ភ្នំពេញ : អង្គុយនៅតុអាហារក្បែរបង្អួចកញ្ចក់ដែលឆ្លុះឃើញទស្សនីយភាពទឹក បាញ់ភ្លើងពណ៌ដ៏ស្រស់ឆើតឆាយនោះ វារឹតតែធ្វើឲ្យរសជាតិអាហារកូរ៉េដែលលោកអ្នកកំពុងទទួលទានកាន់តែ មានរសជាតិ រសអារម្មណ៍ថែមមួយកម្រិតទៀត។
ស្ថិតនៅជាន់ទីមួយនៃសណ្ឋាគារណាហ្គាវើល ភោជនីយដ្ឋាន Korean Grill គឺជាកន្លែងដែលបម្រើនូវម្ហូបប្រពៃណីកូរ៉េ ដែលចម្អិនដោយមេចុងភៅកូរ៉េដ៏ចំណាននៅរាជធានីភ្នំពេញ។ ខុសប្លែកពីហាងអាហារកូរ៉េដទៃទៀត ភោជនីយដ្ឋាននេះបានប្រើប្រាស់នូវគ្រឿងផ្សំច្រើនប្រភេទ តាមក្បួនខ្នាត ដើម្បីរក្សានូវរសជាតិដើម។
ក្នុងចំណោមអាហារទាំងនោះ បាយកូរ៉េ ប៊ីប៊ីមបាប់ គឺជាអាហារប្រពៃណីដែលប្រជាជនកូរ៉េនិយមទទួលទានប្រចាំថ្ងៃ។ អាហារនេះសម្បូរដោយវីតាមីន ដោយសារតែវាផ្សំឡើងពីបន្លែចម្រុះ រួមមាន ផ្សិតក្រោម គល់ខ្ទឹម ការ៉ុត ឆៃថាវ ត្រប់ (zucchini) សាច់គោ បាយ ស៊ុត ខ្ទឹមស ទឹកស៊ីអ៊ីវ កូរ៉េ អំបិល ម្រេចស ម្សៅម្ទេសកូរ៉េ ស៊ុបសារ៉ាយសមុទ្រកូរ៉េ ប្រហិតសាច់ជ្រូក ខ្ញែរសមុទ្រ និងស្ពៃជ្រក់គឹមឈី។
បាយកូរ៉េ ប៊ីប៊ីមបាប់ ដែលមានតម្លៃ១៣,៥ដុល្លារក្នុងមួយឈុតនេះ មានពីរប្រភេទគឺប្រភេទក្ដៅ និងត្រជាក់។ អ្វីដែលខុសគ្នានោះនៅត្រង់ថា ប៊ីប៊ីមបាប់ក្ដៅ គឺគេប្រើបន្លែ៥មុខ និងសាច់គោកិនលាយជាមួយ ទឹកម្ទេសដាក់ក្នុងចានក្ដៅ ហើយញ៉ាំជាមួយស៊ុបសារ៉ាយសមុទ្រ។ រីឯប៊ីប៊ីមបាប់ ត្រជាក់ គឺប្រើចានត្រជាក់ជំនួសវិញ។
ជាមួយនឹងវត្តមានមេចុងភៅជំនាញរង់ចាំណែនាំភ្ញៀវអំពីជម្រើសអាហារ ទទួលទាននោះ ភោជនីយដ្ឋាន Korean Grill ដំណើរការស្វាគមន៍ភ្ញៀវ២៤ម៉ោងតែម្ដង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ ០២៣ ២២ ៨៨ ២២ និងអ៊ីមែល f&b@nagaworld.com៕