ភ្នំពេញ: សប្តាហ៍នេះ ភោជនីយដ្ឋាន បាយ័នបឹងស្នោ បានបង្ហាញម្ហូបប្រចាំហាងរបស់ខ្លួនមួយមុខទៀតគឺបុកកាពិ ដែលមានរសជាតិឆ្ងាញ់ និងពេញនិយមកុម្ម៉ង់ពីភ្ញៀវផងដែរ។
របៀបងាយៗក្នុងការធ្វើបុកកាពិមិនចំណាយពេលយូរ ហើយស្រួលធ្វើសម្រាប់ស្ត្រីមេផ្ទះសម័យថ្មីដែរ។
គ្រឿងផ្សំមានដូចជា ត្រីឆ្អើរ បង្គាក្រៀម កាពិ អម្ពិលទុំ ស្ករស ឬស្ករត្នោត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសស្រស់ រីឯបន្លែមាន ត្រប់ពុតលំញង ត្រប់ស្រួយ ស្នៀតពោត ត្រសក់ ស្ពៃក្តោប សណ្តែកកួរ ត្រប់វែង ប្រពាយ ការ៉ុត ម្ទេសប្លោកខៀវ និងពោតបារាំង។
របៀបធ្វើ មុនដំបូងបុកខ្ទឹមក្រហម ខ្ទឹមស ម្ទេស ត្រីឆ្អើរ បង្គាក្រៀម ឲ្យម៉ដ្ឋល្មម រួចថែមកាពិបុកចូលរួមគ្នា។ បន្ទាប់មកដាក់ទើបដាក់ត្រប់ពុតលំញង ស្ករត្នោត ម្សៅស៊ុប ទឹកត្រី ច្របាច់ក្រូចឆ្មារ និងបន្ថែមទឹកក្តៅឧណ្ហៗបន្តិច រួចសឹមកូរឲ្យសព្វសាច់គ្នាទើបដួសដាក់ចាន។
ត្រីចំហុយត្រូវចៀនឲ្យឆ្អិនល្អ រួចទើបដាក់ចៀនពងទាស្អំ បំពងត្រប់វែងជាមួយម្សៅបំពង និង បន្លែមួយចំនួនមកស្រុសដូចជា ស្ពៃក្តោប ប្រូខូលី ត្រប់ និងម្ទេសខៀវប្រមាណ ៣ នាទីដោយបន្ថែមប្រេងឆាចូលបន្តិចដើម្បីឲ្យបន្លែនៅស្រស់។
នៅចុងបញ្ចប់ ដួសកាពិដាក់កូនចានរួចសឹមរៀបត្រីចៀន ពងទាចៀនស្អំ ត្រប់បំពង ក្នុងចានបន្លែ ហើយចាំដាក់ចានកាពិនៅចំហៀង។
ភោជនីយដ្ឋាន បាយ័នបឹងស្នោ នៅលើផ្លូវជាតិលេខ ១ ចម្ងាយ ៥០ ម៉ែត្រពីបុរីប៉េងហួត ទូរស័ព្ទ ០១៧ ៩៧៩៧៦៧ និង ០៩៦ ៩៩៧៩៧៦៧៕