ក្រុង​សៀមរាប: ដោយ​ផ្ដោតលើ​គុណភាព​សាច់​ក្រួច​ស្រស់ៗ ដែល​ត្រូវ​បាន​ចិញ្ចឹម​ក្នុង​ស្រុក ជាពិសេស​នៅ​ខេត្ដ​សៀមរាប​ផ្ទាល់ និង​ពូជ​អង្ករ​បែក​ខ្ទិះ​ទឹក​ស្អិត​ល្អ បបរ​ក្រួច​ចិញ្ច្រាំ​នៅ​ភោជនីយ​ដ្ឋាន Urban Tree Hut អតីត​ភោជនីយ​ដ្ឋាន Check-in ភាយ​ក្លិន​ឈ្ងុយ​ស្ទើរ​គ្រប់​តុ​អាហារ។

លោក ថា​ត សុគន្ធា​រ៉ុង ម្ចាស់ហាង Urban Tree Hut បាន​ឲ្យ​ដឹងថា៖ «ភោជនីយដ្ឋាន​ខ្ញុំ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ការ​ប្រើ​ប្រាស់​សាច់​ក្រួច ដែល​ត្រូវ​តែ​ជា​ផលិតផល​ក្នុង​ស្រុក ពីព្រោះ​វា​នៅ​ស្រស់​ល្អ​រួម​ទាំង​ការ​រក្សា​ទុក និង​ក្លាស្សេ​ផង​ដែរ»។

លោក​បាន​ឲ្យ​ដឹង​ទៀតថា៖ «ទិញ​ផលិតផល​ពី​កសិដ្ឋាន​ក្រួច​ក្នុងស្រុក​មិន​ត្រឹមតែ​ផ្ដល់​សាច់​ល្អ​ដល់​អតិថិជន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​ជួយ​គាំទ្រ​ដល់​សហគមន៍​ខ្មែរ​ផង​ដែរ»។

ក្រៅពី​គិតគូរ​ដល់​សាច់​ក្រួច​សម្រាប់​បបរ ម្ចាស់​ភោជនីយដ្ឋា​ន​រូបនេះ ក៏​ខ្វល់ខ្វាយ​ពី​ប្រភេទ​អង្ករ​ដែល​ត្រូវ​យក​មក​បបរ​ជាមួយ​នឹង​ក្រួច​ថែម​ទៀត​ដោយ​ជ្រើសរើស​យក​តែ​អង្ករ​ដែល​បែក​គ្រាប់​ខ្ទិះ​ល្អ​ប៉ុណ្ណោះ។

លោក​សុគន្ធា​រ៉ុង បាន​បន្ដថា៖ «ជាទូទៅ បើសិន​យើង​មិន​ជ្រើសរើស​បានល្អ អង្ករ​ខ្លះ​ពេល​បបរ វា​មិន​មាន​គ្រាប់​អង្ករ​ស្អិត​ល្អ និង​ក្លិន​ឈ្ងុយ​ទេ»។

លោក​បាន​រៀបរាប់​អំពី​គ្រឿងផ្សំ​បបរ​ក្រួច​នេះ​ថា វា​មាន​ក្រួច​ពី​កសិដ្ឋាន​នៅ​ខេត្ដ​សៀមរាប​ស្រស់ៗ អង្ករ ខ្ញី ផ្សិត​ស ឬ​ខ្មៅ តែ​បើ​បាន​ផ្សិត​ចំបើង​ក៏​ល្អ​ដែរ ខ្ទឹម​បារាំង គល់​ខ្ទឹម គល់​ជីរវ៉ាន់​ស៊ុយ ខ្ទឹមស សណ្ដែក​បណ្ដុះ ជីររណារ ក្រូច​ឆ្មារ ប្រេង​ល្ង និង​ដើម​ខ្ទឹម ព្រមទាំង​ស្ករ​អំបិល និង​ខ្នរ។

ចំពោះ​ការ​ចម្អិន លោក​បាន​ប្រាប់ថា វា​មិន​ខុសពី​ការ​ចម្អិន​បបរគ្រឿង​ទូទៅ​នោះទេ ដោយ​ការដាំ​អង្ករ​ឲ្យ​ពុះ​ល្អ រួច​ដាក់​សាច់​ក្រួច​ចូល​រហូត​ដល់​ឆ្អិន ទើប​បន្ថែម​គ្រឿង​គ្រៅ​រស​ជាតិ​តាម​ក្រោយ។

អ្នក​ដែល​ចូលចិត្ត​រសជាតិ​មុត អាចដាក់​ទឹកជ្រលក់​ជា​ទឹកត្រី ឬ​ម្ទេស​លីង​បន្ដិច​សម្រាប់​ជ្រលក់​សាច់​ក្រួច ហើយ​បន្ថែម​សណ្ដែក​បណ្ដុះ ជីរវ៉ាន់​ស៊ុយ និង​ក្រូច​ឆ្មារ​ឲ្យ​កាន់​តែ​ឆ្ងាញ់។

បបរ​អង្ករ​បែក​ខ្ទិះ​ទឹក​ស្អិត​ល្អ ផ្សំជាមួយ​សាច់​ក្រួច​ពីកសិដ្ឋាន​នៅសៀមរាប។ ហុង មិនា

លោក​បន្ដថា បបរ​ក្រួច​មួយ​ចាន​ធំ តម្លៃ ១២០០០ រៀល​ស្មើនឹង​បរិមាណ ៤ ចាន​ចង្កឹះ អាច​ទទួល​បាន​គ្នា ២ នាក់។

Urban Tree Hut ស្ថិត​នៅក្បែរ​សាកលវិទ្យាល័យ​បញ្ញាសាស្ដ្រ​សៀមរាប​មាន​ចម្ងាយ​ប្រមាណ​ជិត ២ គីឡូម៉ែត្រ ពី​តំបន់ Pub Street។

ភោជនីយដ្ឋាន​បើកទ្វារ​ស្វាគម​ន៍​ភ្ញៀវ​តាំងពី​ម៉ោង ៦ ព្រឹក​រហូតដល់​កណ្ដាល​អាធ្រាត្រ រៀង​រាល់​ថ្ងៃ ឬ​តាម​ទូរស័ព្ទ ០១២ ៥៥ ៥៩ ៥៣៕