The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បង្គា​បំពង​អំពិលទុំ​ពី​ភោជនីយដ្ឋាន​ម៉ារីណាវីឡា នៅ​ប្រទេស​ថៃ

បង្គា​បំពង​អំពិលទុំ​ពី​ភោជនីយដ្ឋាន​ម៉ារីណាវីឡា នៅ​ប្រទេស​ថៃ

បង្គា​បំពង​អំពិលទុំ​ពី​ភោជនីយដ្ឋាន​ម៉ារីណាវីឡា នៅ​ប្រទេស​ថៃ

130716_22d
មុខម្ហូបបង្គាបំពងអម្ពិលទុំ បែបថៃ ដែលមានរូបមន្តសាមញ្ញ ហើយងាយចម្អិន ឈឹម ស្រីនាង

ក្រុងបាងកក : អង្គុយ​ជិត​មាត់សមុទ្រ​ស្រូប​យក​ខ្យល់​អាកាស​ពេល​ល្ងាច​ជាមួយ​នឹង​ការ​គយគន់​ព្រះទិនករ​រៀប​អស្ដង្គត នៅ​ឆ្នេរសមុទ្រ​ដែល​មាន​ទូក​តូច​ធំ​ចត​ត្រៀបត្រា​និង​កូនកោះ​មួយ​ដុះ​ពី​មុខ​ផង​នោះ បណ្ដា​ភ្ញៀវ​ទាំងឡាយ​របស់​ភោជនីយដ្ឋាន ម៉ារីណាវីឡា (Marinavilla​) ហាក់​ទទួល​នូវ​អារម្មណ៍​ស្រស់ស្រាយ ជាមួយ​នឹង​ក្ដី​រំពឹង​ថា​បាន​ឆ្ងាញ់​មាត់​នឹង​អាហារ​សមុទ្រ​ស្រស់​ៗ។

ក្រោយ​ពី​គយគន់​ទេសភាព​ហើយ​មួយ​សន្ទុះ​ក្លិន​ម្ហូប​គ្រឿងសមុទ្រ​បាន​ភាយ​ចេញ​ពី​ចង្ក្រាន​របស់​ភោជនីយដ្ឋាន​ម៉ារីណាវីឡា ស្ថិត​ក្នុង​ក្រុង​ក្រាប៊ី ប្រទេស​ថៃ​។​ហាង​នេះ​តុបតែង​បែប​សាមញ្ញ​ជាមួយ​ការ​លាប​ពណ៌​ផ្ទៃមេឃ​ជាមួយ​នឹង​កៅអី​ពណ៌​ស​និង​អំពូលភ្លើង​ភ្លឺ​ស្រទន់​តិច​។

អង្គុយ​បាន​មួយ​សន្ទុះ​បុគ្គលិក​ហាង​យ៉ាង​ស្រស់ស្អាត​ស្លៀក​សំពត់​ខ្លី​និង​អាវ​យឺត​បែប​ទង់ជាតិ​អាមេរិក​បាន​កាន់​បញ្ជី​រាយនាម​មុខ​ម្ហូប ដោយ​ពេល​នោះ​ខ្ញុំ​បាន​កុម៉្មង់​ត្រី​ចំហុយ​ម្ទេស​សម្ល​ការីខៀវ​គ្រឿងសមុទ្រ ញ៉ាំស្វាយ​ពងសត្វ​ប្រឡាំងកាស​បុកល្ហុង​បង្គាស្រស់​និង​ម្ហូប​ពិសេស​ដ៏​ពេញនិយម​នៅ​ទី​នោះ​បំផុត​គឺ​«បង្គា​បំពង​ទឹកអំពិលទុំ»។

បង្គា​បំពង​ទឹកអំពិលទុំ​គឺជា​មុខម្ហូប​បែប​ថៃ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់​មែន​ហើយ​វា​ក៏​ងាយស្រួល​ចម្អិន​ថែម​ទៀត​ផង​។

គ្រឿងគ្រៅ​របស់​វា​រួម​មាន​បង្គា​ស្រស់​ធំ​ៗ​ទឹកអំពិល​សាលាដ ត្រសក់​ការ៉ុត​ម្សៅ​បំពង ស្ករស​អំបិល​និង​គ្រឿង​ស៊ុប​។ ចំណែក​របៀប​ធ្វើ​វិញ​គឺ​មុន​ដំបូង​ត្រូវ​យក​បង្គា​ទៅ​លាង​ទឹក​បេះ​សម្បក​ឲ្យ​ស្អាត​រួច​ជ្រលក់​ជាមួយ​ម្សៅ​បំពង។ បន្ទាប់មក​ត្រូវ​យក​អំពិល​ទៅ​ត្រាំ​ទឹក​ឲ្យ​ចេញ​ជាតិ​ឲ្យ​អស់​បន្ទាប់មក​ចាក់​ចូល​ខ្ទះ​ឆា​ជាមួយ​អំបិល ស្ករ និង​ម្សៅស៊ុប។ នៅ​ពេល​ដែល​ឆ្អិន ស្រង់​បង្គា​បំពង​ដាក់​ចាន​ជាមួយ​សាលាដ ត្រសក់​ការ៉ុត​រួច​សឹម​ស្រោច​ទឹកអំពិល​ចូល​ជា​ការ​ស្រេច៕

អត្ថបទគួរចាប់អារម្មណ៍