ភ្នំពេញ: ឈានជើងចូលទៅក្នុងភោជនីយដ្ឋាន Lan Pin ភ្លាម អារម្មណ៍ដ៏កក់ក្ដៅដំបូងដែលភ្ញៀវទទួលបានគឺការឱនលំទោនស្វាគមន៍របស់រូបចម្លាក់បុរសពីរនាក់ទឹកមុខញញឹមពព្រាយ ធ្វើឲ្យភ្ញៀវតែងតែឆ្លៀតថតរូបជាមួយចម្លាក់នោះទុកជាអនុស្សាវរីយ៍។
នៅពីមុខហាងក៏មានតាំងលម្អនូវរូបសំណាកសត្វសេះធំមួយផលិតពីឈើចាស់ៗ ជាចម្លាក់ផ្តល់សំណាង។
Lan Pin គឺជាភោជនីយដ្ឋានចិនដែលតុបតែងបែបចិនសម័យទំនើប រួមក្បាច់រចនាបុរាណនៅតាមបង្អួច។ តុមូលធំៗសម្រាប់គ្រួសារសមាជិកច្រើន និងមានបន្ទប់ឯកជនធំទូលាយសម្រាប់ភ្ញៀវត្រូវការភាពស្ងប់ស្ងាត់។
ភោជនីយដ្ឋាននេះមានបម្រើនូវមុខម្ហូបបែបអាស៊ីដូចជា ចិន តៃវ៉ាន់ និងខ្មែរផងដែរ។ ប៉ុន្តែភាគច្រើនគឺផ្តោតទៅលើម្ហូបចិន សា្នដៃមេចុងភៅដ៏ចំណានផ្សំគ្រឿងពីឱសថរុក្ខជាតិបុរាណចិន និងគ្រឿងជំនួយសុខភាពជាច្រើនទៀត។
ម្ហូបពិសេសប្រចាំខែមីនានេះគឺបាយដំណើបចំហុយត្រីម៉ានអ៊ី និងស្ពៃពួយឡេង ឡោមសាច់ក្តាម។
ចំពោះបាយដំណើបចំហុយត្រីម៉ាន់អ៊ី គឺជាមុខម្ហូបចិនតៃវ៉ាន់ ដែលគេពេញនិយមញ៉ាំជុំគ្នាលក្ខណៈមិត្តភក្ដិ និងក្រុមគ្រួសារជាដើម គឺអាចញ៉ាំបានគ្នា ៧ នាក់។
ក្រៅពីនេះ Lan Pin ក៏មានបម្រើជូនអាហារពេលព្រឹកទៅតាមខែដែរ ដោយខែនីមួយៗគឺមានម្ហូបខុសៗគ្នា ដូចជាបាយមាន់ស្ងោរ បាយឡុកឡាក់ និងម្ហូបច្រើនមុខទៀត ក្នុងមួយចានតម្លៃត្រឹមតែ ៤ ដុល្លារប៉ុណ្ណោះ។
Lan Pin ស្ថិតនៅក្នុងសណ្ឋាគារតាយម៉េង ផ្លូវ ព្រះនរោត្ដម ទូរស័ព្ទលេខ ០៧៧ ២២១១៩៥៕