ភ្នំពេញៈ បុកល្ហុង​ក្តាមប្រៃ​រៀប​ដាក់​ក្នុង​ចាន​ពណ៌​ឈើ​អម​ដោយ​ពង​ទាប្រៃ​ ២-៣ ​ចំណិត​រួម​ជាមួយ​នំ​បញ្ចុក​មូរ​ជា​បី​ដុំ​ដាក់​តម្រៀប​គ្នា​យ៉ាង​រៀបរយ​ជា​ភាព​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ជាប់​ចិត្ត​នឹង​រសជាតិ ហើយ​ចូល​មក​ទទួលទាន​ជាប្រចាំ​។

តេងតង់ កង់ទីន ស្ថិត​នៅ​ក្នុង​សាកលវិទ្យាល័យ​អិលអេសអាយ (LSI) មាន​លក់​អាហារ​ចម្អិន​មាន​អនាម័យ​ដូចជា​បុកល្ហុង​បែប​ថៃ បុកពោត បុកមី ញាំមី ញាំមីសួរ (៥០០០៛) បាញ់​ស្រ៊ុង​ (៤០០០៛) នំប៉័ង​ដាក់​សាច់​ (៣០០០៛) និង​សាច់​អាំង​ទៀត​ផង​។

កញ្ញា ឈឹម ស្រីនាថ វ័យ ២៣ ​ឆ្នាំ ជា​និស្សិត​ផ្នែក​ឌីហ្សាញ និង​ជា​ម្ចាស់ហាង បាន​ឲ្យ​ដឹង​ថា​៖ «​ដោយសារ​តែ​ខ្ញុំ​គឺជា​សិស្ស ហើយ​ពិបាក​នឹង​រក​អី​ញ៉ាំ​ណាស់ ដោយសារ​តែ​ជួនកាល​កន្លែង​ខ្លះ​មាន​តម្លៃ​ខ្ពស់​ពេក​ដែល​​ពួក​ខ្ញុំ​ជា​សិស្ស​គ្មាន​លទ្ធភាព​នឹង​ទទួល​យក ហើយ​កន្លែង​ខ្លះ​ទៀត​តម្លៃ​អាច​ទទួល​យក​បាន​ហើយ ប៉ុន្តែ​ខ្វះ​អនាម័យ​អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​សម្រេចចិត្ត​បើក​ហាង​នេះ​ឡើង ដើម្បី​សម្រួល​ដល់​សិស្ស​និស្សិត​គ្រប់​គ្នា​ព្រម​ទាំង​អ្នក​ធ្វើការ​មួយ​ចំនួន​អាច​ទទួល​យក​តម្លៃ​នេះ​បាន ហើយ​ថែម​ទាំង​មាន​អនាម័យ​ទៀត​ផង​»​។

តេងតង់ កង់ទីន ទើប​តែ​បើក​បាន​រយៈពេល​ជិត​ ១ ​ខែ​ចាប់ពី​ថ្ងៃទី​ ១០ ខែ​មករា ប៉ុន្តែ​មិន​ត្រឹម​តែ​មាន​ភ្ញៀវ​មក​ពិសា​ដល់​កន្លែង​នោះ​ទេ​ថែម​ទាំង​មាន​ការ​កុម្ម៉ង់​តាម​គេហដ្ឋាន​ផង​ដែរ​ដោយ​គ្រាន់​តែ​អ្នក​កុម្ម៉ង់​ចេញ​ថ្លៃ​ដឹកជញ្ជូន​ខ្លួនឯង​ប៉ុណ្ណោះ​។

ម្ចាស់​ហាង តេងតង់ កង់ទីន បាន​បន្ត​ទៀត​ថា​៖ «​កង់ទីន ជា​កន្លែង​ដែល​គេ​គិតថា សាមញ្ញ តែ​ពួកយើង​បាន​រៀបចំ​លក្ខណៈ​ហាង​ដូច​ទៅ​នឹង​ភោជនីយដ្ឋាន​ ១ ​កន្លែង​អ៊ីចឹង ហើយ​ចំពោះ​តម្លៃ​វិញ​សមរម្យ​មែនទែន ដែល​អាច​ឲ្យ​និស្សិត​ក៏​ទទួល​យក​តម្លៃ​នេះ​បាន​»​។

ក្នុង ១ ​ថ្ងៃ តេងតង់ កង់ទីន ទទួល​ភ្ញៀវ​បាន​ចាប់ពី ១៥០ ​នាក់​ឡើង​ទៅ​ដល់ ២០០ នាក់​ដោយ​ពួកគាត់​ចូលចិត្ត​ញ៉ាំ​ជាងគេ​គឺ បុកល្ហុង ព្រោះ​ទាំង​រសជាតិ និង​ការតុបតែង​បែប​ថៃ​។ ចុងភៅ​ក៏​មកពី​ប្រទេស​ថៃ​ដោយ​នាំ​មក​ជាមួយ​គ្រឿងទេស​ពី​ប្រទេស​ថៃ​ដូច​គ្នា​ដើម្បី​រក្សា​នូវ​រសជាតិ​ដើម​។

គោលដៅ​សំខាន់​របស់ តេងតង់ កង់ទីន គឺ​អនាម័យ​ខ្ពស់ និង​រសជាតិ​ឆ្ងាញ់ ដើម្បី​ឲ្យ​សិស្ស​និស្សិត​ក៏​ដូចជា​អ្នក​ធ្វើការ​មិន​ដែល​នៅក្នុង​សាលា​អិលអេសអាយ មិន​បាច់​ពិបាក​ទៅ​រក​កន្លែង​ទទួលទាន​ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច​ឆ្ងាយ​នោះ​ទេ ថែម​ទាំង​ទទួល​បាន​ទីតាំង​ស្អាត​រួម​ជាមួយ​របស់​ប្រើប្រាស់​ស្អាតៗ​គុណភាព​ខ្ពស់​។

មិន​ត្រឹម​តែ​ជា​កន្លែង​បម្រើ​អាហារ​ដល់​គ្រូបង្រៀន និង​សិស្ស​ខាង​ក្នុង​សាលា​នោះ​ទេ តេងតង់ កង់ទីន ក៏​តែងតែ​ស្វាគមន៍​វត្តមាន​អតិថិជន​នៅ​ខាង​ក្រៅ ចូល​មក​ភ្លក្ស​រសជាតិ​បុកល្ហុង​រសជាតិ​ប្លែក​បែប​ថៃ និង​កុម្ម៉ង់​អាហារ​ដឹកជញ្ជូន​ដល់​កន្លែង​ផង​ដែរ​៕

បុកល្ហុង​បើក​លក់ ៦ ថ្ងៃ​ដោយ​សម្រាក​តែ​ថ្ងៃ​សៅរ៍​។ ហុង មិនា

វីដេអូ៖