
ភ្នំពេញ : ស្ថិតនៅវិថីលេខ៣៣៥កែង៥៦៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក អាហារដ្ឋានដែលជ្រកក្រោមយីហោថា «ប្រិយមិត្តអង្គរ» មានម៉ូតូនិងរថយន្តចតត្រៀបត្រារាល់ៗល្ងាច។
ភ្ញៀវដែលមកទទួលទាននៅអាហារដ្ឋាននេះអាចជ្រើសរើសអង្គុយនៅខាងក្នុង ឬក៏នៅខាងក្រៅក្រោមម្លប់ឆត្រក្រណាត់ជាទីមនោរម្យផងដែរ។
និយាយពីអាហារវិញ «ប្រិយមិត្តអង្គរ» ដែលមានម្ចាស់ជាតារាចម្រៀង គង់ សុធារិទ្ធ នោះគឺជាកន្លែងដែលល្បីព្រោះតែមុខម្ហូបជាច្រើនដូចជា គោលើជ្រុញ ត្រីសាបាក់សៀមរាប គោស៊ីស្មៅ ភ្លាថៃ ភ្លាម្រះត្រី ត្រាវកូននាង ស៊ុបពោះគោ និងបង្គាអប់អំបិលម្ទេស។ សម្រាប់ថ្ងៃនេះភ្នំពេញប៉ុស្ដិ៍នឹងនាំលោកអ្នកទៅស្វែងយល់ពីវិធីចម្អិនមុខម្ហូប បង្គាអប់អំបិលម្ទេសដែលជាអាហារស័ក្ដិសមសម្រាប់ទទួលទានជួបជុំក្រុមគ្រួសារមិត្តភក្ដិតែម្ដង។
វិធីចម្អិនមុខម្ហូបនេះមិនពិបាកប៉ុន្មានទេ ដោយលោកអ្នកត្រូវការគ្រឿងផ្សំដូចជាបង្គា អំបិលម្ទេស គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស និងស្លឹកក្រូចសើច។
ចំពោះវិធីចម្អិន មុនដំបូងត្រូវយកបង្គាទៅលាងឲ្យស្អាត រួចយកវាទៅញ៉ាំជាមួយអំបិលម្ទេស គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស និងស្លឹកក្រូចសើចឲ្យចូលជាតិ រួចយកទៅរុំក្រដាសអាលុយមីញ៉ូមអាំងលើចង្អើរ ប្រមាណជា១០ទៅ១៥នាទីនោះជាការស្រេច។
អាហារដ្ឋាន ប្រិយមិត្តអង្គរមានបម្រើអាហារដែលមានតម្លៃសមរម្យប្រមាណជា៣ទៅ៤ដុល្លារក្នុងមួយចាន។ ចង់ដឹងថា បង្គាអប់អំបិលម្ទេសនេះមានរសជាតិយ៉ាងណា សូមសាកល្បងទៅអាហារដ្ឋាននេះផ្ទាល់ដែលស្ថិតនៅផ្ទះលេខ៦២ ផ្លូវ៣៣៥ កែងផ្លូវ៥៦៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក៕