ភ្នំពេញ: រសជាតិចំណីអាហារលក់តាមចិញ្ចើមថ្នល់ដែលឆ្ងាញ់តែងតែអន្ទងចិត្តមនុស្សគ្រប់វ័យឲ្យឈប់ម៉ូតូឡានចុះទទួលទាន។
The Street ជាហាងអាហារដែលនាំយករសជាតិចំណីចំណុកតាមចិញ្ចើមថ្នល់ទាំងអស់មកកែច្នៃលក់ ដោយមានកន្លែងអង្គុយ អនាម័យ និងចំណតកាន់តែងាយស្រួល។
ចំពោះសោភណភាពខាងក្នុង ហាងអាហារនេះមានរូបភាពគូរជាផ្លូវ មានអំពូលភ្លើង អគារចាស់ៗ និងមានបំពាក់កង្ហារបីបួន។នៅកន្លែងអង្គុយធ្វើពីតុកៅអីមានភ្ញៀវយុវវ័យជជែកគ្នាបណ្ដើរ ទទួលទានបណ្ដើរ។
ម្ហូបអាហារនៅក្នុងហាងនេះមានដូចជាប្រហិតភ្នំភ្លើងទឹកកក ជើងមាន់ហោះ ផ្សិតខ្មៅញាត់ប្រហិតត្រីបំពង សាច់ជ្រូកអាំងចង្កាក់ ជើងមាន់បំពងខ្ទឹមស ឆ្អឹងជំនីរបំពងខ្ទឹមស ព្រុយត្រីសាល់ម៉ុនប្រឡាក់អំបិលម្ទេសអាំង និងអាហារជាច្រើនមុខទៀត។
ម្ហូបភាគច្រើនមានរោយខ្ទឹមបំពង លាយស្លឹកខ្ទឹម និងម្ទេសហឹរ។ ម្ហូបពិសេសប្រចាំហាងមួយទៀតគឺ បង្គាប្រឡាក់គ្រឿងដោតចង្កាក់អាំង។ ក្នុងមួយចានតម្លៃ ១ ម៉ឺនរៀលមានប្រមាណ ៦-៧ ចង្កាក់ ដោតសុទ្ធតែបង្គាធំៗសាច់ណែន ជ្រលក់ជាមួយទឹកត្រីកោះកុងហឹរ ធ្វើឲ្យអ្នកញ៉ាំឆ្ងាញ់ហូរទឹកភ្នែក ទឹកសំបោរតែម្ដង។
The Street មានអាសយដ្ឋានផ្ទះលេខ ២០២ ផ្លូវ ១៤៣ សង្កាត់បឹងកេងកង ២ ខណ្ឌចំការមន៕