ភ្នំពេញៈ ស្ថិត​នៅ​ផ្លូវ​លេខ ៤០២ ម្ដុំ​ក្រោយ​សាលា​វ៉ាន់ដា ហាង​បុកល្ហុង អ្នក​ជំនាញ​យ៉ាង​ចំណាប់​កំពុង​ដាក់​គ្រឿង​បុកល្ហុង​ចូល​ក្នុង​ត្បាល់ ខណៈ​បុគ្គលិក​ជាច្រើន​កំពុង​ញាប់ដៃ​បម្រើ​​អតិថិជន​ដែល​រង់ចាំ​ញ៉ាំ​បុកល្ហុង​រសជាតិ​ទឹក​កាពិ ឬ​ទឹកប្រហុក​។

ថាស​ពោរពេញ​ទៅ​ដោយ​បន្លែ​ជាច្រើន​មុខ​មាន សាលាដ ត្រសក់ ការ៉ុត នៅ​ជាយ​ថាស និង​មាន​បុកល្ហុង​បុក​លាយ​ជាមួយ​នំបញ្ចុក បង្គា​ស្រស់​នៅ​ចំកណ្តាល បន្ថែម​ដោយ​ចង្កាក់​មឹក បង្គា ក្ដាម និង​ងាវ​ស្រុស​ស្ទើរ​ឆ្អិន​។

បុកល្ហុង​ផ្ទះ​បុរាណ​មាន​លក់​ដូចជា​បុកល្ហុង​ក្តាមប្រៃ (៥០០០៛) បុកល្ហុង​ខ្យង បុកល្ហុង​ជើងមាន់ បុកល្ហុង​ក្តាមសេះ បុក​ងាវ បុកល្ហុង​ប៉ាតេ បុក​ពោត បុកល្ហុង​បង្គា (៨០០០៛) បុក​ពោត​បង្គា (១២០០០៛) និង​បុកមី (៦០០០៛)​។ សម្រាប់​ឈុត​ធំ​ដែល​ភ្ញៀវ​និយម​កុម្ម៉ង់​ក្នុង ១ ថ្ងៃ​ជាង ១០០ ឈុត មាន​ដូចជា​បុក​ពោត​ឈុត​គ្រឿង​សមុទ្រ បុកល្ហុង​ឈុត​គ្រឿង​សមុទ្រ (៣៥០០០៛) បុកល្ហុង​ក្តាមប្រៃ ឈុត​សាច់​អាំង (២៥០០០៛) និង​បុកល្ហុង​តាំប៉ា (២០០០០៛) ព្រម​ទាំង​មាន​ភេសជ្ជៈ​ជាច្រើន​មុខ​ថែម​ទៀត​ផង​។

បុគ្គលិក​កំពុង​អាំង​សាច់ និង​គ្រឿង​សមុទ្រ​ផ្ទាប់​ជាមួយ​បុកល្ហុង​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នកនាង ឃឹម ស៊ីណា វ័យ ៣២ ឆ្នាំ​មកពី​ក្រុង​ប៉ោយប៉ែត​ជា​ម្ចាស់​ហាង​ផ្ទះ​បុកល្ហុង​បុរាណ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ឲ្យ​ដឹង​ថា​៖ «​កាល​មុន​ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ធ្វើការ​ធម្មតា​ទេ កាល​ហ្នឹង​ខ្ញុំ​ពិតជា​ចង់​រកស៊ី​ណាស់​ ប៉ុន្តែ​លុយ​មិន​គ្រប់​ហើយ​ណា​មួយ​គ្មាន​ពេល​គ្រប់គ្រាន់ រហូត​ដល់​ខ្ញុំ​បាន​រៀបការ​រួច​ក៏​សម្រេច​ចិត្ត​ថា រកស៊ី ក្នុង​ចិត្ត​គឺ​ដឹង​តែ​លក់​បុកល្ហុង​ហើយ ព្រោះ​ថា​ខ្ញុំ​ផ្ទាល់​ចូលចិត្ត​ញ៉ាំ​បុកល្ហុង​ជាងគេ ខ្ញុំ​បើក​ហាង​នេះ​ដោយ​មិន​ធ្លាប់​មាន​បទពិសោធ​ពី​មុន​មក​អ៊ីចឹង​ហើយ​ខ្ញុំ​ក៏​ជួប​រឿង​លំបាក​ច្រើន​ទម្រាំ​មក​ដល់​ថ្ងៃ​នេះ​»​។

ក្រៅពី​ប្រភេទ​បុកល្ហុង ផ្ទះ​បុកល្ហុង​បុរាណ​ក៏​មាន​លក់​ជា​ប្រភេទ​សាច់​អាំង​អំបិលម្ទេស​ស្លាបមាន់ កណ្តាល​ស្លាបមាន់ កង្កែប​ជាដើម បាយឆា ភ្លាគ្រឿង​សមុទ្រ គ្រឿង​សមុទ្រ​អាំង​អំបិលម្ទេស មឹក បង្គា រួមទាំង​មាន​នំ​បញ្ចុក​សម្ល​ខ្មែរ និង​សម្លការី​ផងដែរ​។

អ្នកនាង​បញ្ជាក់​ថា​ក្នុង​ ១ ​ថ្ងៃ​ហាង​បុកល្ហុង​ផ្ទះ​បុរាណ​ទទួល​បាន​ភ្ញៀវ​ចាប់ពី ៤០០ ទៅ ៥០០ នាក់​ចាប់ពី​បើក​ហាង​ម៉ោង ២ រសៀល​ដល់​ម៉ោង ១០ ​យប់​។

ម្ចាស់​ហាង​ដ៏រួសរាយ​រូប​នេះ​ក៏​បាន​ប្រាប់​ពី​បំណង​ថ្ងៃ​ខាង​មុខ​ថា​៖ «​ក្នុង​ក្តីស្រមៃ​របស់​ខ្ញុំ​នៅពេល​ខាង​មុខ​ខ្ញុំ​ចង់​ពង្រីក​ហាង​មួយ​ទៀត​ដែល​មាន​ស្តង់ដា​ជាង​នេះ ដែល​តម្រូវ​ឲ្យ​បុគ្គលិក​ទាំងអស់​ស្លៀកពាក់​បុរាណ​នៅ​សម័យ​លង្វែក និង​រើស​យក​បុគ្គលិក​មាន​រូបសម្បត្តិ​សមរម្យ​ឲ្យ​សម​ជាមួយ​ឈុត​ត្រូវ​ស្លៀក​ដូចគ្នា ប៉ុន្តែ​ទាក់ទង​នឹង​ការចំណាយ​គឺ​ពិតជា​ច្រើន ប៉ុន្តែ​គោល​គំនិត​មួយ​នេះ​ខ្ញុំ​បាន​គិត​យូរហើយ ហើយ​ក៏​មិន​បោះបង់​ដាច់ខាត​»៕

វីដេអូ៖