បាត់ដំបង៖ ផ្សំ​ឡើង​​ពី​បន្លែ​ចម្រុះ​ពណ៌​ ដូចជា បៃតង លឿង ស និង​ខ្មៅ ស្ទើរ​តែ​មួយ​កញ្ច្រែង​ប្រជុំ​គ្នា​ក្នុង​ចាន​តែ​មួយ ​បបរ​ផិ​ ជា​អាហារ​ប្រពៃណី​ដ៏​ពេញ​និយម​មួយ​​ប្រភេទ​របស់​អ្នក​ស្រុក​បាត់ដំបង​ ​​ដែល​ជា​​​រូបមន្ដ​ចម្អិន​ត​ជំនាន់​ ហើយ​ល្បី​ល្អ​ចំពោះ​សុខភាព​រាងកាយ។​

ស្រដៀង​នឹង​ក្លិន​​សម្ល​ប្រហើរ បបរ​​ផិ មាន​​គ្រាប់​អង្ករ​ឆ្អិន​ និង​​ទឹក​ស៊ុប​​​ឈ្ងុយ​ប្រហើរ ជា​ទី​ពេញ​និយម​​របស់​អ្នក​ខេត្ត​បាត់ដំបង ពិសា​​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​ ដោយ​​វា​​មិន​ត្រឹម​តែ​ឆ្ងាញ់​នោះ​ទេ​ ថែម​ទាំង​ល្បី​ជំនួយ​ដល់​សុខភាព​ និង​ជួយ​ថែ​រាង​​បាន​ទៀត​ផង​។

ស្ថិត​នៅ​ហាង បបរ​ផិ បាត់ដំបង ទល់​មុខ​អគារ​​​សាលា​ក្រុង​​​ ស្រ្តី​វ័យ​ជាង​ ៥០ ឆ្នាំ​ កំពុង​មមាញឹក​កូរ​បបរ​នៅ​ក្នុង​ឆ្នាំង​ធំ​យ៉ាង​ញាប់​ដៃ រូត​រះ​ដួស​​បំពេញ​ចាន​គោម ត្រៀម​​លើក​​ឲ្យ​ភ្ញៀវ​​​អង្គុយ​​​ពេញ​ហាង​ រង់ចាំ​ភ្លក្ស​រសជាតិ​បបរ​ដ៏​សម្បូរ​ជីវជាតិ​នេះ​​​។

កញ្ញា គិត ​ចរណៃ ជា​ម្ចាស់​ហាង​ បបរ​ផិ​អ្នក​បាត់ដំបង​បាន​ប្រាប់​មក ​ភ្នំពេញ ​ប៉ុស្តិ៍​ ថា​៖​ ​​«​ចំពោះ​ភ្ញៀវ​ប្រចាំ​វិញ​ គាត់​មក​ពិសា​ស្ទើរ​តែ​រាល់​ថ្ងៃ ​ហើយ​កម្ម៉ង់​​បបរ​ផិ​រាល់​ថ្ងៃ​ដែរ​។ ឧទាហរណ៍​ថា​ គាត់​​​មាន​គ្នា ​៣ ​នាក់​ ក្នុង​មួយ​តុ​យ៉ាង​តិច​ណាស់​ ​គឺ​​ត្រូវ​មាន​បបរ​ ​២ ​ចាន​ដែរ​​»​។

បបរ​ផិ ​បន្លែ​ស្លឹក​បៃតង ថែម​សាច់​ខ្យង និងពង​ត្រី ក្ដៅ​ហុយៗ​សម្បូរ​ដោយ​ជីវជាតិ​​​​។ហុង មិនា

បបរ​ផិ​ មាន​​បន្លែ​ជា​ច្រើន​មុខ​រួម​គ្នា​ដូច​​ជា​ផ្សិត​​ម្ជុល​ ផ្សិត​ចំបើង​ ផ្សិត​​អំបោះ ផ្សិត​ភ្លៅ​មាន់​ ស្លឹក​ផ្ទី ស្លឹក​​បាស​ ស្អំ​ ស្នៀត​ពោត​ ពោត​​ក្រហម​​ ននោង​ ល្ពៅ​ និង​​សាច់​ត្រី​ ចាន​តូច​​មាន​តម្លៃ ៤ ០០០៛ ចាន​​​​ធំ​ ៥ ០០០៛ ព្រម​ទាំង​បបរ​ផិ​ពិសេស​​បបរ​ឌុប​តម្លៃ​ ៧ ០០០៛ បើ​សិន​ជា​បន្ថែម​​សាច់​ខ្យង​ ក្បាល​​ត្រី​ និង​ពង​ត្រី​តម្លៃ​កើន​ឡើង​ទៅ​តាម​ទំហំ​ចាន​។

បបរ​ផិ​ ​ត្រូវ​​តែ​មាន​សីតុណ្ហ​ភាព​ក្តៅ​ និង​បន្លែ​ផ្សំ​ទាំង​អស់​ស្រស់ៗ​ ដែល​ស្រុស​​​នៅ​ក្នុង​ឆ្នាំង​​ផ្សេង​ពី​បបរ​ លើក​លែង​តែ​ល្ពៅ​ប៉ុណ្ណោះ​ ដែល​ត្រូវ​ចម្អិន​​ជាមួយ​អង្ករ​​។

ម្ចាស់​ហាង​ បបរ​ផិ​ រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ដំបូង​ដាំ​ទឹក​ ដាក់​គ្រឿង​កិន​ ដាក់​អំបិល ​ស្ករ​ ប៊ី​ចេង​ ប្រហុក​ហើយ​រំងាស់​វា​។ បើ​សិន​ជា​ខ្ញុំ​អ្នក​ចម្អិន​ ខ្ញុំ​ដាក់​ដាំ​ទឹក​ផ្សេង​ និង​ដាំ​អង្ករ​ផ្សេង​ដល់​ពេល​ឆ្អិន​ហើយ​ ភ្ញៀវ​មក​​កុម្ម៉ង់​ញ៉ាំ​​ ទើប​ធ្វើ​ម្តង​មួយ​ចាន​​​ជូន​គាត់​»​។

បបរផិ ដែល​ប្រជាជន​តាម​តំបន់​ខ្លះ​ហៅថា​ បបរ​ប្រូង​ ពុំ​សូវ​​មាន​លក់​ហូរហែ​ ដូច​បបរ​គ្រឿង​​ទូទៅ សាច់​ត្រី សាច់​ជ្រូក សាច់​មាន់ និង​គ្រឿង​សមុទ្រ​នោះ​ឡើយ។

ហាង​ បបរផិ បាត់ដំបង មាន​ភ្ញៀវ​ពេញៗ​តុ ដែលភាគច្រើន​មក​ញ៉ាំ​បបរ​នេះ​តែ​ម្ដង​​​។ ហុង មិនា

ប្រជាជន​វ័យ​ចំណាស់ គ្រាន់​តែ​​ឮ​ឈ្មោះ​បបរ​នេះ​ភ្លាម ធ្វើ​ឲ្យ​ពួក​គាត់​រឭក​ដល់​អតីតកាល​​​ ដែល​ប្រជាជន​បេះ​បោច​បន្លែ ធាង​ត្រាវ និង​ស្លឹក​រុក្ខជាតិ​នានា មក​​បំពេញ​ជីវជាតិ​ក្នុង​បបរ​រាវ​​ ក្នុង​សម័យ​​ខ្មែរ​ក្រហម។ ចាស់ៗ​​ខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ថា បបរ​ផិ ឬ​បបរ​ប្រូង​នេះ មាន​ប្រវត្តិ​យូរ​លង់​មក​ហើយ ដោយ​ពួក​គាត់​ធ្លាប់​ទទួល​ទាន​តាំង​ពី​មុន​របប​អាវ​ខ្មៅ​ទៅ​ទៀត​។

រីឯ​ជនជាតិ​ភាគតិច​​ព្នង និង​ទំពួន ក៏​មាន​ម្ហូប​ឈ្មោះ​ ប្រូង​ ជា​អាហារ​ប្រពៃណី ដែល​គេ​ចម្អិន​ក្នុង​បំពង់​ឫស្សី ដោយ​ផ្សំ​គ្រឿង​ពី​​​បន្លែ​ចម្រុះ និង​ស្លឹក​រុក្ខជាតិ​​ជា​ច្រើន​មុខ​ផង​ដែរ។

លោក ណាច ណប់​ អ្នក​សម្របសម្រួល​សហគមន៍​អេកូ​ទេសចរណ៍​អណ្ដូង​ក្រឡឹង នៅ​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ ឲ្យ​ដឹង​ថា៖​ «បបរ​ប្រូង មាន​ប្រភព​មក​ពី​សម្ល​ប្រូង​របស់​ជនជាតិ​ព្នង​​យើង»។

អ្នក​សម្របសម្រួល​វ័យ ៣២ ឆ្នាំ​រូប​នេះ​ បាន​បន្ត​ទៀត​ថា៖ «ចាស់ៗ​ជំនាន់​ដើម ក្រៅ​ពី​បន្លែ​ជា​ច្រើន​មុខ​នោះ គាត់​ក៏​​មាន​ថែម​សាច់​ក្រៀម ដូច​ជា​សាច់​គោ ក្របី និង​ស្បែក​ក្របី​ឆ្អើរ​ ដើម្បី​ឲ្យ​រសជាតិ​កាន់​តែ​ឆ្ងាញ់»។

ដោយ​ឡែក​ម្ចាស់​ហាង បបរ​ផិ បាត់ដំបង​ ដែល​ជា​ក្មេង​ស្រករ​ក្រោយ កញ្ញា​មិន​បាន​ដឹង​ពី​ប្រវត្តិ​នៃ​បបរ​នេះ​ទេ។

ម្ចាស់ហាង​​វ័យ​ ៣០ ​ឆ្នាំ​ រូប​នេះ​បាន​និយាយ​ថា៖ «ដឹង​ត្រឹម​តែ​ថា​ គេ​ចូលចិត្ត​ធ្វើ​ញ៉ាំ​នៅ​តាម​​ផ្ទះ​​ធម្មតា​ វា​ដូច​ជា​សម្ល​ប្រហើរ​អ៊ីចឹង​គ្រាន់​តែ​បន្ថែម​អង្ករ​ឲ្យ​ក្លាយ​​ជា​បបរ​ផិ​ហ្នឹង​ ហើយ​គេ​​ចូល​ចិត្ត​ញ៉ាំ​ណាស់ អ៊ីចឹង​ខ្ញុំ​ក៏​​សាក​ធ្វើ​លក់​ទៅ​ ឃើញ​ថា​លក់​ដាច់​ពិត​មែន​ អ៊ីចឹង​ពួក​ខ្ញុំ​ក៏​ធ្វើ​លក់​បន្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ទៅ​ ហើយ​បបរ​ផិ​​នេះ​ក៏​ជា​អាហារ​ប្រចាំ​ខេត្ត​បាត់ដំបង​ដែរ ព្រោះ​ថា​អ្នក​នៅ​បាត់​ដំបង​គេ​ស្គាល់​បបរ​នេះ​ទាំង​អស់​»​។

យ៉ាង​ណា​មិញ កញ្ញា គិត​ ចរណៃ បាន​ធីប​ចោល​បន្លែ ​២ មុខ ដោយ​មូលហេតុ​ជំនឿ​លើ​សុខភាព និង​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន។

ម្ចាស់​ហាង​បបរ​ផិ ដំបង បាន​លើក​ហេតុផល​ថា៖ «ទំពាំង​វា​ឆ្ងាញ់​មែន​ ប៉ុន្តែ​វា​អាច​​ប៉ះពាល់​​ដល់​អ្នក​ញ៉ាំ​ ជា​ពិសេស​អ្នក​មាន​ជំងឺ។ សូម្បី​តែ​អ្នក​មិន​មាន​ជំងឺ​ក៏​ស្ទើរ​តែ​មិន​អាច​ញ៉ាំ​បាន​ផង។​ វា​អាច​មាន​បញ្ហា​សុខភាព​ចំពោះ​ភ្ញៀវ​។ ហើយ​បើ​ត្រាវ​វិញ​ និយាយ​ឲ្យ​ចំ​ខ្ញុំ​ជា​ម្ចាស់​ហាង​ផ្ទាល់​ ​គឺ​មិន​ចូលចិត្ត​ទើប​ខ្ញុំ​មិន​ដាក់​ចូល​»​។

ហាង​បបរ​ផិ​ អ្នក​បាត់ដំបង ក៏​បម្រើ​​អាហារ​សម្រន់​ដ៏​ពេញ​និយម រួម​មាន ​ខ្យង​ឆា​ ៧ ៥០០៛​ បុក​ល្ហុង​ក្តាម​ បុក​ល្ហុង​បង្គារ​ ​​បុក​ល្ហុង​ងាវ​តម្លៃ​ ១២ ០០០៛​ និង​​មុខ​ម្ហូប​ជា​ច្រើន​មុខ​ទៀត​ផង​ដែរ​។

បបរ​ផិ​ ​បាត់​ដំបង​ មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​លេខ ​៣ ទល់​មុខ​សាលា​ក្រុង​បាត់ដំបង។ ​​​ទូរស័ព្ទ​​លេខ​ ០៩៣ ៦៩២ ១៦៨ និង​ ០៨១ ៦៦៦៦ ៣០៕