាឆ្ពោះមកផ្សារ) មានរទេះលក់នំបុ័ង២គ្រឿងឈប់ទន្ទឹមគ្នានៅក្រោមម្លប់ដើមចំបក់បារាំង ដែលជារឿយៗតែងមានមនុស្សម្នាឈប់ម៉ូតូឡានរង់ចាំទិញជាប់ជានិច្ច។
អ្នកលក់ស្រីទាំងពីរតែងតែមមាញឹកក្នុងការវេចខ្ចប់នំបុ័ងឲ្យភ្ញៀវដែលក្នុង១ថ្ងៃៗពួកគេអាចលក់បានមិនក្រោម៥០០ដើមឡើយ។ មិនត្រឹមតែតម្លៃ៣០០០រៀលក្នុងមួយដើមទេ ដែលទាក់ទាញអតិថិជន ប៉ុន្តែអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺរសជាតិរបស់វាតែម្ដង។ នំបុ័ងនេះប្រើសាច់ក្បាលជ្រូកពណ៌ក្រហម សាច់ប៉ាតេ ស្លឹកខ្ទឹមត្រីខ និងជ្រក់ល្ហុងដែលគ្រឿងផ្សំទាំងនេះបង្កើតបានជារសជាតិឆ្ងាញ់ត្រូវមាត់តែម្ដង។ ភ្ញៀវដែលចង់រក្សាទម្ងន់ ក៏អាចកុម្ម៉ង់ឲ្យអ្នកលក់ដាក់សាច់ជ្រូកសុទ្ធគ្មានខ្លាញ់ ជំនួសសាច់ក្បាលជ្រូកដ៏រលើបរលោងផងដែរ។
បើអ្នកចង់សាកល្បងកន្លែងលក់នំបុ័ងស្រដៀងគ្នានេះមួយទៀតសូមបន្តដំណើរលើផ្លូវ៣១០ រហូតដល់កែងផ្លូវ១៩៩។ នៅខាងឆ្វេងដៃនឹងប្រទះឃើញរទេះលក់នំបុ័ងដាក់សាច់ដែលមានស្លាកសរសេរយ៉ាងច្បាស់ថា «២៥០០រៀល»។ ថ្វីដ្បិតតែលក់នំបុ័ងសាច់ក្បាលជ្រូកដូចគ្នា ប៉ុន្តែកន្លែងទាំងពីរនេះមានរសជាតិឆ្ងាញ់ម៉្យាងម្នាក់ គួរតែសាកល្បងកុំខាន៕