ភ្នំពេញៈ ដោយ​ផ្ទុក​នូវ​ជាតិ​សរសៃ និង​ប្រូតេអ៊ីន​ខ្ពស់​អាច​ជួយ​ឲ្យ​អ្នក​បរិភោគ​មិន​សូវ​ឃ្លាន​អាហារ សណ្តែកខៀវ គឺជា​បង្អែម​មួយ​ប្រភេទ​ដែល​ប្រជាជន​ខ្មែរ​ចូលចិត្ត​ទទួលទាន​ជា​អាហារសម្រន់ ឬ​បង្អែម​លាង​មាត់​។

និយាយ​ដល់​បង្អែម​សណ្តែកខៀវ​ភ្លាម​អ្នក​រស់នៅ​ម្តុំ​សាលា​សន្ធរម៉ុក និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ច្បាស់​ជា​នឹក​ដល់​ផ្ទះ​លក់​សណ្តែកខៀវ​ដ៏ល្បីឈ្មោះ​ជាង​ ២០ ​ឆ្នាំ​របស់​លោកពូ ហួត ស្រេង អាយុ​ ៧០ ​ឆ្នាំ​ដែល​មាន​ទីតាំង​នៅ​ជិត​សាលាសង្កាត់​ទឹកល្អក់​ទី​ ១ ជា​មិនខាន​។

ជា​អ្នកលក់​បង្អែម​សណ្តែកខៀវ​តាំងពី​ផ្ទះ​ឈើ​រហូត​ដល់​ផ្ទះថ្ម លោក ហួត ស្រេង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ប្រកប​អាជីព​លក់​បង្អែម​នេះ​ជាង​ ២៥ ​ឆ្នាំ​ហើយ​តាំងពី​កូន​នៅ​តូចៗ ឥឡូវ​ម្នាក់ៗ​រៀន​ចប់​បាន​ការងារ​ធ្វើ​អស់​ហើយ ហើយ​ឥឡូវ​លក់​តែ​ម្នាក់ឯង​ពេល​ណា​កូន​ទំនេរ​អ៊ីចឹង​បាន​គេ​មក​ជួយ​លក់​»​។

បបរ​សណ្ដែក​ដាក់ទឹកកក​ស្រូបទឹកដោះគោ​ខាប់​ផ្អែមឆ្ងាញ់​ ១ កែវ​ត្រឹមតែ ១០០០៛។ រូបថត ជា វណ្ណារ័ត្ន

និយាយ​ដល់​ការលក់​បង្អែម​តែ​ម្នាក់ឯង​រាល់ថ្ងៃ ម្ចាស់​បង្អែម​សណ្តែកខៀវ​វ័យ​៧០ ​ឆ្នាំ​រូបនេះ​បាន​រំឭក​ថា​កាលពី​ប្រមាណ ៦ ​ឆ្នាំ​មុន​មុខរបរ​លក់​បបរ​សណ្តែកខៀវ​នេះ​គឺ​លក់ដាច់​ខ្លាំង​ណាស់​ត្រឹម​ម៉ោង ៤ ល្ងាច​គឺ​លក់​អស់​ហើយ​។ ពេល​នោះ​លោកពូ​ជាមួយ​នឹង​ប្រពន្ធ​លក់​សឹង​តែ​មិន​ទាន់​តម្រូវការ​ភ្ញៀវ​អ្នក​ធ្វើការ សិស្ស​មកពី​សាលា​សន្ធរម៉ុក​សាលា​តិចណូ និង​សាលា​ភូមិន្ទ​ភ្នំពេញ​ជាដើម​។ សព្វថ្ងៃ​បង្អែម​នៅ​តែ​លក់ដាច់​ផងដែរ ប៉ុន្តែ​លោក ស្រេង លក់​តែ​ម្នាក់ឯង ព្រោះ​ភរិយា​បាន​ចែក​ឋាន​ទៅ ៦ ​ឆ្នាំ​ហើយ​។

ដោយ​ល្បី​ឈ្មោះ​ក្នុង​ការធ្វើ​បង្អែម​​ឆ្ងាញ់​ជាទូទៅ​ក្នុង​ ១ ​ថ្ងៃ​លោកពូ អាច​លក់​បង្អែម​សណ្តែកខៀវ សណ្តែកក្រហម​នេះ​បាន​ជាង ៣០០ ​កែវ​។

លោកពូ បញ្ជាក់​ថា​៖ «​ភ្ញៀវ​ដែល​មក​ញ៉ាំ​បង្អែម​តែងតែ​សរសើរ​ថា ឆ្ងាញ់ ធូរ​ថ្លៃ តម្លៃ​តែ​ ១ ​ពាន់​រៀល​ទេ​»​។

ឆាខ្វៃ និង​នំប៉ោង​សម្រាប់​ជ្រលក់​បបរសណ្ដែក​ត្រឹម​តែ ៥០០៛​។ រូបថត ជា វណ្ណារ័ត្ន

អ្នកលក់​វ័យ ៧០ ​ឆ្នាំ​ដែល​មាន​ចំណូលចិត្ត​ញ៉ាំ​បង្អែម​សណ្ដែកខៀវ​ស្នាដៃ​ម្ដាយ​តាំងពី​វ័យ​កុមារ​ធ្លាប់​បាន​ប្រកប​មុខរបរ​ជាច្រើន​ដូចជា អ្នកលក់​ទឹក រត់​កង់​ឌុប និង​រត់​រទេះសេះ​រហូត​ដល់​ឆ្នាំ​ ១៩៩០ ទើប​លោក​សម្រេច​ងាក​មក​ធ្វើ​បង្អែម​សណ្តែកខៀវ​លក់​។

កាលណោះ​ក្នុង ១ ​កែវ តម្លៃ​តែ ២០០ រៀល​ហើយ​លោក ស្រេង ចាប់ផ្តើម​ភ្លាម​ទទួល​បាន​ការគាំទ្រ​ច្រើន និង​បាន​បង្កើន​ចំនួន​លក់​កាន់តែ​ច្រើន និង​បន្ត​ល្បី​ឈ្មោះ​មកដល់​សព្វថ្ងៃ​។

សណ្តែកខៀវ សណ្តែកក្រហម ក្នុង​មួយ​ចាន​តម្លៃ​ត្រឹម ១០០០ ​រៀល​។ នំ​ប៉ោង និង​ឆាខ្វៃ​ត្រឹមតែ ៥០០ ​រៀល​។ ហាង​លក់​បង្អែម​ជាង​ពីរ​ទសវត្សរ៍​នេះ​ចាប់​លក់​ពី​ម៉ោង ៧ ​ព្រឹក​រហូត​ដល់​ម៉ោង ៧ ល្ងាច​ស្ថិត​នៅ​ផ្ទះ​លេខ​ ២០០ ផ្លូវ ១៣៨ សង្កាត់​ទឹកល្អក់​ទី​ ២ ខណ្ឌ​ទួលគោក និង​ទាក់ទង​តាម​ទូរស័ព្ទ លេខ ០១២ ៦៣ ២១ ៤២៕

វីដេអូ៖