The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បាយ​ក្ដាំង​ជ្រលក់​ទឹក​សាច់ជ្រូក​ចិញ្ច្រាំ​ឆ្ងាញ់​ នៅ​ផ្សារ​រាត្រី​កុងតឺន័រ




បាយ​ក្ដាំង​ជ្រលក់​ទឹក​សាច់ជ្រូក​ចិញ្ច្រាំ​ឆ្ងាញ់​ នៅ​ផ្សារ​រាត្រី​កុងតឺន័រ

Content image - Phnom Penh Post
បាយក្ដាំង​ស្រួយ​ស្រឹប​ផ្ទាប់ជាមួយ​ទឹកជ្រលក់​សាច់ជ្រូកចិញ្ច្រាំ។ ហុង មិនា

បាយ​ក្ដាំង​ជ្រលក់​ទឹក​សាច់ជ្រូក​ចិញ្ច្រាំ​ឆ្ងាញ់​ នៅ​ផ្សារ​រាត្រី​កុងតឺន័រ

ភ្នំពេញ: ហាង​គុយទាវ ណាមតុក (Num Tok) ស្ថិត​នៅ​ក្នុង​ផ្សារ​រាត្រី​កុងតឺន័រ សម្បូរ​ទៅដោយ​ភ្ញៀវ​អង្គុយ​ញ៉ាំ​គុយទាវ​ពេញ។ ប៉ុន្តែ​ខុសពី​រសជាតិ​ប្លែក​នៃ​គុយទាវ​នេះ បាយ​ក្តាំង​ជ្រលក់​ទឹក​សាច់ជ្រូក​ចិញ្ច្រាំ ដែលជា​ស្នាដៃ​ធ្វើ​ផ្ទាល់​របស់​ហាង​នោះ ក៏ល្បី​ក្នុងចំណោម​ភ្ញៀវ​ដែរ។

សប្ដាហ៍​នេះ ភ្នំពេញ ប៉ុស្ដិ៍ លើក​យក​វិធី​ចម្អិន​បាយ​ក្ដាំង​ពិសេស​ដែល​មាន​គ្រឿងផ្សំ​សាមញ្ញ​បំផុត​ដូចជា សាច់ជ្រូក​ពងមាន់ ស្លឹក​ខ្ទឹម ប៉េងប៉ោះ ប្រេងឆា អំបិល ស្ករស និង​ម្សៅ​ស៊ុប។

វិធី​ចម្អិន​បាយក្ដាំង​ពិសេស​នេះក៏​មិនជា​ពិបាក​អ្វី​ដែរ ដោយ​ដំបូង​ត្រូវយក​អង្ករ​ផ្កាម្លិះ​ទៅ​ដាំ​ដោយ​បន្ថយ​បរិមាណ​ទឹក​បន្តិច ដើម្បី​ឲ្យ​បាយ​មាន​លក្ខណៈ​ស្រួយ។

នៅពេល​ដែល​បាយ​ឆ្អិន ត្រូវយក​វាទៅ​ហាលថ្ងៃ​ឲ្យស្ងួត​រួច​ទើប​យក​ទៅ​បំពង​ជាមួយ​ប្រេងឆា​ឲ្យ​ឡើង​ស្រួយ។ បាយ​ដែល​បំពង​រួច​ត្រូវតែ​ទទួល​ទាន​ភ្លាមៗ​ដើម្បី​ទទួល​បាន​ភាព​ស្រួយ នៅ​ពេល​ជ្រលក់​ជាមួយ​ទឹក​សាច់ជ្រូក​ចិញ្ច្រាំ។

ចំពោះ​វិធី​ធ្វើ​ទឹក​ជ្រលក់​វិញ ដំបូង​ត្រូវយក​សាច់ជ្រូក​ទៅ​ចិញ្ច្រាំ​រួច​ទុកមួយ អន្លើ​សិន។ ខ្ទឹមស ខ្ទឹមក្រហម និង​ស្លឹក​ខ្ទឹម​ត្រូវ​ចិញ្ច្រាំ​ចូលគ្នា​រួច​រំលីង​ជាមួយ​ប្រេងឆា មុន​នឹង​ដាក់​សាច់​ចិញ្ច្រាំ​ខាងលើ​ចូល​ដោយ​បន្ថែម​គ្រឿងផ្សំ​រសជាតិ​រួមមាន អំបិល ម្សៅ​ស៊ុប ស្ករស និង​ទឹកត្រី ហើយ​រម្ងាស់​មួយ​សន្ទុះ​ដោយ​បន្ថែម​ទឹក​បន្តិច​ជាការ​ស្រេច។

ពេល​ទទួល​ទាន លោក​អ្នក​អាច​យក​បាយក្ដាំង​ជ្រលក់ ឬស្រូប​ទឹកឆា ផ្ទាប់​ជាមួយ​បន្លែ​ប៉ោង​ប៉ោះ​ស្ដើងៗ​នោះ​ប្រាកដជា​ឆ្ងាញ់​មាត់​មិនខាន។

ហាង​គុយទាវ Num Tok ស្ថិត​នៅ​ក្នុង​ផ្សារ​រាត្រី​កុងតឺន័រ (Jet's Container Night Market) ទូរស័ព្ទ​លេខ ០១១ ៥៧០ ០០៧៕

អត្ថបទគួរចាប់អារម្មណ៍