
ភ្នំពេញ : ជម្រាបសួរមិត្តអ្នកអានភ្នំពេញ ប៉ុស្ដិ៍ ជាទីមេត្រី! សប្ដាហ៍នេះ នាងខ្ញុំនឹងនាំលោកអ្នកទៅភ្លក្សអាហារបែបចិន នៅភោជនីយដ្ឋាន Fu Lu Zu ដែលមានទីតាំងក្នុងសណ្ឋាគារសូហ្វីតែល ភូកេត្រា ភ្នំពេញ។ អាហារនេះមានលក្ខណៈជាអាហារសម្រន់ ដែលលោកអ្នកអាចស្វែងរកគ្រឿងផ្សំមកចម្អិនទទួលទានបាន ជាពិសេសគឺសម្រាប់បណ្ដាមេផ្ទះសម័យថ្មីដែលមិនសូវមានពេលវេលាច្រើន ក្នុងការចូលផ្ទះបាយ។
សូមធានាថា លោកអ្នកចំណាយពេលត្រឹមតែ២០នាទីប៉ុណ្ណោះ ក៏អាចរៀបចំម្ហូប «បង្គាបំពងស្រូបទឹកម៉ាយូណេស» នេះរួចរាល់ជាស្រេច។
ដូច្នេះហើយ សូមប្រិយមិត្តរីករាយនឹងវិធីចម្អិនងាយៗដូចខាងក្រោមនេះ។
គ្រឿងផ្សំ : បង្គាស្រស់ធំៗ ម្សៅពោតសម្រាប់បំពង ទឹកម៉ាយូណេស ល្ង ពងមាន់ ម្សៅស៊ុប ត្រសក់ និងស្លឹក parsley។
វិធីចម្អិន : ដំបូងត្រូវជ្រើសរើសយកបង្គាដែលស្រស់ ហើយធំៗ យកមកលាងបកសម្បកចេញឲ្យស្អាត មុននឹងយកទៅវះខ្នងដកសរសៃខ្មៅចេញ។ បន្ទាប់មកយកបង្គាទៅលាយជាមួយនឹងម្សៅបំពង រួចប្រលាក់ពងមាន់បន្តិច មុននឹងដាក់ក្នុងខ្ទះប្រេងបំពងមួយសន្ទុះខ្លី។ បន្ទាប់មកត្រូវយកទឹកម៉ាយូណេសលាយជាមួយម្សៅស៊ុប នឹងល្ង មុននឹងយកទៅស្រូបពីលើបង្គាដែលបំពងរួច នោះជាការស្រេច។
ប្រសិន បើលោកអ្នកចង់ភ្លក្សរសជាតិដើមនៃអាហារនេះ សូមអញ្ជើញទៅភោជនីយដ្ឋាន Fu Lu Zu នៅសណ្ឋាគារសូហ្វីតែល ភូកេត្រា ភ្នំពេញ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីសុធារស សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។
ភោជនីយដ្ឋានបែបចិននេះ មានផ្ដល់នូវអាហាររសជាតិដើមដែលជាស្នាដៃចុងភៅបរទេស និងក្នុងស្រុកដែលមានទេពកោសល្យជាច្រើនឆ្នាំ។
មុខម្ហូបនៅភោជនីយដ្ឋាន Fu Lu Zu មានតម្លៃចាប់ពី៣ដុល្លារឡើងទៅ។ ឈុតអាហារថ្ងៃត្រង់ និងពេលល្ងាចសម្រាប់គ្នាពីរនាក់ មានតម្លៃចាប់ពី៦៨ដុល្លារឡើងទៅ៕