
ភ្នំពេញ : នៅពេលដែលបងថា ចាប់ផ្ដើមធ្វើមីញាំលើកដំបូងដើម្បីឲ្យមិត្តភក្ដិបងប្អូនភ្លក្សនោះ គាត់មិននឹកស្មានថា អាហារនេះនឹងក្លាយជាអាជីវកម្មរបស់ខ្លួននាថ្ងៃអនាគតទេ។
កាលនោះ បងថា បានធ្វើមីញាំដែលមានរសជាតិហឹរ និងមានលក្ខណពិសេសដោយវាផ្សំគ្រឿងពីសាច់មឹក កញ្ឆែត និងស្ពៃក្ដោប ហើយមិត្តភក្ដិរបស់គាត់បានកោតសរសើរថា ថ្វីដៃចម្អិនអាហារនេះពិតជាពិសេស អាចយកទៅបើកអាជីវកម្មអាហារដ្ឋានបាន។ បងថា ដែលជាម្ចាស់ហាងនោះ ក៏បានធ្វើឲ្យក្ដីសុបិននេះក្លាយជាការពិត ដោយរំលេចចេញជារូបរាងអាហារដ្ឋានមួយនៅផ្ទះល្វែងម្ដុំខាងជើងសាកលវិទ្យាល័យន័រតុន។ តើមីញាំនេះមានអាថ៌កំបាំងក្នុងការចម្អិនដូចម្ដេច?
គ្រឿងផ្សំចម្បង : មីកញ្ចប់ កញ្ឆែត ស្ពៃក្ដោប ម្ទេស មឹក សាច់គោ ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសម៉ដ្ឋ និងគ្រឿងតុំយ៉ាំ។
វិធីចម្អិន : មុនដំបូងត្រូវយកមីទៅស្រុស។ ចំណែកឯស្ពៃក្ដោប និងកញ្ឆែតត្រូវកាត់ជាកង់តូចៗរួចស្រុសឲ្យឆ្អិនល្មម។ មឹកនិងសាច់គោក៏ត្រូវហាន់ជាចំណិតតូចៗរួចស្រុសមួយភ្លែតហើយទុកមួយអន្លើសិន។
ដំណាក់កាលបន្ទាប់ត្រូវយកមីដែលស្រុសរួចដាក់ចូលក្នុងចានគោមធំ ដើម្បីងាយស្រួលក្នុងការញាំច្របល់ជាមួយបន្លែសាច់។ បន្ទាប់មកត្រូវដាក់គ្រឿងតុំយ៉ាំចូលរួចដាក់ស្ករស ទឹកត្រី ម្ទេសម៉ដ្ឋម្ទេសហាន់និងគ្រឿងស៊ុប។ ចុងក្រោយត្រូវដាក់បន្លែកញ្ឆែត ស្ពៃក្ដោប មឹក និងសាច់គោចូល ហើយចាប់ផ្ដើមកូរច្របល់ចូលគ្នាឲ្យចូលជាតិនោះជាការស្រេច។
ចង់ដឹងថា មីញាំនេះមានរសជាតិហឹរឆ្ងាញ់យ៉ាងណា សូមសាកល្បងទៅកាន់អាហារដ្ឋាន «បងថា មីញាំ» ផ្ទាល់ តែម្ដង ដែលស្ថិតនៅផ្ទះលេខ ១៤១ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញឬទាក់ទងតាមទូរស័ព្ទលេខ ០១២ ៨៣៣ ៩៩៤៕